ព័ត៌មាន

ឯកឧត្តម​ នាង ផាត ​បើក​កិច្ច​ប្រជុំ​ក្រុម​លេខា​ធិការ​ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ​លើក​ទី​១៤​
នាយកដ្ឋានព័ត៌មាន(៣)
47
642 ឯកឧត្តម​ នាង ផាត ​បើក​កិច្ច​ប្រជុំ​ក្រុម​លេខា​ធិការ​ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ​លើក​ទី​១៤​

     កិច្ច​ប្រជុំ​ក្រុម​លេខាធិការ ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ​លើក​ទី១៤​ បាន​បើក​​កិច្ច​​ប្រជុំ​នៅរសៀល​ថ្ងៃទី១ ​ខែធ្នូ ​ឆ្នាំ​២០១៨​នេះ ​នៅ​សណ្ឋាគារ​អង្គរសិនជូរី ​ខេត្ត​សៀមរាប។ អង្គប្រជុំ​នេះ​បានប្រព្រឹត្តទៅក្រោមអធិបតីភាព ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ផាត ​រដ្ឋលេខាធិការ ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ ប្រធាន​ក្រុម​លេខាធិការ​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ​ខាំរន្ធ ​គ្រឿវិច​ ឆាក់​យ៉ានចាន ​នាយក​ទី​ចាត់​ការ​ការ​ងារ​ព្រំដែន​កង​ទ័ព​ភូមិន្ទ​ថៃ ​និង​ជា​សហប្រធាន​​ក្រុម​លេខាធិការ ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ផាត ​រដ្ឋលេខាធិការ ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ ប្រធាន​ក្រុម​លេខាធិការ​

      ថ្លែង​បើក​នៃ​កិច្ច​ប្រជុំ​នោះ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​នាង ផាត ​បាន​មាន​ប្រសាសន៍​ថា៖​ នេះ​​​ជា​លើក​ទី​១៤​ហើយ ​ដែល​ក្រុម​លេខាធិការ ​នៃ​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​កម្ពុជា​-​ថៃ បា​ន​​ជួប​​ជុំ​គ្នា​ ក្នុង​គោល​បំណង​ជម្រុញ​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​​ដៃ​គូរ​​រវាង​​ក​ង​​ទ័ព​ ​​នៃ​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ​សំដៅ​បង្កើន​វប្បធម៌​សន្តិភាព​ ការ​​ពង្រឹង​​​ពង្រីក​​ចំណង​មិត្ត​ភាព ​និង​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​​ផ្អែក​លើ​ផល​​ប្រយោជន៍​​ប្រជាពល​រដ្ឋ​ទាំង​សង​ខាង​ជា​មូល​ដ្ឋាន​។​ ឯកឧត្តម​ នាង ផាត ​បាន​ថ្លែង​អប​អរ​​សាទរ​​​ចំពោះ​ការ​វិវត្តន៍​ជា​វិជ្ជមាន ​និង​តួនាទី​ដ៏​​សំខាន់​ ​នៃ​ទំនាក់​ទំនង​រវាង​កង​ទ័ព​​ប្រទេស​ទាំង​​ពីរ​ ក្នុង​ការ​ធានា​បាន​នូវ​សុខ​សន្តិភាព ​ស្ថេរភាព ​ក៏​ដូច​ជា​សកម្មភាព​ចូល​រួម​ក្នុង​ការ​​អភវិឌ្ឍន៍​​តំបន់​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​ ឲ្យ​មាន​ភាព​រីក​ចម្រើន​ប្រកប​ដោយ​ចិរភាព​។​ ឯកឧត្តម នាង ផាត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​ និង​ទំនាក់​ទំនង​ជិត​ស្និត​រវាង​​កង​ទ័ព​​ទាំង​​ពីរ​ ដែល​បាន​ផ្សារ​ភ្ជាប់​គ្នា ​ដោយ​ចំណង​មិត្ត​ភាព​ជា​ប្រពៃណី ​ក្នុង​នាម​ជា​អ្នក​ជិត​ខាង​ល្អ ​និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ ​ដោយ​ឈរ​លើ​ផល​ប្រយោជ​រួម ​ស្រប​តាម​​គោល​នយោបាយ​ព្រំដែន​សន្តិភាព​របស់​រាជរដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ ថៃ​។ ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ខាំរន្ធ​ គ្រឿវិច ​ឆាក់​យ៉ាន​ចាន ​នាយក​ទី​ចាត់​ការ​​ការ​ងារ​​ព្រំដែន​​កង​ទ័ព​ភូមិន្ទ​ថៃ ​និង​ជា​សហប្រធាន​ក្រុម​លេខាធិការ ​នៃ​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​កម្ពុជា​-​ថៃ

     ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ខាំរន្ធ​ គ្រឿវិច ​ឆាក់​យ៉ាន​ចាន ​នាយក​ទី​ចាត់​ការ​​ការ​ងារ​​ព្រំដែន​​កង​ទ័ព​ភូមិន្ទ​ថៃ ​និង​ជា​សហប្រធាន​ក្រុម​លេខាធិការ ​នៃ​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​កម្ពុជា​-​ថៃ​ បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​បើក​នោះ​ថា​៖​ កិច្ច​ប្រជុំ​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ក្រៃ​លែង ​ដែល​ភាគី​ទាំង​ពីរ ​បាន​និង​ពិភាក្សា​ក្នុង​ការ​កំណត់​នូវ​ខ្លឹម​សារកិច្ច​សហប្រតិបត្តិការ​ដែល​ជា​​ប្រយោជន៍​រួម​ដល់​អង្គ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ​(GBC) លើក​ទី​១៤​ ធ្វើ​ការ​​ពិចារណា​អនុម័ត ​ដើម្បី​ដល់​កង​ទ័ព​ នៃ​ស្ថាប័ន​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ និង​នាំ​ទៅ​​ពង្រីក​​កិច្ច​​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ឲ្យ​បាន​ជោគ​ជ័យ​ជា​ស្ថាពរ​។​ ក្រៅ​ពី​នេះ​ភាគី​ទាំង​ពីរ ​ក៏​បាន​​សហការ​ពិភាក្សា​ត្រៀម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ​(GBC)​ លើក​ទី​១៤​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅពេលខាង​មុខ​ប្រកប​ដោយ​ភាព​រលូន ​ដូច​ពាក្យ​ថា​ឈ្នះៗ​ទាំង​អស់​គ្នា​។​

      កិច្ច​ប្រជុំ​នេះ​មាន​រយៈពេល៣ថ្ងៃ​,​ ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០១៨​ ជា​វេទិការ​មួយ​ផ្តល់​​ឱកាស​​ឲ្យ​​កង​ទ័ព​ទាំង​ពីរ​ បាន​ជួប​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​ទស្សន​ល្អ​ៗ​ជា​មួយ​គ្នា​ ដើម្បី​រិះ​រក​នូវ​វិធី​សាស្ត្រ​​ថ្មីៗ​​ចាក់​បំពេញ​បន្ថែម​លើ​ស្មារតី​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ ​ប្រកប​ដោយ​សុឆន្ទៈ​ក្នុង​​ការ​ថែ​រក្សា​បរិយា​កាស​ព្រំដែន​សន្តិភាព​ ស្ថិរភាព ​និង​វិបុល​ភាព​​យូរ​​អង្វែង​។​ ម៉្យាង​វិញ​ទៀត​តាម​វេទិការ​នេះ ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​​​ដ៏​មុត​មាំ​​របស់​​ក្រសួង​ការពារ​ជាតិ ​ក្នុង​ការ​អនុវត្ត​រួម​គ្នា​លើ​ផែន​ការ​សកម្មភាព​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​​ប្រឈម​ថ្មីៗ​ ក្នុង​វិស័យ​សន្តិសុខ ​ដែល​កើត​មាន​ឡើង​នៅ​តំបន់​ព្រំដែន ​ដោយ​ធ្វើ​យ៉ាង​ណា​​សម្រេច​​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​រួម​ នៃ​ទំនាក់​ទំនង ​ដែល​នឹង​ត្រួស​ត្រាយ​ផ្លូវ​ដល់​កិច្ច​សហប្រតិ​បត្តិការ​​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ថៃ​នា​ពេល​ខាង​មុខ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ