ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៥ នៅប្រទេសសិង្ហបុរី
នាយកដ្ឋានព័ត៌មាន(៣)
54
611 កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៥ នៅប្រទេសសិង្ហបុរី

     បន្ទាប់​ពី​បាន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី១២​ រួចមក នៅ​ថ្ងៃ​ទី​២០ ​ខែ​តុលា ​ឆ្នាំ ​២០១៨ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​បន្ត​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក ​លើក​ទី​៥ ​ដែល​កិច្ច​ប្រជុំ​នេះ​ បាន​ដឹក​នាំ​ដោយ ​ឯកឧត្តម​ អ៊ឹង ​អេង​ហែន​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​សិង្ហ​បុរី ​ជា​ប្រធាន​អង្គ​ប្រជុំ ​និង​មាន​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​បូក​ចំនួន​៨ បាន​មក​ចូល​រួម​ប្រជុំ​ រួម​មាន​៖​ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក,​ រុស្ស៊ី,​ ចិន,​ ជប៉ុន,​ កូរ៉េខាងត្បូង,​ ឥណ្ឌា,​ អូស្ត្រាលី​  និង​ញូហ្ស៊ឺ​ឡែន​។​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក (ADMM-Plus) ​លើក​ទី៥ និង​មាន​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​បូក​ចំនួន​៨ បាន​មក​ចូល​រួម​កិច្ចប្រជុំ

     នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក (ADMM-Plus) ​លើក​ទី៥ ​នា​ពេល​នោះ ​បាន​ចាត់​ទុក​យន្ត​ការ​ (ADMM-Plus)​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​រក្សា​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​។​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក ​បាន​ជំរុញ​ឱ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និង​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​។ ​កិច្ច​ប្រជុំ​ក៏​បាន​ធ្វើ​ការ​ពិភាក្សា ​ដើម្បី​រិះ​រក​វិធី​រួម​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ភាព​ប្រឈម​នានា ​ដូច​ជា​ការ​ទប់​ស្កាត់​អំពើ​ភេរវកម្ម​ សន្តិសុខ​ព័ត៌​មាន​វិទ្យា​ គ្រោះ​មហន្តរាយ ​ជា​ពិសេស​វិធាន​ការ​ដោះ​ស្រាយ​អំពី​ការ​ពើប​ប្រទះ ​ជួប​គ្នា​ដោយ​ចៃ​ដន្យ​ទាំង​លើ​ផ្លូវ​អាកាស ​និង​លើ​ផ្លូវ​សមុទ្រ​។​  ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ មាន​ប្រសាសន៍ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក ​(ADMM-Plus) ​លើក​ទី​៥​

     នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក ​(ADMM-Plus) ​លើក​ទី​៥​នោះ​ សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រសាសន៍​ថា៖​ ប្រទេស​កម្ពុជា​ចាត់​ទុក​អំពើ​ភេរវកម្ម​ដោយ​ប្រើ​ប្រាស់​សារ​ធាតុ​គីមី ​ជីវសាស្រ្ត​ និង​វិទ្យុសកម្ម​ ជា​មួយ​គ្រឿង​ផ្ទុះ​កែ​ច្នៃ​ ជា​សេ​ណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត​។​ ក្នុង​ហេតុ​ផល​នេះ ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេវរកម្ម​ជាតិ​របស់​កម្ពុជា​ បាន​បង្កើត​ក្រុម​ចម្រុះ​ការ​ពារ​ទប់​ស្កាត់​អាវុធ​មហា​ប្រល័យ​ និង​ក្រុម​ជំនាញ​គ្រឿង​ផ្ទុះ ​ដើម្បី​ត្រៀ​មខ្លួន​ជា​ស្រេច​ចំពោះ​ការ​គំរាម​កំហែង​ប្រភេទ​នេះ។​ ​ទោះ​បី​ជា​យ៉ាង​ណា ​យើង​ពិត​ជា​​ត្រូវ​ការ​ការ​បង្កើន​​សមត្ថភាព​ និង​លទ្ធភាព​របស់​ខ្លួន​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ប្រភេទ​នេះ។​ ​សម្តេច​ពិជ័យ​សេនា ​បាន​សង្កត់​ធ្ងន់​ថា​៖ យើង​អាច​សម្រេច​បាន​នូវ​សមត្ថភាព​ដែល​ត្រូវ​ការ​នេះ​  តាម​រយៈ​យន្ត​ការ​ ADMM​-​បូក។​ ក្នុង​ន័យ​នេះ​សម្តេច​ពិជ័យ​សេនា ​បាន​សម្តែង​​ការ​គាំទ្រ​ដល់​ប្រទេស​សិង្ហបុរី​សម្រាប់​ការ​ផ្តួច​ផ្តើម​បង្កើត​បណ្តាញ​ជាក់​ស្តែង​ នៃ​ក្រុម​ជំនាញ​ការ​ពារ​ជាតិ​ផ្នែក​គីមី​សាស្ត្រ​ ជីវសាស្រ្ត​ និង​វិទ្យុ​សកម្ម​អាស៊ាន។​ ​បន្ថែម​ពី​លើ​នេះ​ទៀត ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ស្នើ​ឱ្យ​ក្រុម​ការ​ងារ​ជំនាញ ​ADMM-បូក ​ស្តី​ពី​ការ​ប្រឆាំង​ភេវរកម្ម​បញ្ចូល​សេ​ណា​រី​យូ ​ភេរវកម្ម​ប្រើ​ប្រាស់​អាវុធ​មហា​ប្រល័យ ​នៅ​ក្នុង​ផែន​ការ​លំហាត់​លើ​តុ ​និង​លំហាត់​លើ​ទី​លាន​របស់​ខ្លួន​នៅ​ពេល​អនាគត​។​ ឯកឧត្តម​ អ៊ឹង ​អេង​ហែន ​រដ្ឋមន្ត្រី​ការពារជាតិសិង្ហបុរី បានប្រគល់តួនាទីប្រធាន​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​ទៅ​ឱ្យ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ថៃ ធ្វើ​ជា​ម្ចាស់​ផ្ទះរៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​២០១៩​ 

     សូម​បញ្ចាក់​ថា៖​ តាម​រយៈ​សេចក្តី​ប្រកាស​រួម​របស់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ានបូក​ លើក​ទី៥​ ​នៅ​សិង្ហ​បុរី​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​ថែ​រក្សា​សន្តិភាព ​និង​ស្ថិរភាព​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ ដោយ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ ដើម្បី​ដោះ​ស្រាយ​ភាព​ប្រឈម​សន្តិសុខ​រួម ​សម្រាប់​ផល​ប្រយោជន៍​រួម​របស់​ប្រជាជន​ក្នុង​តំបន់​នេះ។​ ​ចុង​បញ្ចប់​កិច្ច​ប្រជុំ ​ឯកឧត្តម​ អ៊ឹង ​អេង​ហែន ​រដ្ឋមន្ត្រី​ការពារជាតិសិង្ហបុរី បានប្រគល់តួនាទីប្រធាន​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​ទៅ​ឱ្យ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ថៃ ​ដែល​ប្រទេស​ថៃ​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ