ព័ត៌មាន

ឯកឧត្តម សៅ សុខា ដឹក​នាំ​ប្រតិភូ​កង​រាជ​អាវុធ​ហត្ថ​ អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សា​ធា​រណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
434
667 ឯកឧត្តម សៅ សុខា ដឹក​នាំ​ប្រតិភូ​កង​រាជ​អាវុធ​ហត្ថ​ អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សា​ធា​រណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម​

     កាល​ពី​ថ្ងៃ​ទី១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​ សៅ សុខា ​អគ្គ​មេ​បញ្ជាការ​​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​​ដឹក​នាំ​ប្រតិភូ​​កង​រាជ​អាវុធ​ហត្ថ​ អញ្ជើញ​ទៅ​ទស្សនកិច្ច​ នៅ​ទី​ក្រុង​ហូ​ជី​មិញ​​ នៃ​សាធារណៈ​រដ្ឋ​សង្គម​​និយម​វៀត​ណាម​ ដើម្បី​​​ចូល​រួម​ប្រជុំ​ស្តី​ពី​​ការ​ងារ​​សហ​ប្រតិបត្តិការ​ រវាង​​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ក្រសួង​​ការ​ពារ​ប្រទេស​វៀត​ណាម​ ​​ជា​​មួយ​បញ្ជាកា​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​​។ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​​ ហ័ង សួន​ចៀន​ មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន

     នៅ​ក្នុង​កិច្ច​ប្រជុំ​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​​ ហ័ង សួន​ចៀន​ មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន ​បាន​​សម្ដែង​ការ​ស្វាគមន៏​យ៉ាង​កក់​ក្ដៅ ​ក្នុង​កិច្ច​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ ឯកឧត្តម សៅ សុខា ​មេ​បញ្ជាការ​​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​បាន​លើក​ឡើង​ពី​កិច្ច​ការ​ពារ​បង្គោល​ព្រំ​ដែន​ ដែល​រដ្ឋាភិបាល​ប្រ​ទេស​​ទាំង​ពីរ​ កម្ពុជា-វៀតណាម បាន​ព្រម​ព្រាង​គ្នា​រួច​ហើយ​ និង​បាន​លើក​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិការ​ និង​រឹត​ចំណង​សាមគ្គីភាព​ មិត្ត​ភាព​ កម្ពុជា-វៀតណាម រវាង​កង​យោធពល​ខេមរភូមិន្ទ​ ព្រម​ទាំង​កង​រាជ​អាវុធហត្ថ​កម្ពុជា​ និង​ជា​មួយ​បញ្ជា​​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ ឱ្យ​កាន់​តែ​រឹង​មាំ​ស្ថិត​ស្ថេរ​គង់​វង្ស​បន្ថែម​ទៀត​។​ ហើយ ឯកឧត្តម​ ក៏​បាន​សំណូម​ពរ​ដល់​ភាគី​មិត្ត​កម្ពុជា​ ជួយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ព័ត៏​មាន​ រវាង​គ្នា​និង​គ្នា​ លើ​បញ្ហា​សន្តិសុខ​របស់​ប្រទេស​ជាតិ​យើង​ទាំង​ពីរ​។​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​ សៅ សុខា ​អគ្គ​មេ​បញ្ជាការ​​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​

     ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម​ សៅ សុខា​ បាន​មាន​ប្រសាសន៏​លើក​ឡើង​ពី​​ការ​ទំនាក់​ទំនង​នៅ​សាមគ្គីភាព​យ៉ាង​​ជិត​ស្និត​ រវាង​កង​រាជ​អាវុធ​ហត្ថ​ និង​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ដែល​មាន​ចំណង​សាមគ្គី​ដ៏​ល្អ​មិន​អាច​បំបែក​បំបាក់​បាន​ មិន​តែ​ប៉ុណ្ណោះ​ប្រទេស​យើង​ទាំង​ពីរ​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ផង​ដែរ​។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ក៏​បាន​សំណូម​ពរ​​ដល់​ភាគី​បញ្ជាការ​ដ្ឋាន​កង​ទ័ព​​ការ​ពារ​ព្រំដែន​​វៀត​ណាម​ ​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដល់​កង​រាជ​អាវុធហត្ថ​ ដែល​កំពុង​សិក្សា​ជំនាញ​ និង​អ្នក​ដែល​ជា​ប្រភព​បន្ត​វេន​ សំដៅ​បង្កើន​ប្រសិទ្ឋិ​ភាព​ក្នុង​ការ​ងារ​ ការ​ពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​។ ជា​ពិសេស​សំណូម​ពរ​ដល់​ភាគី​មិត្ត​វៀត​ណាម​ ចំពោះ​ការ​ងារ​សហប្រតិបត្តិការ ​សហការ​ជា​មួយ​គ្នា​ប្រឆាំង​បទ​ល្មើស​ភេវកម្ម​ និង​បង្ក្រាប​​បទ​ល្មើស​ឧក្រិដ្ឋ​ជនឆ្លង​ដែន,​ បទ​ល្មើស​ឧក្រិដ្ឋ​ជន​មាន​អង្គការ​ចាត់​តាំង​, បទ​ល្មើស​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ជា​ដើម​។ 

    ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ ហ័ង សួន​ចៀន​ បាន​កោត​សរសើរ​ដល់​កង​រាជ​អាវុធហត្ថ​កម្ពុជា​ ដែល​បាន​យល់​ច្បាស់​ពី​តួនាទី​ភារកិច្ច​របស់​កង​រាជ​​អាវុធ​ហត្ថ​ ជា​កម្លាំង​ស្នូល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​ភារកិច្ច​ឱ្យ​ ហើយ​​បាន​សម្រេច​នូវ​ភារ​កិច្ច​ដ៏​ត្រចះ​ត្រចង់​ក្នុង​ការ​ថែ​​រក្សា​សន្តិភាព​ សន្តិសុខ​សណ្តាប់​ធ្នាប់​ ធ្វើ​ឱ្យ​មាន​ស្ថេរភាព​នយោ​បាយ​នៅ​កម្ពុជា​ បាន​ល្អ​ប្រសើរ​។​ ដោយ​ឡែក​ការ​សហប្រតិបត្តិការ​រវាង​កង​យោធពល​ខេមរភូមិន្ទ​ ជា​ពិសេស​ជា​មួយ​កង​រាជ​អាវុធហត្ថ​ និង​បញ្ជាកា​រ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​សហការ​គ្នា​លើ​គ្រប់​វិស័យ​ដែល​ភាគី​ទាំង​ពីរ​តែង​តែ​ធ្វើ​ជា​មួយ​គ្នា​។ ឧត្តមសេនីយ៍​ទោ​បាន​បញ្ជាក់​ទៀត​ថា៖​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ នឹង​បន្ត​ជួយ​បំពេញ​បន្ថែម​ចំណេះ​ដឹង​ ដល់​កង​រាជ​អាវុធ​ហត្ថ​រួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​សន្តិសុខ​ ស្ថេរភាព​​នយោបាយ​នៅ​កម្ពុជា​។ ហើយ​ឯកឧត្តម​ ក៏​បាន​ទទួល​យក​សំណូម​ពរ​របស់​​ នាយ​ឧត្តមសេនីយ៏​ ​សៅ សុខា មេ​បញ្ជាការ​​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទៅ​ជូន​ដល់​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ដល់​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ!​ ឯកឧត្តម​ ​សៅ សុខា និង ឯកឧត្តម​  ហ័ង សួន​ចៀន​ ​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន​វៀត​ណាម​ ក៏​បាន​ចុះ​ហត្ថ​លេខា​លើ​កំណត់​ហេតុ​អនុស្សរណៈ​យោគ​យល់​ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ ជា​មួយ​បញ្ជាការ​ដ្ឋាន​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ សម្រាប់​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ ចាប់​ផ្ដើម​អនុវត្តន៍​ខ្លឹម​សារ​ពិធី​សារ​នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ