ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ទូត​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
411
653 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ទូត​ឡាវ​

     ឯកឧត្តម​ Amphay ​KINDAVONG ​ឯកអគ្គរដ្ឋ​ទូត ​នៃ​​សាធារដ្ឋ​​ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​ថ្មី​ ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៅ​វិមាន​មិត្តភាព​ ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ នា​រសៀលថ្ងៃអង្គារ៍​​ ៤កើត​ ​​ខែ​​មិគសិរ ​ឆ្នាំ​ច​​​ សំរឹទ្ធិ​ស័ក ​​ព.ស​​​២៥៦២​ ត្រូវ​នឹង​ទី១១​ ខែធ្នូ​ ​​ឆ្នាំ២០១៨​ ។ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និងឯកឧត្តម​ Amphay ​KINDAVONG ​ឯកអគ្គរដ្ឋ​ទូត ​នៃ​​សាធារដ្ឋ​​ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​ថ្មី​ ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា

     ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ ឯកឧត្តម​ Amphay​ KINDAVONG ​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​​ខ្ពស់​​ចំពោះ​ការ​​វិវត្តន៍​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ​ពិសេស​ការ​ផ្សា​ភ្ជាប់​និង​ការ​រឹត​ចំណង​មិត្តភាព ​សាមគ្គី​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​ទាំង​ពីរ​ ឡាវ​​ និង​​កម្ពុជា​។​ ឯកឧត្តម ​ឯកអគ្គរដ្ឋ​ទូត ​បាន​ស្នើ​សុំ​ដល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បន្ត​ជួយ​សហការ​ ​និង​​សម្រប​សម្រួល​ដល់​ស្ថាន​ឯក​អគ្គរដ្ឋ​ទូត​ឡាវ ​និង​អនុព័ន្ធ​យោធា​ឡាវ​ ប្រចាំ​នៅ​កម្ពុជា​។​ 

     សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ជាក់​ថា៖ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​និង​ខ.ភ.ម ​បាន​​ត្រៀម​ខ្លួន​ស្រេច​ក្នុង​ការ​បន្ត​ជួយ​សហការ​ និង​សម្រប​សម្រួល​ដល់​ការ​ងារ​ស្ថាន​ឯក​អគ្គរដ្ឋ​ទូត​ឡាវ​ និង​អនុព័ន្ធ​យោធា​ឡាវ​ប្រចាំ​នៅ​កម្ពុជា​។​ សម្តេច​បាន​លើក​ឡើង​ថា​៖ ​នៅ​ចុង​ខែ​ធ្នូ​នេះ​ដែរ​ ​នឹង​មាន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​បី​ កម្ពុជា​, វៀតណាម និង​ឡាវ​ នៅ​រាជធានី​ភ្នំពេញ ​ហើយ​យើង​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ និង​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​គ្នា​ដោយ​សន្តិវិធី ​ដើម្បី​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​របស់​ប្រជាជាតិ​ទាំង​បី។​ សម្តេច​​ពិជ័យ​​សេនា ​​ទៀ បាញ់ ​បាន​អញ្ជើញ​ឯកឧត្តម​ ឯក​អគ្គរដ្ឋ​ទូត​ឡាវ ​និង​អនុព័ន្ធ​យោធា​ឡាវ ​ចូល​រួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​​២០​ឆ្នាំ​ នៃ​នយោបាយ​ឈ្នះ!ឈ្នះ! ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​ដែល​បាន​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ នា​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ខាង​មុខ​នេះ​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ