ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​អញ្ជើញ​ត្រួត​ពិនិត្យ​សំណង់​វិមាន​ឈ្នះ ​ឈ្នះ​ ​
នាយកដ្ឋានព័ត៌មាន(៣)
415
607 សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​អញ្ជើញ​ត្រួត​ពិនិត្យ​សំណង់​វិមាន​ឈ្នះ ​ឈ្នះ​

     នៅ​សល់​តែ​៧៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ការ​ប្រារព្វ​ខួប​លើក​ទី២០ ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ ថ្ងៃ​ទី​២៩ ​ខែធ្នូ ​ឆ្នាំ​១៩៩៨​-​ថ្ងៃទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​និង​ចូល​មក​ដល់​។​ ដើម្បី​ជម្រុញ​ឲ្យ​ដំណើរ​ការ​សម្ភោធ​វិមាន​ឈ្នះ​ឈ្នះ​ និង​ការ​ប្រារព្វ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ នៅ​ថ្ងៃ​ទី២៩ ​ខែធ្នូ​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា ​នៅ​ថ្ងៃ​ទី១២​ ខែ​តុលា ​ឆ្នាំ​២០១៨ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​អម​តំណើរ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង​ ផាត​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​អ៊ី ឈាន ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ខ.ភ.ម ​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សៅ សុខា ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ព្រម​ទាំង​ ឯកឧត្តម​ ជា​អនុរដ្ឋ​លេខា​ធិការ​ អគ្គនាយក​ អគ្គនាយក​រង ​មេបញ្ជាការ​រង ​កង​ទ័ព​ជើង​គោក ​ជើង​ទឹក​ ជើង​អាកាស ​និង​មន្ត្រី​មក​ពី​ស្ថាប័ន​ ក្រសួង​ មន្ទីរ​ ​ជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​ ស្ថិ​តនៅ​សង្កាត់​បាក់​ខែង ​ខ័ណ្ឌ​ជ្រោយ​ចង្វា​រាជ​ធានី​ភ្នំពេញ។​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ណឹម​ សុវត្ថិ និងឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ខឹម សុខ ​រាយការណ៍​អំពី​ការ​រៀប​ចំ​សោភណ័​ភាព​ជុំ​វិញ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ

     នៅ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ណឹម​ សុវត្ថិ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​ និង​ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ខឹម សុខ ស្ថាបត្យករ​សំណង់​វិមាន​ឈ្នះ​ឈ្នះ ​បាន​រាយការណ៍​ជូន​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អំពី​ការ​រៀប​ចំ​សោភណ័​ភាព​ជុំ​វិញ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ ​ដូច​ជា​ការ​ក្រាល​ថ្ម​ម៉ាប​ ការ​ដាំ​កូន​ឈើ ​ការ​ស្ថាប​នា​ផ្លូវ​ និង​ការ​បំពាក់​រូប​ចម្លាក់​។​ ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​ត្រួត​ពិនិត្យ​​ទី​កន្លែង​ដែល​ត្រូវ​រៀប​ចំ​ស្តង់​តាំង​ពិ​ពណ៌​នៅ​ក្រៅ​វិមាន​ឈ្នះ​ឈ្នះ​ ដែល​បណ្តា​ក្រសួង ស្ថាប័ន ​ខេត្ត​ ក្រុង​ ត្រូវ​មក​ដាក់​តាំង​នូវ​សមិទ្ធផល​របស់​ខ្លួន​ ដែល​ទទួល​បាន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ ក្រោយ​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា​ទទួល​សុខ​សន្តិភាព​ពេញ​លេញ​នូវ​ទូ​ទាំង​ប្រទេស​ ក្រោម​គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ សម្តេចតេជោ ហ៊ុន សែន ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​ម​ក។​ ឆ្លៀត​ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​ស្ថាបនា​តំបន់​ព្រៃ​ទេព​និមិត្ត​ នៅ​ផ្នែក​ខាង​ជើង​វិមាន​ឈ្នះ​ឈ្នះ​ ដែ​លកំពង់​សាង​សង់​ដោយ​កង​ទ័ព​ជើង​គោក។​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ណឹម​ សុវត្ថិ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ ​រាយការណ៍​ជូន​អង្គ​ប្រជុំ

     នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្នុង​វិមាន​ឈ្នះ​ឈ្នះ ​​ឯកឧត្តម​ ណឹម សុវត្ថិ ​បាន​រាយការណ៍​ជូន​អង្គ​ប្រជុំ​ អំ​ពី​ការ​ប្រុង​ប្រៀប​រៀប​ចំ​ធ្វើ​សារមន្ទីរ​ក្នុង​តំបន់​៧​ជ្រុង​​ក្នុង​វិមាន​ឈ្នះ​ឈ្នះ ​ដែល​ជា​​សារមន្ទីរ​មគ្គុទេសក៍​ភាព​របស់​ សម្តេច​តេជោ ​ហ៊ុន សែន​ រៀប​រាប់​ពី​រឿង​រ៉ាវ​របស់ សម្តេច​តេជោ ​ហ៊ុន សែន ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត​ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២០ ​ខែ​មិថុនា ​ឆ្នាំ​១៩៧៧។​ ​ឯកឧត្តម​ ណឹម សុវត្ថិ ​ក៏​បាន​រាយការណ៍​ជូន​អង្គ​ប្រជុំ​អំពី​ការ​ប្រុង​ប្រៀប​រៀប​ចំ​តាំង​ពិពណ៌​នៅ​ក្នុង​តំបន់​សមិទ្ធផល ​ដោយ​មាន​ការ​ចូល​រូម​ពី​បណ្តា​ក្រសួង​ ស្ថាប័ន​រាជ​ធានី​ខេត្ត​ក្រុង​ និង​រួម​ពី​ខ.ភ.ម​ ដែល​ត្រូវ​បង្ហាញ​ពី​ខឿន​ការពារ​ជាតិ​, អាវុធហត្ថ​​,​ វិស្វកម្ម​, ​ការ​រក្សា​សន្តិភាព​ នង​សកម្មភាព​កំ​ចាត់​មីន​កម្ពុជា។​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​បូក​សរុប​កិច្ច​ប្រជុំ

     ថ្លែង​បូក​សរុប​កិច្ច​ប្រជុំ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ជាក់​ថា​៖​ ការ​រៀប​ចំ​សារមន្ទីរ​ និង​តាំង​ពិពណ៌​នេះ ​គឺ​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ដែល​ទទួល​បាន​ពី​សន្តិភាព​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្ល​ងម​ក បន្ទាប់​ពី​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ទទួល​បាន​សន្តិភាព ​យើង​ទទួល​បាន​នូវ​សមិទ្ធផល​ច្រើន​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​២នេះ​​។ សម្តេច​ពិជ័យ​សេនា ទៀ​ បាញ់ ​បាន​បញ្ជាក់​ទៀត​ថា៖​ ដើម្បី​រំលឹក​នូវ​គុណ​តម្លៃ​នយោបាយ​ឈ្នះ​ឈ្នះ​ សម្តេច​តេជោ ​ហ៊ុន សែន ​បាន​ឲ្យ​គ្រប់​ស្ថាប័ន​ទាំង​អស់​ មក​បង្ហាញ​នូវ​សមិទ្ធផល​របស់​ខ្លួន​នៅ​វិមាន​ឈ្នះ​ឈ្នះ​ នា​ថ្ងៃ​ទី២៩ ​ខែធ្នូ ​ឆ្នាំ​២០១៨​ខាង​មុខ​ ដែល​ជា​ថ្ងៃ​ប្រារព្វ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ ៕​ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ