ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ចុះ​ត្រួត​ពិនិត្យ​ការ​ប្រុង​ប្រៀប​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
411
647 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ចុះ​ត្រួត​ពិនិត្យ​ការ​ប្រុង​ប្រៀប​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​

     កាល​​ពី​​ថ្ងៃ​​អាទិត្យ​​ ២​កើត ​ខែ​មិគសិរ ​ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​អម​ដំណើរ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ នាង ផាត, ​ឯកឧត្តម នាយ​ឧមសេនីយ៍ ​អ៊ី ឈាន ​រដ្ឋលេខា​ធិការ ​ក្រសួង​ការពារ​ជាតិ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចំរុះ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​  ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ លើ​ផ្ទៃ​ប្រទេស​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ដ្ឋាន ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ ដើម្បី​ពិនិត្យ​ការ​ងារ​ប្រុង​ប្រៀប​ ត្រៀម​រៀប​ចំ​​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ និង​អបអរ​សាទរ​ខួប​លើក​ទី​២០ ​ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ខាង​មុខ​ រួម​ទាំង​​ការ​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី ​បី​យប់​ បី​ថ្ងៃ​​ នៅ​វិមានឈ្នះ-ឈ្នះ ផង​ដែរ​ ​។ 

     ការ​ចុះ​ពិនិត្យ​ការ​ងារ​ប្រុង​ប្រៀប​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​នា​ពេល​នោះ ​ក្រៅ​ពី​បាន​ពិនិត្យ​មើល​ សោភ័ណ​ភាព​ទូ​ទៅ​ជុំ​វិញ ​វិមាន​ឈ្នះ-ឈ្នះ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​អញ្ជើញ​ចូល​ពិនិត្យ​មើល​ការ​រៀប​ចំ​សារ​មន្ទីរ​ ក្នុង​វិមាន​ឈ្នះ-ឈ្នះ ​ដែល​ក្នុង​ពេល​នោះ ​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ណឹម សុវត្ថិ ​អគ្គនាយក ​អគ្គ​នាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ ​បាន​​រាយ​​ការណ៍​​ជូន ​​អំពី​​លទ្ធផល​​ការ​​ងារ​​ នៃ​​ដំណើរ​​ការ​​រៀប​​​ចំ​​សារ​​មន្ទីរ​​ក្នុង​វិមាន​ឈ្នះ-ឈ្នះ ដែល​សារ​មន្ទីរ​នេះ​បាន​ធ្វើ​ ដោយ​បាន​បង្ហាញ​រូប​ភាព​ក្នុង​សារ​មន្ទីរ​ចាប់​ផ្តើម​ពី​ទិវា​ចង​ចាំ ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត ​ថ្ងៃទី២០ ​ខែមិថុនា ​ឆ្នាំ​១៩៧៧ ​ដែល​នៅ​ក្នុង​ផ្នែក​នេះ​មាន​គូរ ​រូប​ភាព ​ទី​តាំង​ភូមិ​សាស្ត្រ ភូមិ​កោះ​ថ្ម​ និង​គំនូរ​រូប​ភាព​ស្តី​ពី​សកម្មភាព​របស់​ សម្ដេច​តេជោ និ​ង​យុទ្ធមិត្ត៤​រូប​ធ្វើ​ដំណើរ​ឆ្លង​កាត់ព្រំ​ដែន​ក្នុង​ពេល​រាត្រី​។ 

     សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​បាន​អញ្ជើញ​ទស្សនា​តាម​ផ្នែក​នីមួយៗ ​ដូច​ជា​ការ​រៀប​ចំ​ពិ​ព័រណ៍​សារ​មន្ទីរ​ របស់​យោធភូមិ​ភាគ​ទី៣ ​ការ​រៀប​ចំ​ពិព័រណ៍ ​របស់​យោធភូមិ​ភាគ​ទី៥ ​និង​កា​រ​រៀប​ចំ​ពិព័រណ៍​សារមន្ទី​ររបស់​យោធ​ភូមិ​ភាគ​ទី៤​ ព្រម​ទាំង​បាន​ពិនិត្យ​មើល​ខ្លឹម​សារ​សិលា​ចា​រឹក​ ដែល​បាន​ដាក់​នៅ​ក្នុង​វិមានឈ្នះ-ឈ្នះ ផង​ដែរ​។ សម្តេច​ក៏​បាន​ពិនិត្យ​មើល​រាល់​សកម្មភាព​ផ្នែក​ផ្សេង​ៗ​ទៀត ​នៅ​ក្នុង​សារមន្ទីរ​ ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមា​ញឹក ​ដើម្បី​ត្រៀម​រៀប​ចំ​ពិធី​សម្ភោធ​វិមាន​ឈ្នះ-ឈ្នះ និង​ការ​ប្រារព្ធ​ខួប២០ឆ្នាំ​ នៃ​ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! នៅ​​ថ្ងៃទី២៩ ខែ​ធ្នូ ​ខាង​មុខ​អោយ​បាន​ទាន់​ពេល​វេលា។ ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​រៀប​ចំ​សារមន្ទីរ​ និង​ការ​រៀប​ចំសោ​ភ័ណ​ភាព​ទូទៅ ​គ្រប់​ផ្នែក​នៅ​វិមាន​ឈ្នះ-ឈ្នះនា​ពេល​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បា​ន​មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ ​សមាជិក​ក្រុម​ការ​ងារ​ត្រៀម​រៀប​ចំពិ​ធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ទាំង​អស់​ ដោយ​បាន​រំលឹក​ឡើង​វិញ​ ពី​ដំណើរ​ការ​អនុវត្តន៍​នយោបាយ​ឈ្នះ!ឈ្នះ! ដែល​រូប​សម្ដេច​ផ្ទាល់​បាន​ចុះ​ធ្វើ​សមាហរណកម្ម​នៅ​តំបន់​ខ្មែរក្រហម ដូច​ជា​តំបន់​សំឡូត ​ប៉ៃលិន ​មេឡៃ ​កាល​ពី​ឆ្នាំ​១៩៩៦។ សូម​បញ្ជាក់​ថា៖​ សំណង់​វិមាន​ឈ្នះ-ឈ្នះ​ដែល​បាន​សាង​សង់​ និង​ត្រៀម​ប្រារព្ធ​ពិធី​សម្ពោធ​នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ ​បាន​សាង​សង់​ដោយ​បាន​ដក​ស្រង់​ចេញ​ពី​គោល​នយោបាយ​ឈ្នះ!ឈ្នះ! របស់​សម្ដេច​តេជោ ហ៊ុន សែន​ ដែល​បាន​ដាក់​ចេញ​ធ្វើ​ ឲ្យ​រលំ​រលាយ ​នូវ​អង្គការ​ចាត់​តាំង ​នយោបាយ​ និង​យោធា​របស់​ខ្មែរ​ក្រហម​ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព​ចាប់​ពី​ឆ្នាំ​១៩៩៨​មក ​ដែល​គិត​មក​ដល់​ពេល​នេះ ​មាន​រយៈ​ពេល​២០​ឆ្នាំ​ហើយ ​ហើយ​សំណង់​​វិមាន​ឈ្នះ-ឈ្នះនេះ​ គឺ​ជា​និមិត្ត​រូប​នៃ ​សន្តិភាព​សម្រាប់​ព្រះ​រាជាណាចក្រ​កម្ពុជា ​ជា​សំណង់​ប្រវត្តិ​សាស្រ្ត​ រយ​ឆ្នាំ​ សំរាប់​សាធារណ​ជន​ទូទៅ​សិក្សា​រៀន​សូត្រ​អំពី​តំលៃ​សន្តិភាព​នៅ​កម្ពុជា ​ដែល​​ពុំ​​ធ្លាប់​មាន​ពី​មុន​មក​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ