បន្ទាប់ពីបានបំពេញបេសកកម្មការងារការទូតអស់រយៈពេល៤ឆ្នាំកន្លះ នៅព្រះរាជាណាចក្រកម្ពុជា លោកវរសេនីយ៍ឯក ម៉ូត អ៊ីសាប៊ីន ចាហ្វា (Mohd Isa Bin Jaafar) នាយការិយាល័យអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុញ្ជាតិឲ្យចូលជួបសំដែងការគួរសម និងជម្រាបលា នារសៀលថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ។ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯក ម៉ូត អ៊ីសាប៊ីន ចាហ្វា (Mohd Isa Bin Jaafar) នាយការិយាល័យអនុព័ន្ធយោធាម៉ាឡេស៊ីចប់អណត្តិនៅកម្ពុជា
នៅក្នុងកិច្ចជំនួបនោះ លោកវរសេនីយ៍ឯក ម៉ូត អ៊ីសាប៊ីន ចាហ្វា (Mohd Isa Bin Jaafar) នាយការិយាល័យអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ ដំណើរបំពេញការងារការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល៤ឆ្នាំកន្លះមកហើយ ក្នុងរយៈពេលនេះ លោកមានសេចក្តីរីករាយក្នុងការបំពេញការងារនៅកម្ពុជា។ លោកវរសេនីយ៍ឯក បានគូសបញ្ជាក់ថា៖ ស្ថិតក្នុងមុខតំណែងនាយការិយាល័យអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជានេះ លោកបានខិតខំធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ នៃប្រទេសយើងទាំងពីរម៉ាឡេស៊ី-កម្ពុជា។ លោកក៏បានថ្លែងនូវអំណរគុណផងដែរ ចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងឯកភាពនានា នៃខ.ភ.ម ដែលបានជួយសម្រួល និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ធ្វើឲ្យបេសកកម្មការងារការទូតរបស់លោកទទួលបានដោយផ្លែផ្កា និងជោគជ័យ។
មានប្រសាសន៍តបក្នុងឱកាសនោះដែរ ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ លោកវរសេនីយ៍ឯក ម៉ូត អ៊ីសាប៊ីន ចាហ្វា (Mohd Isa Bin Jaafar) នាយការិយាល័យអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់ពីចិត្តពីថ្លើមបំពេញការងារដ៏ល្អ នៅព្រះរាជាណាចក្រកម្ពុជា, ហើយឯកឧត្តមបានចាត់ទុកថា តាមរយៈនៃការបំពេញការងារនេះ គឺបានពង្រឹង និងពង្រីកថែមទៀត នូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ព នៃប្រទេសទាំងពីរ។ ឯកឧត្តម រដ្ឋលេខាធិការ នាង ផាត មានជំនឿជឿជាក់ថា អនុព័ន្ធយោធាម៉ាឡេស៊ីថ្មី នឹងមានកិច្ចទំនាក់ទំនាក់ និងសហប្រតិបត្តិការគ្នាយ៉ាងល្អបន្ថែមឡើងថែមទៀត នៃប្រទេសទាំងពីរកម្ពុជា និងម៉ាឡេស៊ី ៕