នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីអំពីទស្សនទាន នៃការសាងសង់វិមានឈ្នះ-ឈ្នះ និងការត្រៀមលក្ខណៈសម្ពោធ វិមានឈ្នះ-ឈ្នះ និងប្រារព្ធខួប២០ឆ្នាំ ទិវានយោបាយឈ្នះ!ឈ្នះ! នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ
ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ថា៖ ការសាងសង់វិមានឈ្នះ-ឈ្នះ ដែលបានលេចចេញជារូបរាងនាពេលនេះ គឺឈរលើមូលដ្ឋានធំមួយ ដោយផ្អែកលើនយោបាយឈ្នះ-ឈ្នះ ដែលមានធាតុ៣យ៉ាង គឺទី១៖ ការធានារូបកាយ និងអាយុជីវិត ទី២៖ ការធានាអាជីព និងទី៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ គឺជាការធានាសុវត្ថិភាពខាងផ្នែកកម្មសិទ្ធិ ដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើ។ ឯកឧត្តម បានបន្តថា៖ សម្រាប់ភាពជោគជ័យនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវ យុទ្ធសាស្រ្ត DIFID «ឌីហ្វីដ» ដែលរួមមាន៖ បំបែក, ឯកោ, បញ្ចប់, ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីបង្រួបបង្រួមជាតិកម្ពុជា បញ្ចប់សង្គ្រាមស៊ីវិល។ ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់បន្ថែមទៀតថា៖ ជោគជ័យ នៃនយោបាយឈ្នះ!ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ ចាប់ពីចុងឆ្នាំ១៩៩៨មក ហើយភស្តុតាងនៃនយោបាយឈ្នះ!ឈ្នះ! ត្រូវបានចារឹកទុក បិទភ្ជាប់នៅវិមានឈ្នះ-ឈ្នះ សំរាប់ការសិក្សាមនុស្សជំនាន់ក្រោយ ហើយវានឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ទន្ទឹមនឹងនេះដែរឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់បន្ថែមថា៖ សំណង់វិមានឈ្នះ-ឈ្នះ នឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ការអភិវឌ្ឍគំនិតផ្សេងៗ ដោយឈរលើមូលដ្ឋាននៃនយោបាយឈ្នះ!ឈ្នះ!របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបង្រួបបង្រួមជាតិឱ្យមានសុខសន្តិភាពក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ៕