ព័ត៌មាន

កម្ពុជា​នឹង​បញ្ជូន​កម្លាំង​មួក​ខៀវ​កង​វិស្វកម្ម​១៨៤​នាក់​ ទៅកាន់​ប្រទេស​លី​បង់​ ដើម្បី​ប្តូរ​វេន​កម្លាំង​ចាស់​នៅ​ចុង​ខែ​នេះ​
នាយកដ្ឋានព័ត៌មាន(៣)
65
700 កម្ពុជា​នឹង​បញ្ជូន​កម្លាំង​មួក​ខៀវ​កង​វិស្វកម្ម​១៨៤​នាក់​ទៅ​កាន់​ប្រទេស​លី​បង់​ដើម្បី​ប្តូរ​វេន​កម្លាំង​ចាស់​នៅ​ចុង​ខែ​នេះ​

      កម្ពុជា​នឹង​បញ្ជូន​កង​វិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ​៦៩៣ ​ចំនួន​១៨៤​នាក់ ​នៅ​ចុង​ខែ​មករា ​ឆ្នាំ​២០១៩ ​ចេញ​​ទៅ​បំពេញ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ​នៅ​សាធារណៈរដ្ឋ​លី​បង់ ​ដើម្បី​ធ្វើ​ការ​ប្តូរ​វេន​កម្លាំង​ចាស់​ក្នុង​បំណង​ស្វែង​រក​សន្តិភាព​សំរាប់​ប្រទេស​មួយ​នេះ។​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ប៉ុល សារឿន ​ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បញ្ជូន​កង​កម្លាំង​ចេញ​ទៅ​បំពេញ​បេសកកម្ម​អង្គ​ការ​សហប្រជា​ជាតិ

      ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​កង​កម្លាំង​វិស្វកម្ម​នៅ​ថ្ងៃ​ទី​៩ ខែមករា​  នៅ​សា​លា​បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សា​សន្តិ​ភាព​ពហុជាតិ ​នា​ខេត្ត​កំពង់​ស្ពឺ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ប៉ុល សារឿន ​ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បញ្ជូន​កង​កម្លាំង​ចេញ​ទៅ​បំពេញ​បេសកកម្ម​អង្គ​ការ​សហប្រជា​ជាតិ ​បាន​ថ្លែង​ថា​៖ “នេះ​ជា​លើក​ទី​៩​ហើយ​ ដែល​កម្ពុជា​នឹង​បញ្ជូន​កម្លាំង ​ទៅ​កាន់​សាធារណរដ្ឋ​លី​បង់​ ដើម្បី​ស្វែង​រក​សន្តិភាព​ជូន​ប្រទេស​នេះ។​ ​កម្លាំង​មួក​ខៀវ​កម្ពុជា​ចេញ​ទៅ​បំពេញ​បេសកកម្ម​នេះ ​គឺ​បញ្ជូន​ទៅ​ដើម្បី​ប្តូរ​កម្លាំង​ចាស់​ដែល​នឹង​បញ្ចប់​បេសកកម្ម​រយៈ​ពេល​១​ឆ្នាំ ​នៅ​ខែ​មករា​ ​ខាង​មុខ​នេះ​”​។​ ឯកឧត្តម​ថ្លែង​ទៀត​ថា៖ អំឡុង​ពេល​២៦​ឆ្នាំ​មុន ​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ ​ត្រូវ​បាន​បញ្ជូន​មក​កាន់​កម្ពុជា ​ប៉ុន្តែ​ចាប់​ពី​តាំង​ពី​ឆ្នាំ​២០០៦​មក​ដល់​បច្ចុប្បន្ន​ មាន​រយៈ​ពេល​១៣​ឆ្នាំ​ ដែល​កម្ពុជា ​បាន​ក្លាយ​ជា​ប្រទេស​មួយ ​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន ​អោយ​ពាក់​មួក​ខៀវ ​ទៅ​ចូល​រួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ​របស់​អង្គការ​សហប្រជា​ជាតិ​ ដែល​រហូត​មក​ដល់​ពេល​នេះ ​មាន​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ជា​ច្រើន​ពាន់​នាក់​ បាន​ចេញ​បេសកកម្ម​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក។​  ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម​ សុវណ្ណនី ​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ រក្សា​សន្តិភាព ​

      កង​វិស្វកម្ម​ទាំង​១៨៤​នាក់​ត្រូវ​ចេញ​ទៅ​បំពេញ​បេសកកម្ម​នេះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម​ សុវណ្ណនី ​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ រក្សា​សន្តិភាព ​មាន​ប្រសាសន៍​ថា៖ “​ក៏​មាន​អម​ដោយ​កម្លាំង​ដោះ​មីន​ផង​ដែរ ​គឺ​ជា​កម្លាំង​បាន​ទទួល​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ត្រឹម​ត្រូវ​ តាម​ស្តង់​ដារ​របស់​អង្គការ​សហប្រជាជាតិ ​ដែល​កម្លាំង​ទាំង​នោះ​មាន​មក​ពី​ស្ថាប័ន ​ចំណុះ​ផ្ទាល់​ក្រសួង​ការពារ​ជាតិ ​កម្លាំង​ចំណុះ​មជ្ឈមណ្ឌល​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន ​បញ្ជាការ​ដ្ឋាន​ទ័ព​ជើង​ទឹក​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​អាកាស ​បញ្ជាការ​ដ្ឋាន​ជាតិ​ប្រឆាំង​ភេវរកម្ម​ និង​ពី​ស្ថាប័ន​ទ័ព​មួយ​ចំនួន​ទៀត​។​ ឯកឧត្តម ​អគ្គនាយក ​បញ្ជាក់​ថា​៖  កម្លាំង​កំពុង​បំពេញ​បេសកកម្ម​ អង្គការ​សហប្រជាជាតិ ​នៅ​ប្រទេស​លី​បង់​ ​គឺ​មាន​ចំនួន​១៨៤​នាក់ ​ទាំង​កម្លាំង​វិស្វកកម្ម​ និង​កម្លាំង​ដោះមី​ន។​ ការ​ដែល​ប្រតិបត្តិការ​រាល់​ថ្ងៃ​គឺ​ដោះ​មីន ​ដើម្បី​សាង​សង់​ព្រំ​ដែន​សីមា ​រវាង​ប្រទេស​អ៊ី​ស្រា​អែល ​និង​លី​បង់​។​ លោក​ Huber​t Staberhoter​ តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា

     លោក​ Huber​t Staberhoter​ តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​ធ្លាប់​បាន​ថ្លែង​ថា​៖ “កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទាំង​១៨៤​នាក់​ទៅ​កាន់​ប្រទេស​លីប​ង់ ​គឺ​កម្ពុជា​បាន​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​ខ្លួន ​ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព ​របស់​អង្គការ​សហប្រជាជាតិ ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ ​ដ៏​ស្មុគ​ស្មាញ ​និង​ការ​ពារ​ជន​ស៊ីវិល ​ដែល​ជា​ភារកិច្ច​ដ៏​សំខាន់​បំផុត​ និង​ជា​សក្ខីភាព​ជាក់​ស្តែង​ផង​ដែរ​។​ លោក​បាន​បន្ថែម​ថា​៖ ព្រឹតិ្តការណ៍​ប្រមាណ​២៣​ឆ្នាំ​មុន ​កង​រក្សា​សន្តិភាពរ​បស់​អង្គការ​សហប្រជាជាតិ​បញ្ជូន​មក​កាន់​​កម្ពុជា​ តែ​បច្ចុប្បន្នកម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​មួយ​បញ្ជូន​កង​កម្លាំង ​និង​ក្រុម​ជំនាញ​ចូល​រួម​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព ​ក្នុង​នាម​មនុស្ស​ធម៌ ​ទៅ​កាន់​ប្រទេស​ចំនួន​៨​រួច​មក​ហើយ​។​ 

     សូម​បញ្ជាក់​អោយ​ដឹង​ដែរ​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ កម្ពុជា​បាន​បញ្ជូន​កម្លាំង ​ចំនួនស​រុប​ជាង​៥៧៨៣ ​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន​ជាង​២៧៧​នាក់ ​ទៅ​ចូល​រួម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​។​ ដែល​បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​ចំនួន​ជិត​១០០០​នាក់ ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​៥​ រួម​មាន ​ប្រទេស​ស៊ូ​ដង់​ ស៊ូ​ដង់​ខាង​ត្បូង ​អាហ្វ្រិក​កណ្តាល​ លី​បង់​ និង​ម៉ាលី​។​ ហើយ​កម្លាំង​មួក​ខៀវ​ទាំង​អស់​នេះ​ ដែល​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើន​ជាង​គេ​លំដាប់​ទី​២​ នៅ​ក្នុង​តំបន់​អាស៊ាន​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ