ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ទទួល​ដំណើរ​កង​វិស្វកម្ម​លេខ​៩៥៤​
នាយកដ្ឋានព័ត៌មាន(៣)
32
624 ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និង លោក ​អ៊ូប៊ឺត ​ស្តាប៊ឺត​​អូហ្វឺរ ​(Hubert staberhofer) ​តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ ​ប្រចាំ​នៅ​កម្ពុជា​

     នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ១២​រោច ​ខែ​អស្សុជ ​ឆ្នាំច ​សំរឹទ្ធិស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​​​ បន្ទាប់​ពី​បាន​ចេញ​ទៅ​បំពេញ​​បេសកកម្ម​នៅ​​សាធារណ​​រដ្ឋ​អាហ្រ្វិក​កណ្តាល​ និង​សាធារណ​រដ្ឋ​ស៊ូដង់​ខាង​ត្បូង​អស់​រយៈ​ពេល​១​ឆ្នាំ​​រួច​មក ​កម្លាំង​​កង​វិស្វកម្ម​លេខ​៩៥៤​ ចំនួន​២៨៩​នាក់ ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ ​ប្រកប​​ដោយ​សុវត្ថិភាព ​និង​បាន​ប្រារព្ធ​ពិធី​ទទួល​ជា​ផ្លូវ​ការ​ ក្រោម​អធិបតីភាព ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេចអគ្គមហាសេនា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​សែម ​សុវណ្ណនី ​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ គ្រប់​គ្រង​កង​កំលាំង​រក្សា​ សន្តិភាព​ បោស​សំអាត​មីន ​និង​កាក​សំណល់​សង្គ្រាម​

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​សែម ​សុវណ្ណនី ​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ គ្រប់​គ្រង​កង​កំលាំង​រក្សា​ សន្តិភាព​ បោស​សំអាត​មីន ​និង​កាក​សំណល់​សង្គ្រាម​ បាន​ឲ្យ​ដឹង​ថា​៖​ ក្នុង​រយៈ​ពេល​១២​ឆ្នាំ​កន្លង​មក​ទល់ពេល​នេះ​ កម្ពុជា​បាន​បញ្ជូន​កំលាំង​សរុប​ចំនួន៥​,៧៨៣​​នាក់​ ក្នុង​នោះ​មាន​នារី​ចំនួន​២៧៧​នាក់​ ទៅ​កាន់​បេសកកម្ម​ចំនួន​១០​​ ក្នុង​ប្រទេស​ចំនួន៨ ​នៅ​ទ្វីប​អាហ្វ្រិក​ និង​មជ្ឈឹម​បូព៌ា ​លើ​ជំនាញ​បោស​សំអាតមីន​, វិស្វកម្ម​សំណង់​ផ្ដេក​, សំណង់​បញ្ឈរ​, តម្រួត​សណ្ដាប់​ធ្នាប់​, មន្ទីពេទ្យ​កំរិត​២​, ​វិស្វកម្ម​ព្រលាន​យន្ត​ហោះ ​និង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​។​​ ឯកឧត្តម​បាន​បន្ត​ទៀត​ថា៖ ​បេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ជា​ឆ្នាំ​ទី​៥ ​ហើយ​​កង​លេខ​៩៥៤​  គឺ​ជា​កង​ទី​៣៩ ​ដែល​បាន​ចូល​រួម​អនុវត្ត​បំពេញ​ភារកិច្ច​ទទួល​បាន​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​ ដូច​បណ្ដា​កង​មុន​ៗ​ដែរ​។​ លោក ​អ៊ូប៊ឺត ​ស្តាប៊ឺត​​អូហ្វឺរ ​(Hubert staberhofer) ​តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ ​ប្រចាំ​នៅ​កម្ពុជា​

     លោក ​អ៊ូប៊ឺត ​ស្តាប៊ឺត​​អូហ្វឺរ ​(Hubert staberhofer) ​តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​៖ ​លោក​មាន​សេចក្ដី​រីក​រាយ​ណាស់​ដោយ​បាន​ឃើញ​ការ​វិល​ត្រឡប់​មក​វិញ ​ប្រកប​ដោយ​សន្តិភាព ​របស់​កង​វិស្វកម្ម​លេខ​៩៥៤​ នា​ពេល​នេះ។​ ​លោក​បាន​បន្ត​ទៀតថា​៖ ​បេសកកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​ គឺ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ជំរុញ​សន្តិភាព​ស្ថាបនា ​សហគមន៍​ឡើង​វិញ ​និង​ជំនួស​ដោយ​ការ​ភ័យ​ខ្លាច​ ឲ្យ​មាន​សង្ឃឹម​នៅ​ពាស​ពេញ​ពិភព​លោក ​ជា​កន្លែង​ដែល​សន្តិភាព​។ លោក​ក៏​សូម​គោរព​ដល់​កង​រក្សា​សន្តិភាព​ចំនួន២១៦នាក់ នៃ​កង​វិស្វកម្ម​លេខ៩៥៤​ ចំពោះ​ភាព​ក្លាហាន​, ការ​គោរព​វិន័យ​និង​ការ​បរិច្ចាគ​ ក្នុង​ផ្នែក​ពហុ​ជំនាញ​វិស្វកម្ម​ និង​គាំទ្រ​ផ្នែក​កំទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។​ ជា​ពិសេស​ដល់​យោធិន​នារី​​កម្ពុជា​ក្នុង​​ចំណោម​បុគ្គលិក​រក្សា​សន្តិភាព ​ដែល​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នា​ពេល​នេះ ​គឺ​ជា​យោធិន​នារី​តំណាង​ឲ្យ​ភាព​បម្រែ​បម្រួល​ជា​វិជ្ជមាន​ សំដៅ​បង្កើន​គុណ​ភាព​យេន​ឌ័រ​ ក្នុង​កង​យោធពល​ខេមរៈភូមិន្ទ​។​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេចអគ្គមហាសេនា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

     ​តាំង​នាម​សម្ដេ​ច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​ នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ថ្លែង​កោត​​សរសើរ​ចំពោះ​​ស្នាដៃ​របស់​កង​វិស្វកម្ម​លេខ៩៥៤ ​ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​របស់​​អង្គការ​​សហប្រជា​ជាតិ​ នៅ​​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្ដាល​នា​ពេល​​នេះ​។​ សម្ដេ​ចបាន​បញ្ជាក់​ថា៖ ​ការ​និវត្តន៍​​របស់​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​នា​ថ្ងៃ​នេះ​ បាន​បញ្ជាក់​នូវ​ឆន្ទៈ​ពិត​ប្រាកដ​ របស់​កង​ទ័ព​​មួក​ខៀវ​កម្ពុជា ​ពោរ​ពេញ​ទៅ​ដោយ​វិន័យ ​និង​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​សកម្មភាព​​មនុស្ស​ធម៌​ និង​​ថែ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជា​ជាតិ​។​ នេះ​ជា​សក្កានុពល​ដ៏​ខ្លាំង​ក្លា​ របស់​​កង​យោធពល​ខេមរៈភូមិន្ទ​   ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូល​ក្នុង​ប្រព័ន្ធ​ពហុជាតិ​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ សម្ដេច​បាន​បន្ត​ថា៖ ​កន្លង​មក​មន្ត្រី​របស់​អង្គការ​សហប្រជា​ជាតិ ​សាធារណៈ​ជន​ជាតិ​ អន្តរជាតិ​តែង​តែ​​វាយ​តម្លៃ​ខ្ពស់​​ និង​ផ្តល់​ការ​គាំទ្រ​​ដល់​កង​កម្លាំង​មួក​​ខៀវ​កម្ពុជា​ ដែល​បាន​តាំង​ចិត្ត​ជួយ​អ្នក​ដទៃ ​និង​បាន​លះ​បង់​អាយុ​ជីវិត​ដើម្បី​​បុព្វ​ហេតុស​ន្តិភាព​​, សន្តិសុខ​ដល់​បណ្ដា​ប្រទេស​ក្នុង​លោក​ ដែល​កំពុង​ទទួល​រង​ទុក្ខ​ដោយ​សារ​ជម្លោះ​នា​នា​ តាម​រយៈ​ការ​ចូល​រួម​បំពេញ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នេះ​។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​កង​កម្លាំង​នៃ​បណ្តា​​ប្រទេស​ជា​មិត្ត​ទាំង​អស់​ ដែល​រួម​បេសកកម្ម​របស់​អង្គការ​​សហប្រជាជាតិ​ នៅ​សាធារណ​រដ្ឋ​អាហ្វ្រិក​​កណ្ដាល​ ដែល​បាន​គាំទ្រ​សហការ​ជា​មួយ​កង​កម្លាំង​កម្ពុជា​ ក្នុង​ការ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌ ​ដើម្បី​សន្តិភាព​ជា​​ប្រវត្តិសាស្ត្រ​នេះ ​ឲ្យ​បាន​សម្រេច​ភារកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​។ ​អរគុណ​​ចំពោះ​បណ្ដា​ប្រទេស​​ជា​មិត្ត​ទាំង​អស់​ដែល​បាន​ ជួយ​គាំទ្រ​ឧបត្ថម្ភ​ដល់​កម្លាំង​កម្ពុជា​​ទាំង​ស្មារតី​ ​ឧបករណ៍​សម្ភារៈ​, មធ្យោបាយ,​ តាម​លទ្ធភាព​ជាក់​ស្ដែង ​ពិសេស​បាន​បញ្ជូន​គ្រូ​យោធា​ចារ្យ​​ប្រកប​ដោយ​សមត្ថភាព​ និង​បទ​ពិសោធន៍​ដ៏​ល្អៗ​ មក​បង្ហាត់​បង្រៀន​ជំនាញ​រក្សា​សន្តិភាព​​ដល់​កម្លាំង​កម្ពុជា​ អោយ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ និង​ជំនាញ​ត្រឹម​ត្រូវ​តាម​កម្រិត​និយាម​​របស់​អង្គការ​​​សហប្រជា​ជាតិ ​សម្រាប់​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ ទទួល​បាន​ជោគ​ជ័យ​ជា​បន្តបន្ទាប់​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ