ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
109
612 សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​​ និងនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ចិន

ក្នុង​ឱកាស​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​​ជា​ផ្លូវ​ការ​ និង​មិត្ត​ភាព​នៅ​សាធារណរដ្ឋ​ប្រជាមា​និត​ចិន​ នៅ​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០១៨​ គណៈ​ប្រតិភូ​ក្រសួង​ការពារជាតិ​កម្ពុជា​​ដឹក​នាំ​ដោយ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ និង​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​វង្ស ពិសេន ​អគ្គ​មេ​បញ្ជាការ​កង​យោធពលខេមរ​ភូមិន្ទ​ ព្រម​ទាំង​សមាជិក​គណៈប្រតិភូ​ទាំង​អស់​ បាន​ចូល​ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ​ នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ចិន​ ក្នុង​ទី​ក្រុង​ប៉េ​កាំង​។  សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ មាន​ប្រសាសន៍ក្នុងជំនួបពិភាក្សា​ការ​ងារ​ទ្វេ​ភាគី​

     នៅ​ក្នុង​ជំនួប​សន្ទនា​នា​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រសាសន៍​ថា៖ ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចិន ​មាន​សន្ទុះ​រីក​ចំរើន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ​ហើយ​មាន​ការ​វិវត្តន៏​ក្លាយ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ត​ គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា- ចិន​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ក៏​បាន​ជម្រាប​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​អំពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដែល​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ទទួល​បាន​ជោគ​ជ័យ​រួច​មក​ កម្ពុជា​មាន​សន្តិភាព​ និងស្ថិរភាព​យ៉ាង​ល្អ​ប្រសើរ​។ ដោយ​ឡែក ​កង​យោធពល​ខេមរ​ភូមិន្ទ​ត្រូវ​បាន​រៀប​រយ​ ដើម្បី​បន្ត​ចូល​រួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤​ ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​ ។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​បាន​បញ្ជាក់​ទៀត​ថា​៖ កិច្ច​សហប្រតិការ​រវាង​កង​ទ័ព​ទាំង​ពីរ​កម្ពុជា​-ចិន​ បាន​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ពេល​កន្លង​មក​។នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ចិន មាន​ប្រសាសន៍ក្នុងជំនួបពិភាក្សា​ការ​ងារ​ទ្វេ​ភាគី

     មាន​មតិ​ឆ្លើយ​តប​វិញ​ ឯកឧត្តម​ វៃ ​ហ្វេនហេ ​(WEI FENGHE) បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​នៅ​ប្រទេស​ចិន​ និង​ការ​ចូល​រួម​ក្នុង​វេទិកា​សៀង​សាន​លើក​ទី​៨ នៅប្រទេស​ចិន​ បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា៖​ ប្រទេស​កម្ពុជា​គាំទ្រ​ និង​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ និង​បញ្ជាក់​ឲ្យ​ឃើញ​ថា៖ កម្ពុជា​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ព្រឹត្តិការណ៍​ពហុភាគី​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ប្រទេស​ចិន​។​ ឯកឧត្ដម​បាន​បញ្ជាក់​ថា​៖ ទំនាក់​ទំនង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចិន​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចិន អោយ​កាន់​តែ​ជិត​ស្និត​ រីក​ចំរើន​ និង​រឹង​មាំ​។​ ឯកឧត្តម​បាន​សំដែងការ​ចូល​រួម​អបអរ​សាទរ​ចំពោះ​កម្ពុជា​ ដែល​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​សាកល​ទទួល​បាន​ជោគ​ជយ័ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា៖ ​ជោគ​ជ័យ​នេះ ​បាន​បញ្ជាក់​អោយ​ឃើញ​ថា​ ប្រជាជន​កម្ពុជា​គាំទ្រ ​និង​ជឿ​ជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ផ្តល់​នូវ​សន្តិភាព ​និង​ផល​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​។​ ឆ្លៀត​ក្នុង​​ឱកាស​នោះ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចិន​ ក៏​បាន​សំដែង​ការ​អបអរ​សាទរ​ផង​ដែល​ ចំពោះ​ការ​សាង​សង់​វិមាន​ឈ្នះ​-ឈ្នះ និង​ ព្រឹត្តិុការណ៍​ប្រារព្ធ​ខួប​លើក​ទី​២០ឆ្នាំ ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ​។ ឯកឧត្តម​បាន​ចាត់​ទុក​វិមាន​ឈ្នះ​-ឈ្នះ​ ជា​សំណង់​ស្ថាបត្យ​កម្ម​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​៖ កម្ពុជា​មាន​ការ​ផ្សះ​ផ្សា​ជាតិ ​ប្រជាពល​រដ្ឋ​ខ្មែរ​ មាន​សាមគ្គី​ជាតិ​តែ​មួយ ​នឹង​ឈ្នះ​ទាំង​អស់​គ្នា​។សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និងឯកឧត្តម វៃ ហ្វេនហេ (WEI FENGHE) រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ ​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា-ចិន ​ 

     ដើម្បី​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​ ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពីរ​ ឱ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ថែម​ទៀត​នោះ​ ឯកឧត្តម​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​បាន​បញ្ជាក់​ថា៖ នឹង​បន្ត​ជំរុញ​ការ​រក្សា​ផ្លាស់​ប្ដូរ​ប្រតិភូ​ជាន់​ខ្ពស់​រវាង​កង​ទ័ព​ទាំង​ពីរ​ជា​បន្ត​ទៅ​ទៀត​, បន្ត​ធ្វើ​លំហាត់​នាគ​មាស​ឆ្នាំ២០១៩ ដែល​នឹង​ធ្វើ​នៅ​ខែ​មីនា​ឆ្នាំ​២០១៩ខាង​មុខ​,​ បន្ត​ជួយ​កសាង​សង់​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ថ្លុក​តា​សេក​ រួម​ទាំង​បន្ត​ជួយ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដល់​ខ.ភ.ម។​ ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និងឯកឧត្តម វៃ ហ្វេនហេ (WEI FENGHE) រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា-ចិន ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ