ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលប្រតិភូយោធាជាន់ខ្ពស់វៀតណាម
នាយកដ្ឋានព័ត៌មាន(១)
410
683 សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលប្រតិភូយោធាជាន់ខ្ពស់វៀតណាម

ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់គណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀណាម ដែលដឹកនាំដោយឯកឧត្តម​ នាយឧត្តម​សេនីយ៍​ ង៉ូ​   ស៊ុនលិច្ស​ រដ្ឋមន្ត្រីក្រសួងការពារប្រទេស ដើម្បីមកចូលរួមជាកិតិ្តយសក្នុងពិធីសម្ពោធវិមាន​អនុស្សាវរីយ៍នយោបាយ​ ឈ្នះឈ្នះ​និងអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា​ (១៩៩៨-២០១៨)​ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩​  ខែធ្នូ​  ឆ្នាំ២០១៨​ នាពេលខាងមុខ  ត្រូវបានទទួលការ ស្វាគមន៏ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជា មួយនាយទាហានជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀតផងដែរនារសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី  ព្រមទាំងមានពិធីចុះហត្ថលេខាលើអនុស្សារណៈ ស្តីពី ផែនការកិច្ចសហប្រតិបត្តិការ​ឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ​ កម្ពុជា​ វៀតណាម​ផងដែរ​។         សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងដោយក្តីសោមនស្សរីករាយបំផុតចំពោះ ឯ.ឧ រដ្ឋមន្ត្រី ដែល បានឆ្លៀតឱកាសដ៏មមាញឹក ដឹកនាំគណៈប្រតិភូយោធា ជាន់ខ្ពស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋ សង្គមនិយមវៀណាមមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺស្របពេលដែលកម្ពុជាទើបនឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ដោយមានតម្លាភាព និង ត្រឹមត្រូវ ។ ហើយថ្មីៗនេះគណបក្សប្រជាជនកម្ពុជាទើបនឹងបានបញ្ចប់នូវមហាសន្និបាតរបស់ខ្លួនដោយបានកំណត់នូវមាគ៌ាច្បាស់លាស់ក្នុងការដឹកនាំវាសនាប្រទេសជាតិ ។ សម្តេចក៏បានលើកឡើងនូវគុណូបការៈរបស់កងទ័ពប្រជាជនវៀតណាមដែលបានចូលមកបំពេញភារកិច្ចអន្តរជាតិក្នុងការជួយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏និងនាំមកនូវសុខសន្តិភាពដល់សព្វថ្ងៃ។ហើយការដាក់សម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនាពេលខាងមុខនេះក៏ជាការបង្ហាញឲ្យឃើញនូវការផ្សារភ្ជាប់នូវគុណតម្លៃដែលមិនអាចបំភ្លេច បានរបស់កងទ័ពប្រជាជនវៀតណាមដែរ ។ ក្នុងឱកាសនោះផងដែរសម្តេចក៏បានលើកឡើងនូវការរួម ចំណែកដ៍ធំធេងក្នុងការកសាងខ.ភ.ម របស់កងទ័ពប្រជាជនវៀតណាមតាំងពីដើមរៀងរហូតមកដោយមិន ត្រឹមតែជួយជាស្មារតីនឹងសំភារៈប៉ុណ្ណោះទេកងទ័ពប្រជាជនវៀតណាមថែមទាំងជួយបណ្ដុះបណ្ដាល ធនធានមនុស្សឱ្យខ.ភ.មជារៀងរហូតទៀតផង។ ជាក់ស្តែងនៅក្នុងអនុស្សារណៈស្តីពី ផែនការកិច្ចសហ ប្រតិបត្តិការ​ឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសយើងទាំងពីរ​ កម្ពុជា​ វៀតណាម​ ក៏បានបង្ហាញថារដ្ឋាភិបាល និងកងទ័ពប្រជាជនវៀណាម នៅតែបន្តយកចិត្តទុកដាក់ជួយដល់ ខ.ភ.ម ជារៀងរហូត ។                    ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ ង៉ូ​   ស៊ុនលិច្ស​ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង        ការពារជាតិ និងខ.ភ.មទាំងអស់ដែលបាន ទទួលស្វាគមន៍ចំពោះគណៈប្រតិភូ របស់ឯ.ឧក្នុងពេលនេះ។ ឯ.ឧ បានបញ្ជាក់ថា៖ សព្វថ្ងៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងមានការអភិវឌ្ឍន៏គួរឲ្យកត់សម្គាល់ ពិសេសមានស្ថេរភាពនយោបាយ, សង្គមនិងស្ថេរភាពនៃកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ ។ ឯ.ឧ រដ្ឋមន្ត្រីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង ២ គឺត្រូវបានកំណត់នៅក្នុងអនុស្សារណៈជាប្រចាំឆ្នាំ ហើយយើងត្រូវខិតខំអនុវត្តឲ្យបានសំរេចជោគជ័យ ។             ក្នុងខ្លឹមសារអនុស្សារណៈកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩ ដែលរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង ២ បានធ្វើការចុះហត្ថលេខានាពេលនេះរួមមាន ៖                 ជំនួយស្មារតីលើការងារអប់រំចិត្ដសាស្ដ្រឲ្យដល់ខ.ភ.ម , កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើង ទឹកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម, កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែន នៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម,  ផ្លាស់ប្តូរគណៈប្រតិភូកងឯកភាពនិងគណៈប្រតិភូសម្រាកបំប៉នសុខភាព ទំនាក់ទំនងរវាងបណ្តាកងឯកភាព , ទទួលបណ្តុះបណ្តាលនិងហ្វឹកហាត់ឲ្យនាយទាហាន , ជំនួយឧបត្ថម្ភការងាររុករក​វេចខ្ចប់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ឋជនពលីវៀតណាម និង ពិនិត្យនិងព្យាបាលជម្ងឺជូន យោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវទៅសំរាកព្យាបាលនៅមន្ទីរពេទ្យកងទ័ពវៀតណាម  ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ