ព័ត៌មាន

នាយ​ឧត្តមសេនីយ៍ ​ប៉ុល ​សារឿន ​ជូន​ដំណើ​កង​កម្លាំង​មួក​ខៀវ​ទៅ​បំពេញ​បេសកកម្ម​UN ​នៅ​អាហ្វ្រិក​កណ្តាល​
នាយកដ្ឋានព័ត៌មាន(៣)
34
620 ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ប៉ុល ​សារឿន ​ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​និង​លោក​ជំទាវ ​ប៉ូលីន ​តាម៉េស៊ីស(Paulin Tamesis) តំណាង​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​​

     នៅ​​ព្រឹកថ្ងៃ​​​សុក្រ​​ ៩​រោច ​ខែ​អស្សុជ​ ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​​​ទី​​០២​ ​ខែ​វិច្ឆិកា​​ ឆ្នាំ​​២០១៨​​ ​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​វិស្វកម្ម​លេខ​៥៩៤ ​ចំនួន​២១៦​នាក់​ទៀត​ ទៅ​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព ​ក្រោម​ស្លាក​អង្គការ​សហប្រជាជាតិ ​នៅ​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​។ ក្នុង​ចំណោម​កង​កម្លាំង​វិស្វកម្ម​លេខ​៥៩៤​ ទាំង​២១៦​នាក់​នោះ​ ក៍​មាន​កម្លាំង​ជា​នារី​ចំនួន​១០​នាក់​ផង​ដែរ​​។  ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ប៉ុល ​សារឿន ​ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​និង​លោក​ជំទាវ ​ប៉ូលីន ​តាម៉េស៊ីស(Paulin Tamesis) តំណាង​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​ព្រម​ទាំង​​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​​ក្រសួង​​ការ​ពារ​ជាតិ ​អគ្គ​​បញ្ជាការ​នៃខ.ភ.ម ​និង​កង​ទ័ព​ទាំង​បី​ប្រភេទ​ អម​ដោយ​ក្រុម​គ្រួសារ​ បាន​អញ្ជើញ​ជូន​ដំណើ​កង​កម្លាំង​វិស្វកម្ម​លេខ​៥៩៤ ​នៅ​ឯ​មូល​ដ្ឋាន​កង​ទ័ព​អាកាស​ពោធិចិន​តុង​ រាជធានី​ភ្នំពេញ​។ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អគ្គនាយក​​មជ្ឈមណ្ឌល​ជាតិ

     តាម​របាយការណ៍​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អគ្គនាយក​​មជ្ឈមណ្ឌល​ជាតិ ​បាន​រាយ​ការណ៍​ថា៖ កង​កម្លាំង​វិស្វកម្ម​លេខ​៥៩៤​ កម្ពុជា​ដែល​ត្រូវ​ជូន​ដំណើ​នា​ពេល​នេះ ​បាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​យ៉ាង​ស្ទាត់​ជំនាញ​លើ​វិជ្ជា​ជីវៈ​ប្រកប​ដោយ​គុណ​ភាព ​ក្រោម​ការ​ធ្វើ​តេស្ត​វាស់​ស្ទុង​សមត្ថភាព​ គុណ​ភាព​យ៉ាង​ត្រឹម​ត្រូវ​ និង​មាន​តម្លាភាព ​ហើយ​មាន​សមត្ថភាព​ដូច​កង​មុនៗ​ដែរ​។ ឯកឧត្តម​ បញ្ជាក់​ទៀត​ថា៖ ​ឆ្នាំ​នេះ​គឺ​​ជា​ខួប​លើក​ទី១២​ ដែល​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ ក្រោយ​ពី​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា ​អ៊ុន​តាក់​ បាន​ដក​ចេញ​ពី​កម្ពុជា​ រយៈ​ពេល​២៥​ឆ្នាំ​ កាល​ពី​ឆ្នាំ​១៩៩៣​។​ គិត​ចាប់​ពី​ឆ្នាំ​២០០៦​ កម្ពុជា​ បាន​បញ្ជូន​កង​កម្លាំង​ទៅ​ចូល​រួម​រក្សា​សន្តិភាព​ក្នុង​ក្រប​ខ័ណ្ឌអង្គការ​សហប្រជាជាតិ​សរុប​ចំនួន​៥៥៧៩​នាក់ ​ក្នុង​នោះ​មាន​កង​កម្លាំង​ជា​នារី​ចំនួន​២៦៧​នាក់​ ហើយ​កង​លេខ​ ៥៩៤​នេះ ​គឺ​ជា​កង​ទី​៤០​លើ​ជំនាញ​ផ្សេង​ៗ​រួម​មាន៖ បោស​សំអាត​មីន​, វិស្វកម្ម​សំណង់​ផ្តេក​,​ ​បញ្ឈ​រ, តម្រួត​សណ្តាប់​ធ្នាប់​, មន្ទីរពេទ្យ​កំរិត​២​, វិស្វកម្ម​ព្រលាន​យន្ត​ហោះ​ និង​កំទេច​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ ទៅ​កាន់​បេសកកម្ម​ចំនួន​១០​ ក្នុង​ប្រទេស​ចំនួន​៨ ​មាន​ជា​អាថ៌៖​ សាធារណរដ្ឋ​ស៊ូដង់​, ស៊ូដង់​ខាង​ត្បូង​, ប្រទេស​ឆាត​, ស៊ីរី, សាយ​ប្រីស, អាហ្វ្រិក​កណ្តាល​, លីបង់, និង​ប្រទេស​ម៉ាលី​។ បច្ចុប្បន្ន​កង​កម្លាំង​កម្ពុជា​ កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ ​មាន៖ ប្រទេស​ស៊ូដង់​ខាង​ត្បូង​, ស៊ូដង់​ខាង​ជើង, លីបង់​, ​អាហ្វ្រិក​កណ្តាល​, និង​ម៉ាលី​។ ​លោក​ជំទាវ ​ប៉ូលីន ​តាម៉េស៊ីស(Paulin Tamesis) តំណាង​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា

     លោកជំទាវ ​ប៉ូលីន ​តាមេ​ស៊ីស ​តំណាង​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ បាន​សំដែង​នូវ​ការ​ដឹង​គុណ​ចំពោះ​រាជរដ្ឋាភិបាល​ និង​​ប្រជាជន​កម្ពុជា ​ដែល​បាន​បរិច្ចាក​កម្លាំង​របស់​ខ្លួន​ចូល​រួម​បំពេញ​បេសកកម្ម​របស់​កង​កម្លាំង​កម្ពុជា​ ដែល​ជា​ការ​លះ​បង់​ដើម្បី​សន្តិភាព ​សន្តិសុខ ​មិត្តភាព ​ជា​លក្ខណៈ​អន្តរជាតិ ​នឹង​ជា​គំរូ​សម្រាប់​ពិភពលោក​ទាំង​មូល​។ នេះ​ជា​ការ​តាំង​ចិត្ត​ប្រកប​ដោយ​មនុស្ស​ធ៌ម​ សម្រាប់​ជួយ​ដល់​អ្ន​កដទៃ ​ក្នុង​ការ​ចែក​រំលែក​ជំនាញ​ដល់​បណ្តាល​ប្រទេស​នានា ​ដែល​កំពុង​ទទួល​​ការ​រង​ទុក្ខ​ ដោយ​សារ​ជម្លោះ ​ ឲ្យ​មាន​សន្តិភាព​ជាក់​ស្តែង​ និង​ជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត​ដ៍​មាន​តម្លៃ​ដល់​ប្រទេស​ជា​ច្រើន​ទៀត​។  ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ ប៉ុល សារឿន ​ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​ដែល​ជា​តំណាង​ដ៍​ខ្ពង់​ខ្ពស់​ សម្តេចអគ្គ​មហា​សេនា​បតី​​តេជោ ​​ហ៊ុន ​សែន​ ​នាយក​​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

    ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ ប៉ុល សារឿន ​ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​ដែល​ជា​តំណាង​ដ៍​ខ្ពង់​ខ្ពស់​ សម្តេចអគ្គ​មហា​សេនា​បតី​​តេជោ ​​ហ៊ុន ​សែន​ ​នាយក​​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា៖ ក្រោម​ម្លប់​នៃ​សន្តិភាព ​កម្ពុជា​បាន​នឹង​កំពុង​បោះ​ជំហ៊ាន​យ៉ាង​ស្វា​ហាប់​ប្រកប​ដោយ​មោទនភាព​ជាតិ​ ដែល​កម្ពុជា​សម្រេច​បាន​ស្នា​ដៃ​ធំ​ៗ​ជា​ច្រើន​ ទាំង​ថ្នាក់​ជាតិ ​និង​​អន្តរជាតិ ​ដូច​ជា​ការ​បញ្ជូន​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ទៅ​ចូល​រួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ លើ​វិស័យ​មនុស្ស​ធ៌ម​ក្នុង​ក្រប​ខ័ណ្ឌ​​អង្គការ​សហប្រជាជាតិ​​។​ នាយ​ឧត្តម​សេនីយ៍​ទេសរដ្ឋមន្ត្រី​ ប៉ុល សារឿន បាន​លើក​ឡើង​ទៀត​ថា៖​ ក្រោម​ម្លប់​សន្តិភាព ​កម្ពុជា​បាន​និង​កំពង់​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន​គ្រប់​ផ្នែក​ ក្នុង​ការ​ចូល​រួម​ជា​មួយ​ពិភព​លោក ​ដើម្បី​សន្តិភាព ​និង​បាន​លើក​កំពស់​កិត្យានុភាព​ កិត្តិ​ស័ព្ទ​ និង​កិត្តិយស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។ ​កម្ពុជា​គឺ​ជា​អ្នក​គាំទ្​រប្រកប​ដោយ​សង្គតិភាព ​ចំពោះ​និម្មាបនភាព ​និង​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​។ ​ជាក់​ស្តែង​អស់​រយៈ​ពេល​១២​ឆ្នាំ​(២០០៦​ដល់​២០១៨​) ​ដែល​កម្ពុជា​បាន​ចូល​រួម​បញ្ជូន​កង​កម្លាំង​មួក​ខៀវ​ចំនួន​៥៥៧៩​នាក់​ក្នុង​នោះ​មាន​កម្លាំង​ជា​នារី​ ចំនួន​២៦៧​នាក់​រួច​មក​ហើយ ​ដែល​បច្ចុប្បន្ន​កំពុង​បំពេញ​បេសកកម្ម​ចំនួន​៨១១​នាក់​ នារី​៦៦​នាក់​ ទៅ​ចូល​រួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​ ប្រកប​ដោយ​ជោគ​ជ័យ​ ហើយ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​វាយ​តម្លៃ​ថា​ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​២៩​ក្នុង​ចំណោម​១២២​ប្រទេស​ដែល​បរិច្ចាក​កម្លាំង ​និង​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​សហគម​អាស៊ាន​ដែល​បាន​បញ្ជូន​កម្លាំង​ជា​ស្ត្រី​ទៅ​ចូល​រួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​​។​ នាយ​ឧត្តមសេនីយ៍​ទេសរដ្ឋមន្ត្រី ​ប៉ុល សារឿន ​បាន​សង្កត់​ធ្ងន់​ថា៖​ សន្តិភាព​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស ​និង​ការ​លើក​​កំពស់​​លទ្ធិប្រជា​ធិបតេយ្យ​​។ ​សន្តិភាព​ គឺ​ជា​កត្តា​ចាំ​បាច់​បំផុត​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ប្រកប​ដោយ​ចិរភាព​។ កម្ពុជា​មាន​សុខ​សន្តិភាព ​ពេញ​បរិបូរណ៍ ​ម្ចាស់​ការ​គ្រប់​គ្រង​បាន​នូវ​ស្ថេរភាព​នយោបាយ ​និង​ជំរុញ​បាន​នូវ​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​ក្តី​សង្ឃឹម​ គឺ​អាស្រ័យ​ដោយ​នយោបាយ ​ឈ្នះ ឈ្នះ ​ដែល​កើត​ចេញ​ពី​បញ្ញា​ញាណដ៍​ឈ្លាស​វៃ​របស់​ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ធ្វើ​ឲ្យ​អង្គការ​ចាត់​តាំង​នយោបាយ​ និង​យោធា​របស់ ​ប៉ុល ពត​ ត្រូវ​បាន​ផ្តួល​រលំ​ដល់​ឬស​គល់​​។ នាយ​ឧត្តមសេនីយ៍ទេស​រដ្ឋមន្ត្រី​ ប៉ុល សារឿន ​​ក៍​​បាន​រំលឹក​ដល់​នាយ ​ពល​ទាហាន​ថា៖​ ការ​បំបេញ​បេសកកម្ម​របស់​កង​កម្លាំង​កម្ពុជា ​អាច​ប្រឈម​នឹង​ហានីភ័យ​ គ្រោះ​ថ្នាក់ ​ដែល​គំរាម​កំហែង​ដល់​សន្តិសុខ​ សុខភាព ​និង​ការ​បំពេញ​ការ​ងារ​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​អស់​លោក​នឹង​ក្លាយ​ជា​សមាជិក​គ្រួសារ​មួយ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បំរើ​ឲ្យ​បុព្វ​ហេតុ​ដ៍​ឧត្តុង្គ​ឧត្តម​បំផុត​ គឺ​សន្តិភាព​និង​​មនុស្សធ៌ម​ក្នុង​លោក​។ ការ​លះ​បង់​របស់​អស់​លោក​នៅ​ពេល​នេះ ​គឺ​ជា​ការ​ជួយ​សង្គ្រោះ​ដល់​ប្រជាជន ​ឬ​ជាតិ​សាសន៍​ដ៍ទៃ​ និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ដល់​បណ្តា​ប្រទេស​នានា ​ដែល​រង​គ្រោះ​ដោយ​ជម្លោះ ​គឺ​ពិត​ជា​គួរ​ឲ្យ​កោត​សរសើរ​ និង​លើក​ទឹក​ចិត្ត​បំផុត។ ក្នុង​ពេល​បំពេញ​បេសកកម្ម​មនុស្ស​ធ៌ម​នៅ​ប្រទេស​នោះ ​អស់​លោក​ត្រូវ​គោរព​វិន័យ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ​មាន​សាមគ្គីភាព ​ឯកភាព​ផ្ទៃ​ក្នុង​ និង​​ចៀស​វាង​ដាច់​ខាត​អំពើ​ទាំង​ឡាយ​ណា ​ដែល​ល្មើស​ទៅ​នឹង​វិន័យ​របស់​អង្គការ​សហប្រជាជាតិ ​និង​ប្រាស់​ចាក​ពី​ច្បា​ប់លក្ខន្តិកៈ​របស់ខ.ភ.ម ​ដោយ​រក្សា​សេចក្តី​ថ្លៃថ្នូ ​និង​កិត្តិយស​ប្រទេស​ជាតិ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ