ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១២ នៅ​ប្រទេស​សិង្ហបុរី​
នាយកដ្ឋានព័ត៌មាន(៣)
439
610 សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១២ នៅ​ប្រទេស​សិង្ហបុរី​

     នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​តុលា ​ឆ្នាំ​២០១៨ ​សម្តេច​​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​​ឯកឧត្តម​ នាយ​​ឧត្តម​សេនីយ៌ ​​ណឹម សុវត្ថិ ​អគ្គនាយក ​អគ្គនាយកដ្ឋាន​នយោបាយ ​និង​ កិច្ចការ​បរទេស ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី១២ ​ជា​មួយ​បណ្តាល​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ ​ក្នុង​តំបន់​អាស៊ាន ​ដែល​ប្រទេស​សិង្ហបុរី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ និង​បាន​ប្រព្រឹត្ត​ទៅ​ក្រោម ​អធិបតី​ភាព ​ឯកឧត្តម​ អ៊ឹង ​អេង​ហែន ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​សឹង្ហ​បុរី​។ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១២ នៅ​ប្រទេស​សិង្ហបុរី​

     ​នៅ​ក្នុង​កិច្ច​​ប្រជុំ​​រដ្ឋមន្ត្រី​​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១២ ​ក្រៅ​ពី​ការ​អនុមត័​ទៅ​តាម​របៀប​វរៈ​ ដែល​បាន​គ្រោង​ទុក​ កិច្ច​ប្រជុំ​បាន​លើក​ឡើង​ពី​ការ​គំរាម​កំហែង​ផ្នែក​ភេរវកម្ម ​និង​អាវុធ​ប្រល័យ​លោក ​មាន​អាវុធ​គីមី​ ជីវសាស្រ្ត​ និង​វិទ្យុ​សកម្ម​។​ កិច្ច​ប្រជុំ​ក៏​បាន​​ធ្វើ​ការ​ពិភាក្សា ​និងផ្លាស់​ប្តូរ​ទស្សនៈ​ដោយ​ផ្តោត​ទៅ​លើ​ការ​ប្រឆាំង​មនោគម​វិជ្ចា​ភេរវ​កម្ម​ និង​រាល់​ភាព​ប្រឈម​ទាំង​ឡាយ​ ដែល​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ​តាម​រយៈ​ការ​​​បង្កើន​កិច្ច​​សហ​​ប្រតិបត្តការ ​ការ​ហ្វឹក​ហ្វឺន​ល្បាត​រួម​គ្នា​ និង​ការ​ចែក​រំលែក​ព័ត៌​មាន​គ្នា​ទៅ​វិញ​ទៅ​មក។​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ បាន​ចាត់​ទុក​សន្តិសុខ​ល្អ​ប្រសើរ​​នៅ​ក្នុង​​តំបន់​អា​ស៊ាន ​គឺ​​ជា​ចលករ​ដ៏​សំខាន់​នៅ​ក្នុង​ដំបន់​អាស៊ី ​ប៉ា​ស៊ី​ភិច​។​ សម្តេច​​ពិជ័យ​​សេនា​ ទៀ បាញ់ ​ឧប​នាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​​ការពារ​​ជាតិ

     នៅ​ក្នុង​​ការ​​ផ្លាស់​​ប្តូរ​​ទស្សនៈ​នោះដែរ សម្តេច​​ពិជ័យ​​សេនា​ ទៀ បាញ់ ​ឧប​នាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​​ការពារ​​ជាតិ​បាន​ថ្លែង​ថា៖​ បើ​ទោះ​បី​ជា​ស្ថាន​ភាព​ សន្តិ​សុខ​​នៅ​ក្នុង​តំបន់​អាស៊ាន ​មាន​ស្ថិរភាព​ជា​រួម​ ប៉ុន្​តែសក្តានុ​ពល​ ហានិ​ភ័យ ​​នៃ​​សន្តិសុខ​ និង​ស្ថិរភាព​ក៏​នៅ​តែ​បន្ត​មាន​។​ ទោះ​ជា​ភេរវកម្ម​កំពុង​ត្រូវ​បាន​ទប់​ស្កាត់​ ប៉ុន្តែ​វា​នៅ​តែ​បន្ត​គំរាម​គំហែង​​យ៉ាង​ធ្ងន់​ធ្ងរ​ ចំពោះ​ស្ថាន​ការណ៍​សន្តិសុខ​តំបន់ ​ហើយ​វា​ក៏​ជា​បញ្ហា​ព្រួយ​បារម្ភ​​រួម​របស់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​និង​តំបន់​ផ្សេងៗ​ទៀត​ជា​ច្រើន​។​ សម្តេច​ពិជ័យ​សេនា ​បាន​បន្ត​ទៀត​ថា​៖​ សព្វ​ថ្ងៃ​នេះ ​ការ​ទប់​ស្កាត់​ភេរវកម្ម​ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺ​ណែត​ ក្នុង​ការ​ទាក់​ទាញ​អ្នក​គាំទ្រ ​គឺ​មាន​សារៈ​សំខាន់​ណាស់​។​ សម្តេច​​ពិជ័យ​​សេនា ​ទៀ បាញ់ ​បាន​សង្កត់​ធ្ងន់​ថា៖​ ​ក្រុម​ភេរវករ​កំពុង​ទាញ​យក​ប្រយោជន៍​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ការ​ទំនាក់​ទំនង​ដោយ​ប្រើ​ប្រាស់​កូដ​សម្ងាត់ ​និង​ការ​ប្រើ​ប្រាស់​គេហទំព័រ​សម្ងាត់​ ដែល​ពុំ​អាច​មើល​បាន​ជា​សាធារណៈ ​ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ឃោសនា ​ទាញ​យក​សមាជិក​ថ្មីៗ​ ធ្វើ​ការ​ផ្ទេរ​នូវ​ជំនាញ​របស់​ខ្លួន​ដែល​ទទួល​បាន​ពី​សមរភូមិ ​ទៅ​​កាន់​អ្នក​ផ្សេង​ទៀត ​​ក៏​ដូច​ជា​ដើម្បី​រៀប​ចំ​ការ​វាយ​ប្រហារ​ជា​ដើម​។ ទោះ​បី​ជា​ប្រទេស​កម្ពុជា ​មិន​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ក្រុម​អង្គការ​ចាត់​តាំង​ភេរវករ​ក្នុង​ស្រុក​​ ឬ​អន្តរ​ជាតិ​ គួរ​ឱ្យ​កត់​សម្គាល់​ណា​មួយ ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ក៏​ដោយ ​រាជ​រដ្ឋាភិបាល​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​គំរាម​កំហែង​ក្នុង​តំបន់ ​ហើយ​​បាន​​ចាត់​ទុក​បញ្ហា​ភេរវកម្ម​ជា​ផ្នែក​មួយ​ នៃ​ការ​ព្រួយ​បារម្ភ​ចម្បង​ផ្នែក​សន្តិសុខ​ឆ្លង​ដែន​។ ​សម្តេច​បាន​សំដែង​នូវ​ជំនឿ​ជឿ​ជាក់​ថា៖​ អំពើ​ភេរវកម្ម​ នឹង​មិន​អាច​ត្រូវ​បាន​បង្រ្កាប​ ដោយ​មធ្យោ​បាយ​យោធា​តែ​មួយ​មុខ​នោះ​ទេ​ យើង​គួរ​ចាប់​ផ្តើម​គិត​គូរ​ពិចារណា​អំពី ​“វិធាន​ការ​ការ​ពារ​”​ សម្រាប់​ដំណោះ​ស្រាយ​យូរ​អង្វែង​ជា​អចិន្ត្រៃយ៍​។​ ​ជា​ចុង​ក្រោយ​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់​បន្ថែម​ថា​៖​ យើង​ត្រូវ​តែ​បំពេញ​បន្ថែម​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ប្រឆាំង​ភេរវកម្ម​របស់​យើង​នៅ​ក្នុង​វិស័យ​សន្តិសុខ ​ជា​មួយ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ ដើម្បី​កំណត់​ និង​ដោះ​ស្រាយ​ឫស​គល់​ នៃ​បញ្ហា​តែ​ម្តង​។​ ពិត​ណាស់​​មនុស្ស​ធម្មតា ​មិន​ងាយ​នឹង​ទៅ​ធ្វើ​ការ​វាយ​ប្រហារ​ភេរវកម្ម​ឡើយ ​លើក​លែង​តែ​គេ​អស់​សង្ឃឹម​ក្នុង​ជីវិត​ បាត់​បង់​អស់​កិត្តិយស​ជា​មនុស្ស ​ឬ​មាន​ការ​ឆ្អែត​ចិត្ត​ចំពោះ​ការ​មើល​ងាយ​ណា​មួយ​។​ ទាំង​នេះ​គឺ​ជា​បញ្ហា​សំខាន់​ដែល​ត្រូវ​ដោះ​ស្រាយ​ ប្រសិន​បើ​យើង​ចង់​ឱ្យ​មាន​ដំណោះ​ស្រាយ​យូរ​អង្វែង ​ចំពោះ​បញ្ហា​ភេរវកម្ម​។​ម្តេច​​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​​ឯកឧត្តម​ នាយ​​ឧត្តម​សេនីយ៌ ​​ណឹម សុវត្ថិ ​អគ្គនាយក ​អគ្គនាយកដ្ឋាន​នយោបាយ ​និង​ កិច្ចការ​បរទេស

     នៅ​ក្នង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី១២​​ នា​ពេល​នោះ ​កិច្ច​ប្រជុំ​បាន​ឯកភាព​កែ​ប្រែ​កិច្ច​ប្រជុំ​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​អាស៊ាន​ក្រៅ​ផ្លូវ​ការ​ អោយ​ទៅ​ជា​កិច្ច​ប្រជុំ​ អគ្គ​មេ​បញ្ជាការ​កង​ទ័ព​អាស៊ានផ្លូវ​ការ​វិញ ​ដែល​ត្រូវ​ចាប់​អនុវត្ត​ នៅ​ប្រទេស​ថៃ ​ដែល​ប្រទេស​ថៃ​ ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ ​អាស៊ាន​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ ៕ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ