ព័ត៌មាន

កិច្ច​ប្រជុំ​ពិភាក្សា​ត្រៀម​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ និង​អបអរ​ខួប​លើក​ទី​២០​ ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​
នាយកដ្ឋានព័ត៌មាន(៣)
30
643 កិច្ច​ប្រជុំ​ពិភាក្សា​ត្រៀម​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ និង​អបអរ​ខួប​លើក​ទី​២០​ ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្

     នៅ​​ព្រឹក​ថ្ងៃ​ពុធ ១៣រោច ខៃ​កត្តិក​ ឆ្នាំ​ច​ ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ ឆ្នាំ២០១៨​ នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ​ ដើម្បី​ត្រៀម​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ និង​អបអរ​សាទរ​ខួប​លើក​ទី​២០ ​ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! ដែល​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ផាត ​រដ្ឋមន្ត្រី​ស្តី​ទី ​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ ឯកឧត្តម ​នាយ​ទាហាន​ជាន់​ខ្ពស់​កង​យោធពល​ខេមរៈ​ភូមិន្ទ​ ដែល​ជា​សមា​ជិក​អនុ​គណៈកម្មការ​ត្រៀម​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ជា​ច្រើន​ទៀត។ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ផាត ​រដ្ឋមន្ត្រី​ស្តី​ទី ​ក្រសួង​ការ​ពារ​ជាតិ

     ថ្លែង​បើក​កិច្ច​ប្រជុំ​នា​ឱកាស​នោះ ​ឯកឧត្តម​ នាង ផាត ​បាន​សំដែង​ការ​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​គ្រប់​ផ្នែក​ ស្ថាបន័​ក្រសួង​នា​នា ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ចូល​រួម​រៀប​ចំ​ពិធី​​សម្ពោធ​វិមាន​​ឈ្នះ-ឈ្នះ​ និង​ ​អបអរ​ខួប​លើក​ទី​២០ ​ទិវា​នយោ​បាយ​ឈ្នះ! ឈ្នះ! នា​ពេល​កន្លង​មក​។ ​ឯកឧត្តម​ នាង ​ផាត​ បាន​មាន​ប្រសាសន៍​ថា​៖​ កិច្ច​ប្រជុំ​នា​ពេល​នេះ​ គឺ​ក្នុង​គោ​បំណង​ជជែក​ពិភាក្សា​លើ​ផែន​ការ​រួម ​និង​ត្រួត​ពិនិត្យ​នូវ​រាល់​ការ​ងារ​ទាំង​ឡាយ​ណា​ដែល​មាន​ការ​ខ្វះ​ខាត​ ដើម្បី​ត្រៀម​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ ដែល​គិត​មក​ដល់​ពេល​នេះ​ គឺ​នៅ​សល់​តែ​រយៈ​ពេល​២៣​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ នឹង​ដល់​ថ្ងៃ​ពិធី​សម្ពោធ​វិមានឈ្នះ-ឈ្នះ​។ 

     នៅ​ក្នុង​ឱកាស​នោះ​កិច្ច​ប្រជុំ​ក៏​បាន​តាម​ដាន​ស្តាប់​របាយការណ៍​ពី​អនុគណៈកម្មការ​នា​នា​​ ដែល​ក្នុង​​នោះ​រួម​មាន​៖​ ពង្រាងកម្ម​វិធី​លម្អិត​សម្រាប់​កម្ម​វិធី​សម្ភោធ​វិមាន​ឈ្នះ-ឈ្នះ ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ ​មាន​រយៈ​ពេល​បី​យប់​ បី​ថ្ងៃ​ នៅ​វិមាន​ឈ្នះ-ឈ្នះ ដែល​តាម​រយៈ​កម្ម​វិធី​ពង្រៀង​នោះ​​ រួម​មាន​នៅ​ថ្ងៃ​ទី​មួយ ​មាន​ការ​រៀប​ចំ​ពិធី​ប្រកួត​កីឡា​ប្រណាំង​កង់ ​ចម្ងាយ​២៥​គីឡូ​ម៉ែត្រ​ ដែល​ចេញ​ដំណើ​ពី​វិមានឈ្នះ-ឈ្នះ នឹង​បញ្ចប់​នៅ​វិមានឈ្នះ-ឈ្នះ​។ ការ​ប្រកួត​ក្បាច់​គុន​ខ្មែរ​ពិភព​លោក ​និង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ​នៅ​ក្នុង​ពហុកីឡាដ្ឋាន​មរតក​តេជោ ​ហើយ​នៅ​ពេល​រសៀល ​នឹង​រៀប​ចំ​ពិធី​ក្រុង​ពាលី​ក្នុង​បរិវេណ​នេះ​ផង​ដែរ​។​ នៅ​ថ្ងៃ​ទី២​ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​សម្ភោធ ត្រូវ​នឹង​ថ្ងៃទី២៩ ​ខែធ្នូ ឆ្នាំ​២០១៨ ​កម្ម​វិធី​គ្រោង​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង៧:០០ ក្រោម​អធិបតីភាព​ សម្ដេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន និង​សម្តេច​កិត្តិ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន​សែន​ ដោយ​មាន​ការ​ចូល​រួម​ពី​ ឯកឧត្តម​ លោក​ជំទាវ​ជា​ឥស្សរជន​នា​នា ​អ្នក​ការ​ទូត​ ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ ​ដែល​នៅ​លើ​វេទិកា​គ្រោង​នឹង​ដាក់​ភ្ញៀវ​ចំនួន​៥៥០​នាក់​ និង​មាន​ផែន​មហា​ជន ​ប្រជាជន ​សិស្ស​​និសិ្សត​ ខ.ភ.ម ​ចូល​ជិត​៤​ពាន់​នាក់​ ស្មើ​នឹង​៥២ ផែន​។ នៅ​ថ្ងៃ​៣០ ​ខែធ្នូ ឆ្នាំ២០១៨​ តាម​កម្ម​វិធី​សម្ពោធ​វិមានឈ្នះ-ឈ្នះ​ ក៏​មាន​រៀប​ចំ​ពិធី​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ ប្រកួត​ការ​ប្រណាំង​កង់ ​ក្នុង​ចម្ងាយ​៨៥​គីឡូ​ម៉ែត្រ ​ប្រកួត​ការ​ប្រណាំង​ការ​ជិះ​កង់​ជើង​ឯក​ ក្នុង​ចំងាយ​៣៥គីឡូ​ម៉ែត្រ​ ក្នុង​ស្ថាន​ភាព​ផ្លូវ​ដី​ក្រហម ​និង​ការ​ប្រកួត​កីឡា​ប្រដាល់​ជើង​ឯក​ពិភព​លោក​​ ការ​ប្រកួត​កីឡា​មហា​ជន​គុន​ខ្មែរ​ ការ​ប្រគំ​តន្ត្រី​ និង​ការ​បង្ហាញ​ផ្ទាំង​ទស្សនីយ​ភាព​ផ្សេងៗ​ទៀត​។ ដោយ​ឡែក​នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ តាម​កម្ម​វិធី​គ្រោង​ទុក ​សម្តេច​តេ​ជោ​នាយករដ្ឋ​មន្ត្រី គ្រោង​នឹង​ចូល​រួម​ពិធី​នេះ​ចាប់​ពី​ម៉ោង​៦ល្ងាច ដល់​ម៉ោង​១២​យប់​ ក្នុង​ការ​ទស្សនា​ការ​សំដែង​សិល្បៈ ​ផ្ទាំង​ទស្សនីយភាព ​ហើយ​សម្ដេច​ចូល​រួម​ពិធី​ រាប់​ថយ​ក្រោយ​រហូត​ដល់​ម៉ោង​១២​យប់​ ឆ្លង​ឆ្នាំ​ថ្មី​ នឹង​មាន​ពិធី​បាញ់​កាំ​ជ្រួច​រយៈ​ពេល​៤៥​នាទី​ផង​ដែរ​​។

    តាម​រយៈ​កិច្ច​ប្រជុំ​នោះ​ក៏​បាន​លើក​ឡើង​ពី​ការ​ខ្វះ​ខាត​ មួយ​ចំនួន​ដែល​ទាក់​ទង​ទៅ​ដំណើរ​ការ​រៀប​ចំនៅ​វិមានឈ្នះ-ឈ្នះ ដូច​ជា​ផ្នែក​អគ្គីសនី​ ទឹក​ សម្រាប់​ប្រើ​ប្រាស់​នៅ​ អាង​​បាញ់​ទឹក​ដែល​ទាម​ទារ​ឲ្យ​បង្កើន​បរិមាណ​ឱ្យ​បាន​ខ្ពស់​ ដើម្បី​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​ពេល​ប្ររព្ធ​ពិធី។ ទាក់​ទង​ទៅ​នឹង​ការ​ផ្សព្វ​ផ្សាយ ​កិច្ច​ប្រជុំ​បាន​ធ្វើ​ការ​ពិភាក្សា​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​, facebook ដូច​ជា​ការ​រៀប​ចំ​ធ្វើ​វេទិកា​តុ​មូល ​ការ​ធ្វើ​សន្និសីទ​កាសែត​ខ្លី​ៗ​ ​និង​បង្កើន​ចលនា​ផ្សព្វ​ផ្សាយ​ដល់​មហា​ជន​ យុវជន​ដើម្បី​ចូល​រួម​អោយ​បាន​ច្រើន​កុះ​ករ​​។

     មាន​មតិ​បូក​សរុប​ក្នុង​កិច្ច​ប្រជុំ ​ឯកឧត្តម​ នាង ផាត ​បាន​ស្នើ​សុំ​ដល់​អនុគណៈកម្មការ​ទាំង​អស់​បន្ត​ធ្វើ​ការ​សហការ​គ្នា​ក្នុង​ការ​រៀប​ចំ​ពិធី​សម្ភោធ​វិមាន​ឈ្នះ-ឈ្នះ​ ក្នុង​នោះ​អនុ​គណកម្មការ​រៀប​ចំ​​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ ត្រូវ​បន្ត​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ជ្រួត​ជ្រាប​ដល់​មហា​ជន​ យុវជន ​សិស្ស​ និស្សិត​ លើ​ការ​ងារ​សន្តិសុខ ​ត្រូវ​បន្ត​ការ​សហការ​ការ​ពង្រឹង​សន្តិសុខ ​ដោយ​ធ្វើ​ការ​សហការ​ជា​មួយ​បណ្តា ​កង​​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ដែល​មាន​ការ​ពាក់​ពន្ធ័​ ធ្វើ​យ៉ាង​ណា​អោយ​ដំណើរ​ការ​ ការ​ពារ​​​សន្តិសុខ​ក្នុង​ពិធី​សម្ពោធ​វិមានឈ្នះ-ឈ្នះ​ ប្រព្រឹត្ត​ទៅ​ប្រកប​​ដោយ​សុវត្ថិភាព​ ផ្តល់​ភាព​​​កក់​ក្តៅ​​ដល់​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ ​ដែល​បាន​មក​ចូល​រួម​ទស្សនា​វិមាន​ឈ្នះ-ឈ្នះ អោយ​មាន​ភាព​សប្បាយ​រីក​រាយ​ ក្នុង​ការ​ចូល​រួម​អបអរ​សាទរ​ សន្តិភាព​ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ទទួល​បាន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ ​កន្លង​មក​នេះ ​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ