ព័ត៌មាន

ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី ​មាស ​សុភា ​ចុះ​ពិនិត្យ​មើល​សកម្មភាព​បោស​សំអាត​មីន​ និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​របស់​អង្គការ​ MAG ​នៅ​ស្រុក​សំឡូត ​ខេត្ត​បា​ត់​ដំបង​
នាយកដ្ឋានព័ត៌មាន(៣)
424
708 ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី ​មាស ​សុភា ​ចុះ​ពិនិត្យ​មើល​សកម្មភាព​បោស​សំអាត​មីន​ និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​របស់​អង្គការ​ MAG ​នៅ​ស្រុក​សំឡូត ​ខេត្ត​បា​ត់​ដំបង​

    ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​មាស​​ សុភា​​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​លើ​កិច្ចការ​មីន ​យុទ្ទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​និង​ការ​ងារ​វិស្វកម្ម​​កង​យោធពល​ខេមរភូមិន្ទ​​ អម​ដំណើ​ដោយ ​ឯកឧត្តម​ ព្រំ​ សុភមង្គល​ រដ្ឋលេខា​ធិការ​ ទទួល​បន្ទុក​អគ្គលេខា​ធិការ​ អាជ្ញាធរ​មីន​ រួម​និង​មន្ត្រី​ជំនាញ​កំចាត់​មីន​របស់​អង្គការ​ MAG ​និង​មន្ត្រី​ខ.ភ.ម​ជា​ច្រើន​រូប ​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​  សំណេះ​សំណាល​​ និង​ពិនិត្យ​មើល​សកម្មភាព​បោស​សំអាត​មីន ​របស់​កង​កម្លាំង​ប្រតិបត្តិការ​បោស​សំអាត​មីន​ អង្គការ​ MAG ​ដែល​កំពុង​ធ្វើ​សកម្មភាព​បោស​សំអាត​មីន​ យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ក្នុង​ភូមិ​សាស្ត្រ​ ចំណុច​ស្រែ​ត្រាច​ ភូមិ​តា​សាញ់​ខាង​ជើង ​ឃុំ​តា​សាញ់ ​ស្រុក​សំឡូត ​ខេត្ត​បាត់​ដំបង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែ​មករា ​ឆ្នាំ​២០១៩​។ 

     តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​កង​ឯក​ភាព​បោស​សំអាត​មីន​អង្គការ​ MAG ​លោក​ SHATHEL ​FAHS​ ប្រធាន​ប្រតិបត្តិការ​គ្រប់​គ្រង​អ្នក​បច្ចេក​ទេស​ ផ្នែក​ម៉ាស៊ីនថត​ជម្រៅ​ដី​រុក​រក​កំទេច​គ្រាប់​មីន ​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​របស់​អង្គការ ​MAG ​និង​លោក​​ស្រី​ វឿន សុណន់ ប្រធាន​ក្រុម​ប្រតិបត្តិការ​ទី​វាល​ នៃ​អង្គការ​ MAG ​ដែល​កំពុង​ធ្វើ​សកម្មភាព​បោស​សំអាត​មីន​ និង​យុទ្ធ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ក្នុង​ភូមិ​សាស្ត្រ​ព្រំ​ដែន​ក្នុង​ស្រុក​សំឡូត ​ខេត្ត​បាត់​ដំបង​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា៖ ​អង្គការ ​MAG ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩២​ មាន​ការិ​យាល័យ​ធំ​នៅ​ក្នុង​ក្រុង​ភ្នំពេញ ​និង​ការិយាល័យ​រង​ ប្រតិបត្តិការ​បោស​សំអាត​មីន​ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ក្នុង​ខេត្ត​បាត់​ដំបង​, បៃលិន, និង​ខេត្ត​រតន​គីរី​។​ ក្រៅ​ពី​នោះ​អង្កការ​ MAG ​បាន​ធ្វើ​សកម្មភាព​​នេះ​ដូច​គ្នា​ នៅ​ខេត្​តកំពង់​ចាម​, កំពង់​ធំ​, ស្ទឹង​ត្រែង​ និង​ខេត្ត​ក្រ​ចេះ។ ហើយ​បាន​នឹង​កំពង់​ប្រតិបត្តិការ​រុក​រក​គ្រាប់​មីន ​និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​នៅ​ក្នុង​តំបន់​គ្រប់​គ្រង​របស់​អង្គភាព​សកម្មភាព​កំចាត់​មីន​ MAG ​នេះ​ ក្នុង​ខេត្ត​បាត់​ដំបង​, ប៉ៃលិន​, និង​រតន​គីរី​។​ 

     លោក​ប្រធាន​គ្រប់​គ្រង​អង្គការ ​MAG ​ក៍​បាន​បញ្ជាក់​ដែរ​ថា៖ ចាប់​ពី​ឆ្នាំ​១៩៩២ ​រហូត​មក​ដល់​ដើម​ខែ​មករា​  ឆ្នាំ​២០១៩​នេះ ​កង​កម្លាំង​ប្រតិបត្តិការ​បោស​សំអាត​មីន​ MAG ​បាន​ធ្វើ​សកម្មភាព​បោស​សំអាត​ និង​កំទេច​គ្រាប់​​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​២៤៩.០០០​គ្រាប់​ គ្រាប់​មីន​ប្រឆាំង​ថ្មើរ​ជើង ​និង​ប្រឆាំង​រថក្រោះ ​ចំនួន​ ៧៨.០០០​គ្រាប់​ ដោយ​បាន​រំដោះ​ផ្ទៃ​ដី​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជាង​​៧៤​គីឡូ​ម៉ែត្រ​កា​រ៉េ។ ​អ្នក​ជំនាញ​បច្ចេក​ទេស​របស់​អង្គការ​ MAG ​ក៍​បាន​បន្ថែម​ថា៖ ​មាន​ចំការ​មីន​ជា​ច្រើន​ដែល​កម្លាំង​យើង​នឹង​ពិបាក​ក្នុង​ការ​រុក​រក​គ្រាប់​មីន​ដែល​កប់​ក្នុង​ដី​ទាំង​នោះ​ណាស់ តា​ម​រយ:​ការ​បោស​សំអាត​ដោយ​គ្រឿង​ចក្រ​, ដោយ​មនុស្ស, ដោយ​សត្វ​សុណក់​, និង​ប្រើ​ប្រាស់​ម៉ាស៊ីន​ថត​ជម្រៅ​ដី​រុក​រក​មីន​ (ដ្រូន)​។ ​លោក​បន្ថែម​ថា​៖ បច្ចុប្បន្ន​នេះ​អង្គការ ​MAG ​ប្រើ​បច្ចេក​វិទ្យា​ថ្មី​ក្នុង​ការ​បង្ហោះ​ដ្រូន​ថត​ជម្រៅ​ដី​ ដើម្បី​រុក​រក​គ្រាប់​មីន​​ និង​យុទ្ឌភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​នោះ ​មុន​និង​កម្លាំង​មនុស្ស​ចូល​ទៅ​ដោះ ​ដែល​ការ​ប្រើ​បច្ចេក​វិទ្យា​របៀប​នេះ​ យើង​ប្រតិបត្តិការ​បាន​លឿន ​មិន​ចំ​ណាយ​ពេល​យូ ​ដឹង​គោល​ដៅ​ច្បាស់​លាស់​ ពិត​ប្រាកដ​ កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​ច្រើន​។ ​

       ក្នុង​ឱកាស​ចុះ​ពិនិត្យ​​មើល​សកម្មភាព​កំចាត់​មីន​របស់​អង្គការ ​MAG ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​តា​សាញ់ ​ស្រុក​សំឡូត ​ខេត្ត​បាត់​ដំបង​នា​ពេល​នោះ ​នាយ​ឧត្តមសេនីយ៍ ​មាស ​សុភា បា​ន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្មារ​តី នៃ​ការ​លះ​បង់​ខ្ពស់​ របស់​បង​ប្អូន​កង​កម្លាំង​ជំនាញ​ដោះ​មីន ​ដែល​ប្រថុយ​ប្រថាន​លើ​ការ​ងារ​ដែល​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់​ របស់​បង​ប្អូន ​កង​កម្លាំង​បោស​សម្អាត​មីន​របស់​អង្គការ ​MAG ​ដើម្បី​រំដោះ​ដី​ធ្លី​ ជូន​ប្រជា​ពល​រដ្ឋ​យើង​។ ​ឯកឧត្តម ទេស​រដ្ឋមន្រ្តី​ មាស សុភា ​បាន​ក្រើន​រំលឹក​ដល់​បង​ប្អូន​កង​កម្លាំង​ដោះ​មីន​ របស់​អង្គការ​ MAG ​ទាំង​អស់​ ទោះ​ស្ថិត​ក្នុង​កាល:​ទេស:​ណា​ក៍​ដោយ ​ក្នុង​ពេល​ប្រតិបត្តិការ​ការ​ងារ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ជៀស​វាង​គ្រោះ​ថ្នាក់​ដោយ​សារ​ការ​ដោះ​មីន ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​ទ្វេស​ប្រហែស។​ ឯកឧត្តម ទេសរដ្ឋមន្ត្រី​ មាស ​សុភា ​បាន​បញ្ជាក់​ថា៖​ ដោយ​សារ​សង្គ្រាម​ គឺ​បាន​បន្សល់​គ្រាប់​មីន​គ្រប់​ប្រភេទ​នៅ​ក្នុង​ដី ​ជា​ច្រើ​នដែល​បង្ក​ហានិភ័យ​ដល់​អាយុ​ជីវិត​ប្រជាជន​យើង​ ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ទូរ​ទាំង​ប្រទេស​។ ​ជា​មួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​ ទេស​រដ្ឋមន្រ្តី​ មាស សុភា ​ជំនួស​មុខ​ឱ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​ MAG ​ដែល​រហូត​មក​តែង​តែ​បាន​ធ្វើ​សកម្មភាព​ជួយ​បោស​សំអាត​មីន​​ និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​បណ្តា​ខេត្ត​នា​នា​ ដែល​មាន​គ្រាប់​មីន​កប់​ក្នុង​ដី​យ៉ាង​ច្រើន​ ដោយ​សារ​សង្គ្រាម​ ដើម្បី​ជួយ​រំដោះ​ដី​ធ្លី​ជូន​ប្រជាជន​កម្ពុជា ​ព្រម​ទាំង​បាន​ជួយ​អប់រំ​ដល់​ប្រជា​ពល​រដ្ឋ​ ឲ្យ​យល់​អំពី​ភាព​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​ ដែល​នេះគឺ​​ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចម្រើន​ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ