ព័ត៌មាន

អ.ស.ប​ បន្ត​ជួយ​ហ្វឹក​ហ្វឺន​ជំនាញ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ដល់​គ្រូ​បង្គោល​មួក​ខៀវ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
405
646 ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី ​អនុ​ប្រធាន​ទី២ ​អាជ្ញាធរ​មីន​កម្ពុជា​ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌ​លជាតិ​រក្សា​សន្តិភាព និង លោក​អែន​ ឌ្រូ​ ស្តេត​មែន​ (Andrew Stedman) ​តំណាង​មន្ត្រី​ UNMAS

   ​មន្ត្រី​ អ៊ុន ​ម៉ាស់ ​( UNMAS) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​ជំនាញ​វិស័យ​សកម្មភាព​គ្រឿង​ផ្ទុះ​របស់​អ.ស.ប​  បាន​សំដែង​នូវ​ឆន្ទៈ​ក្នុង​ការ​បន្ត​ជួយ​ហ្វឹក​ហ្វឺន​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ ក្នុងភារៈ​ជា​គ្រូ​បង្គោល​លើ​វិស័យ​ជំនាញ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​បន្ទាប់​ពី​វគ្គ​ហ្វឹក​ហ្វឺន​រយៈ​ពេល​ប្រាំ​បី​សប្តាហ៍​ត្រូវ​បាន​បញ្ចប់ ​និង​ដោយ​បាន​ប្រារព្វ​ពិធី​បិទ​វគ្គ​នា​ព្រឹក​ថ្ងៃ​ទី៧​ ខែ​ធ្នូ ​ឆ្នាំ២០១៨ ​នៅ​ឯ​សាលា​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុជាតិ​ ស្ថិត​នៅ​ភូមិ​ទួល ​ឃុំ​មហា​សាំង ​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​។

    លោក​អែន​ ឌ្រូ​ ស្តេត​មែន​ (Andrew Stedman) ​តំណាង​មន្ត្រី​ UNMAS​ បាន​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ទ្រឹស្តី​នៃ​ការ​បង្រៀន​ និង​ហ្វឹ​ក​ហ្វឺន​គ្រូ​បង្គោល​សម្រាប់​កិច្ច​ប្រតិបត្តិការ ​បេសកកម្ម​របស់​អ.ស.ប ​ខាង​លើ​នេះ​ដោយ​បញ្ជាក់​ថា៖ នេះ​ជា​វត្ត​មាន​លើក​ទី២ ​បន្ទាប់​ពី​ការ​អញ្ជើញ​មក​កម្ពុជា​នា​ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្នុង​បេសកកម្ម​រៀប​ចំ​គម្រោង​ផែន​ការ​ និង​ហ្វឹក​ហ្វឺន​ឲ្យ​ដល់​សិក្ខា​កាម​កង​យោធា​កម្ពុជា​លើ​ជំនាញ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ដល់​ពួក​គេ ​យក​ចំណេះ​ដឹង​លើ​វិស័យ​នេះ​បង្រៀន​បន្ត​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ទាំង​ឡាយ​មុន​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​បេសកកម្ម​រក្សា​សន្តិភាព​ របស់អ.ស.ប​ ។ឯ.ឧ​ ឧត្តម​សេនីយ៍ឯក​ ហួត ​គឹមសាន្ត ​អគ្គនាយក​រង​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​និង​ជា​នាយក​សាលា​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុជាតិ​ 

    ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក​ ហួត ​គឹមសាន្ត ​អគ្គនាយក​រង​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​និង​ជា​នាយក​សាលា​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុជាតិ​ បាន​ថ្លែង​បញ្ជាក់​ថា៖ សកម្មភាព​ហ្វឹក​ហ្វឺន​ជំនាញ​ EOD​  និង​ IED ​ដល់​​គ្រូ​បង្គោល​កម្ពុជា​ដែល​នឹង​ត្រូវ​ចេញ​ទៅ​បំពេញ​បេសកកម្ម​របស់​អ.ស.ប ​បាន​ដំណើរ​ការ​រយៈ​ពេល​ប្រាំ​បី​សប្តាហ៍​ចាប់​ពី​ថ្ងៃ​ទី​១៦​ ខែ​តុលា ​ដល់​ថ្ងៃ​ទី៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨។ វគ្គ​នេះ​ត្រូវ​បាន​បង្ហាត់​បង្រៀន​ដោយ​មន្ត្រី​ UNMAS​ និង​ក្រុម​គ្រូ​TDI​ មក​ពី​តំបន់​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី​ ដោយ​មាន​សិក្ខា​កាម​កម្ពុជា​ចំនួន​១២​រូប​។ 

     ថ្លែង​ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​ និង​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន ​និង​ក្នុង​នាម​ផ្ទាល់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី ​អនុ​ប្រធាន​ទី២ ​អាជ្ញាធរ​មីន​កម្ពុជា​ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌ​លជាតិ​រក្សា​សន្តិភាព ​បាន​សំដែង​នូវ​ក្តី​មោទនភាព​ចំពោះ​វត្ត​មាន​របស់​មន្ត្រី​ UNMAS ​និង​ក្រុម​គ្រូ​TDI​ សរុប​ចំនួន​ប្រាំ​រូប ​ដែល​បាន​បន្ត​ជួយ​ជ្រោម​ជ្រែ​ងបណ្តុះ​បណ្តាល​សមត្ថភាព​ឲ្យ​ដល់​កង​យោធពល​ខេមរភូមិន្ទ​  ពិសេស​គ្រូ​បង្គោល​កម្ពុជា​ លើ​ជំនាញ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​ឲ្យ​បង្កើន​ការ​យល់​ដឹង ​ក្នុង​ការ​ចែក​រំលែក​មេ​រៀន​លើ​ផ្នែក​នេះ​ ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ មុន​នឹង​ធ្វើ​ការ​ចល័ត​ទៅ​កាន់​តំបន់​​បេសកកម្ម​ នៅ​សា​ធា​រណរដ្ឋ​ម៉ា​លី ​ជា​បេសកកម្ម​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ​បង្អស់​។ ​ឆ្លង​កាត់​វគ្គ​ខាង​លើ​នេះ ​កង​យោធា​មួក​ខៀវ​កម្ពុជា ​មាន​ទេព​កោសល្យ​ក្នុង​ការ​បង្រៀន ​ដល់​ទ័ព​មួក​ខៀវ​ជំនាន់​ក្រោយ​ ឲ្យ​មាន​ការ​យល់​ដឹង​លើ​មេ​រៀន​សំខាន់ៗ ​ដែល​បាន​ដក​ស្រង់​ផ្ទាល់​ពី​តំបន់​បេសកកម្ម ​ពិសេស​ឲ្យ​យល់​ដឹង​ពី​សណ្ឋាន​ និង​ប្រភេទ​គ្រាប់​មីន​ យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​និង​ឧបករណ៍​គ្រឿង​កែ​ច្នៃ ​បង្ក​ឡើង​ដោយ​ក្រុម​ប្រដាប់​អាវុធ ​និង​ក្រុម​ភេរវករ​នា​នា​ ដើម្បី​រា​រាំង​ដល់​ប្រតិបត្តិការស​ន្តិភាព​អ.ស.ប ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការណ៍​ជាក់​ស្តែង​ក្នុង​តំបន់​បេ​សកកម្ម​ឲ្យ​កាន់​តែ​មាន​ប្រិទ្ធភាព​ និង​បញ្ចៀស​ហានិភ័យ​ឲ្យ​បាន​ជា​អតិបរមា​ ដែល​អាច​កើត​មាន​ឡើង​ជា​យថា​ហេតុ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ