ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បន្ត​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
38
628

     ក្នុង​ខណៈ​ដែល​ថ្ងៃ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ ​ជិត​ឈាន​ចូល​មក​ដល់​ នៅ​សល់​តែ​រយៈ​ពេល​៤៥​ថ្ងៃ​ទៀតនោះ​​ នៅ​ថ្ងៃ​ទី​១៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ ​អម​តំណើរ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​អ៊ី ឈាន​ រដ្ឋេលាខា​ធិការ​ក្រសួង​ការពារ​ជាតិ ​ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ ឥត​ សារាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ ជា​នាយ​សេនា​ធិការ​ចំរុះ ​ព្រម​ទាំង​ក្រុម​ការងារ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ ​បន្ត​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ ស្ថិ​តនៅ​សង្កាត់​បាក់​ខែង ​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ។​ ស្រប​ពេល​នឹង​ការ​ចុះ​ត្រួត​ពិនិត្យ​របស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​នេះ​ដែរ​ ក៏​មាន​ការ​ចូល​រួម​របស់ ​ឯកឧត្តម​ អ៊ឹម ​ឈុន​លឹម ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ក៏​បាន​ដឹក​នាំ​គណៈ​ប្រតិភូ ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​វិមាន​ឈ្នះ-ឈ្នះ​ ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម​ទៀត​ពី​អត្ថន័យ​ និង​ការ​សាង​សង់​វិមាន​ដ៏​ស្កឹម​ស្កៃ​ នា​សទវត្សទី​២១​នេះ​ផង​ដែរ​។​ 

     គួរ​កត់​សំគាល់​ថា៖​ បន្ទាប់​ពី​សំណង់​វិមាន​ឈ្នះ-ឈ្នះ​ បាន​សាង​សង់​ជិត​ចប់​ជាស្ថាពរ​ គេ​សង្កេត​ឃើញ​មាន​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ធំៗ​មួយ​ចំនួន ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​របស់​ខ្លួន​ មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែ​ង​យល់​ ពី​អត្ថន័យ​របស់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ​ជា​បន្ត​បន្ទាប់​។​ ដោយ​លែក​ជា​និច្ច​កាល​ សម្តេច​ពិជ័យ​សេនា ​ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​តែង​តែ​ដឹក​នាំ​ចុះ​ត្រួត​ពិនិត្យ​ជាប់​ជា​និច្ច​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​វិមាន​ដែល​ជា​និមិត្ត​រូប​នៃ​សន្តិភាព​ ការ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​មួយ​នេះ ​កសាង​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ និង​ទាន់​ពេល​វេលា​នៃ​ថ្ងៃ​ប្រារព្ធ​ពិធី ​តាម​ការ​កំណត់​របស់​ប្រមុខ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​។​ ​សូម​ជម្រាប​ វិមាន​​ឈ្នះ-ឈ្នះ ​ដែល​ជា​និម្មិត​រូប ​នៃ​សុខ​សន្តិភាព​កម្ពុជា​ និង​ជា​តឹក​តាង​​លេច​ចេញ​ពី​នយោបាយ​ឈ្នះ-ឈ្នះ ​នឹង​សម្ពោធ​ជា​ផ្លូវ​ការ​ដ៏​ធំ​ នៅ​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ ​ហើយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ ក៏​ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ ​នៃ​ទិវាន​យោបាយ​ឈ្នះ-ឈ្នះ​ផង​ដែល​។​

     វិមាន​ឈ្នះ-ឈ្នះ​នេះ ​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ដោយ​ទំហំ​ដី​៨​ហិច​តា​ ស្ថិត​នៅខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ។​ វិមាន​នេះ​ ជា​និម្មិត​រូប​ នៃ​សុខ​សន្តិភាព​ដែល​កម្ពុជា​ ទទួល​បាន​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ ក្រោម​គោល​នយោបាយ​ឈ្នះ​-ឈ្នះរបស់ ម្តេចតេជោ ​ហ៊ុន សែន។ ជាង​នេះ​ទៀត ​វិមាន​នេះ​នឹង​ក្លាយ​ជា​កេរមរ​ត​ក​ សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ផង​ដែរ​។ សូម​បញ្ជាក់​ថា៖​  ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន សែន ​ធ្លាប់​បាន​ប្រកាស​ជា​ធារណៈ​ថា​៖​ សម្តេច​នឹង​រៀប​ចំ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ រយៈ​ពេល​៣​យប់​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៩ ​ដល់​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ នៅ​វិមាន​ឈ្នះ-ឈ្នះ​ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០ ​នៃ​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិលនៅកម្ពុជា តាម​នយោបាយ​ឈ្នះ-ឈ្នះ​ ដោយ​ទទួល​បាន​ឯកភាព​ទឹក​ដី​ជា​លើក​ដំបូង​នៅ​កម្ពុជា​ក្នុង​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា​ ជាង៥០០​ឆ្នាំ​កន្លង​មក​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ