របាយការណ៍បូកសារុបការងារ៩ខែ និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០១៨ ត្រូវបានក្រសួងការពារជាតិលើកយកមកប្រជុំឆ្លង នាព្រឹកថ្ងៃអង្គារ៍ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ សំ វ៉ាន់ថន អគ្គលេខាធិការ ក្រសួងការពារជាតិ អានរបាយការណ៍បូកសរុបការងារ
ឯកឧត្តម នាយឧត្តមសេនីយ សំ វ៉ាន់ថន អគ្គលេខាធិការ ក្រសួងការពារជាតិ បានអានរបាយការណ៍បូកសរុបការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចំរើនថ្មីៗ ក្រោយពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។ របាយការណ៍ក៏បានលើកឡើងផងដែរ ពីលទ្ធផលការងារ នៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសំរេចបាន នៅក្នុងរយៈពេល៩ខែកន្លងទៅ ក្រោមកិច្ចសហការជាមួយកំលាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ច ការពារការបោះឆ្នោត។ ចំណែកលទ្ធផលការងារកែទំរង់កងយោធពលខេមរភូមិន្ទវិញ នៅក្នុងរយៈពេល៩ខែនេះ របាយការណ៍បានបញ្ជាក់ថា៖ បានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញ នៅតាមបណ្តាសាលា និងកងឯកភាពនានា នៅទូទាំងប្រទេសផងដែរ។ ខ.ភ.ម បានធ្វើម្ចាស់ការលើការពង្រឹង និងការពារនៅតាមបណ្តោយព្រំដែន និងបណ្តាកោះមួយចំនួន ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេស ជិតខាង។ យើងបានម្ចាស់ការ និងសហប្រតិបត្តិការបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីឲ្យភូមិ,ឃុំ មានសុវត្តិភាព។ សំរាប់ទិសដៅ អនុវត្តបន្តនៅក្នុងត្រីមាសទី៤ របាយការណ៍បានដាក់ចេញនូវទិសដៅអោយគ្រប់បណ្តាអង្គភាព កងយោធ ពលខេមរភូមិន្ទ បន្តអនុវត្តផែនការកែទំរង់កងយោធពលខេមរភូមិន្ទ បន្តពង្រឹងប្រៀបការពារជាតិ នៅតាមព្រំដែន ត្រៀមគ្រប់លក្ខណៈចុះជួយសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះធម្មជាតិកើតឡើង និងបន្តរួមសហការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋានអោយបាន ល្អប្រសើរ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសមាជិកអង្គប្រជុំទាំងអស់ ក៏បានធ្វើការពិភាក្សាលើខ្លឹមសារ របាយការណ៍បូកសរុបការងារ៩ខែ និងទិសដៅ ត្រីមាសទី៤ ដើម្បីដាក់ចេញអោយអនុវត្តសំរេចបានលទ្ធផលល្អបន្ថែមទៀត។ បន្ទាប់មក សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៏ជូនចំពោះ ឯកឧត្តម ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលព្រះមហាក្សត្រទើបបានតែងតាំង កាលពីពេលថ្មីៗកន្លងមកនេះផងដែរ ៕