ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ប្រជុំ​បូក​សរុប​ការ​ងារ ​កង​រាជ​អាវុធ​ហត្ថ​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
419
715 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ប្រជុំ​បូក​សរុប​ការ​ងារ ​កង​រាជ​អាវុធ​ហត្ថ​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​ឆ្នាំ​២០១៩​

     សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​​​ជា​អធិបតី​ភាព​នៅ​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​ការ​ងារ​ កង​រាជ​អាវុធហត្ថ​ឆ្នាំ​២០១៨ ​និង​​ផ្សព្វ​​ផ្សាយ​ទិស​ដៅ​ផែន​ការ​ការ​ងារ​ឆ្នាំ​២០១៩​  នា​រសៀល​ថ្ងៃ​ទី​១៤​ ខែ​មករា ​ឆ្នាំ​២០១៩ ​នៅ​បញ្ជាការ​ដ្ឋាន​​កង​រាជ​អាវុហត្ថ​លើ​ផ្ទៃ​ប្រទេស​។​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ 

     នៅ​ក្នុង​របាយការណ៍​ស្វាគមន៍​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​អះ​អាង​ថា៖​ ក្នុង​ឆ្នាំ​២០១៨​ ​ បរិយាកាស​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​ រក្សា​បាន​ភាព​ស្ងប់​ស្ងាត់​ល្អ​។​ បទ​ល្មើស​​មាន​ការ​ថយ​ចុះ ​ទាំង​បទ​ល្មើស​ឧក្រិដ្ឋ​ និង​បទ​ល្មើស​មជ្ឈិម​ បើ​ប្រៀប​ធៀប​ទៅ​នឹង​​ឆ្នាំ​២០១៧​កន្លង​ទៅ ​ប៉ុន្តែ​សកម្មភាព​តវ៉ា​ផ្សេង​ៗ​មាន​ការ​កើន​ឡើង ​ជា​ពិសេស​ករណី​កូដ្ឋ​កម្ម​ និង​ការ​ប្រមូល​ផ្តុំ​មនុស្ស​។​ ហើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​មាន​ការ​កើន​ឡើង​ដែរ​ ​ក្នុង​នោះ​មាន​​នាយ​ទាហាន​ នាយ​ទាហាន​រង ​កង​រាជ​អាវុធ​ហត្ថ​ បាន​ស្លាប់​ ចំនួន​១១​នាក់​ផង​ដែរ​។​ ឯកឧត្តម​ មេ​បញ្ជាការ​បន្ត​ថា​៖ បើ​ប្រៀប​ធៀប​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨ ​បទ​ល្មើស​កើត​ឡើង ​ចំនួន​៣.៧៧១​លើ​៤.​៦១៧​លើក ​ត្រូវ​បាន​បង្រ្កាប​ចំនួន​២.៥៤៩លើ​២.៧២៧​លើក ​ក្នុង​នោះ​ជន​ល្មើស​ចំនួន​ ៣.៧៨៥​នាក់​ ត្រូវ​បាន​កសាង​​សុំ​ណុំ​រឿង​​បញ្ជូន​ទៅ​​តុលាការ​ ដើម្បី​ផ្ទន្ទា​ទោស​តាម​និតិ​វិធី​ច្បាប់​។​ ទន្ទឹម​នឹង​នេះ ​កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​​អនុវត្ត​​តួនាទី ​និង​ភារកិច្ច​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​  ក្នុង​នោះ​ចូល​រួម​ការ​ពារ​សន្តិសុខ​  រក្សា​សណ្តាប់​​ធ្នាប់​ ជូន​គណៈ​ប្រតិភូ​ជាតិ ​កិច្ច​ប្រជុំ​ធំ ​តូច​ និង​​ព្រះ​រាជ​ពិធី​សម្ពោធ​សមិទ្ធិផល​នា​នា​​ របស់ព្រះ​មហា​ក្សត្រ​ រាជ​រដ្ឋាភិបាល​ និង​ពិធី​បុណ្យ​នា​នា ​ចំនួន​១៣១.៣៨៤​លើក ​ប្រើ​ប្រាស់​កម្លាំង​​ជាង​​១​លាន​នាក់​ រថយន្ត​ជាង​១៤​ម៉ឺន​គ្រឿង ​និង​ទោច​ចក្រ​ក្រយាន​យន្ត​ ជាង​៣១​ម៉ឺន​​គ្រឿង​​ផង​​ដែរ​។​ ក្រៅ​ពី​នោះ​ក៏​នៅ​មាន​សកម្មភាព​សង្រ្គោះ ​ការ​ងារ​សណ្តាប់​ធ្នាប់​ ការ​ងារ​អប់រំ ​ការ​ងារ​​បង្រ្កាប​ ការ​ងារ​សង្គម​កិច្ច​ និង​ការ​ងារ​ជា​ច្រើន​ដល់​សង្គម​។​ ឯកឧត្តម​ សៅ ​សុខា ​បញ្ជាក់​ទៀត​ថា​៖ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​រៀប​ចំ​​ត្រៀម​​កម្លាំង​ទាំង​៤​ទិស​ នៅ​ជុំ​វិញ​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ត្រៀម​បង្ការ​ ទប់​ស្កាត់​ និង​អន្តរាគមន៍​ឱ្យ​បាន​​ទាន់​ពេល​វេលា​ នៅ​ពេល​មាន​សកម្មភាព​ ឬ​ព្រឹត្តិ​ការណ៍​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​​សន្តិ​សុខ​ជាតិ​ និង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ​។​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ

     នៅ​ក្នុង​ឱកាស​នោះ ​ក្នុង​នាម​ប្រមុខ​រាជ​រដ្ឋាភិបាល ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​​កិច្ច​​ខិត​ខំ​​ប្រឹង​ប្រែង​ របស់​នាយ​ នាយ​រង​ និង​ពល​អាវុធ​ហត្ថ​ ដែល​កន្លង​មក​នេះ​​ បាន​​ខិត​ខំ​ប្រឹង​ប្រែង​​បំពេញ​​តួនាទី​ ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ​របស់​ខ្លួន​ នៅ​ក្នុង​ការ​ចូល​រួម​ចំណែក​ថែ​រក្សា​​សុខ​​សន្តិ​ភាព ​និង​សណ្តាប់​ធ្នាប់​សាធារណៈ។​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ចាត់​ទុក​ថា​៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ជា​មន្រ្តី​យុត្តិធម៌ ​ជា​​កម្លាំង​ស្នូល​ ក្នុង​ការ​ការ​ពារ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​ទូ​ទាំង​​ប្រទេស​ ​​ជា​ពិសេស​​កម្លាំង​អន្តរាគមន៍​ដ៏​ទាន់​ពេល​វេលា ​និង​នៅ​ជាប់​លាប់​ជានិច្ច​ ជា​មួយ​​ប្រជាពល​រដ្ឋ​។​ បើ​ទោះ​​​ជា​យ៉ាង​នេះ​ក្តី​ សម្តេច​ពិជ័យ​សេនា ​ស្នើ​ឱ្យ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ទាំង​អស់​ ​បន្ត​ពង្រឹង​​សមត្ថភាព​បន្ថែម​ទៀត ​ដើម្បី​ការ​ពារ​ឧត្តម​ប្រយោជន៍​ប្រជាជន​ និង​ប្រទេស​ជាតិ​ និង​បាន​​ជំរុញ​លើក​ទឹក​ចិត្ត​ ឲ្យ​កង​រាជ​អាវុធ​ហត្ថ​ទាំង​អស់​ បន្ត​បំពេញ​​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​​ល្អ​​​បន្ថែម​ទៀត ​ដោយ​សហការ​ជា​មួយ​​កម្លាំង​​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ ​អនុវត្ត​នូវ​តួនាទី​ភារ​កិច្ច​ដែល​​រាជ​រដ្ឋាភិបាល​ប្រគល់​ឱ្យ ​និង​ការ​ពារ​សុខ​សន្តិភាព​ ស្ថេរភាព​នយោ​បាយ​​នៅ​​កម្ពុជា​ ស្រប​តាម​​អនុសាសន៍​ណែ​នាំ ​និង​យុទ្ធសាស្ត្រ​​ចតុ​កោណ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ