ក្នុងជំនួបសំដែងការគួរសម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង គឿង ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះលទ្ធផល នៃការបោះឆ្នោតដែលបានទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ និងទទួលបានការដឹកនាំបន្តទៀតរបស់សម្ដេចតេជោ។ ជម្រាបជូនសម្តេចតេជោថា៖ នេះជាលើកទីមួយហើយ ដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូ អគ្គស្នងការ នយោបាយ កងទ័ពប្រជាជនវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង គឿង ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា៖ ឯកឧត្ដម ក៏បានគោរពរាយការណ៍ជូន សម្ដេចតេជោផងដែរ ឯកឧត្តមបានជួបពិភាក្សាការងារជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ៧០ ព្រមទាំងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាក្រសួងការពារជាតិ ដែលក្នុងនោះ បានរួមគ្នាវាយតម្លៃ ពីស្ថានភាពនយោបាយលើពិភពលោក ស្ថានភាពនយោបាយក្នុងតំបន់ ក៏ដូចជាការវាយតំលៃពីសក្ដានុពល និងការប្រឈមទាំងឡាយ និងរួមគ្នាពង្រឹងមិត្តភាព ដើម្បីធ្វើយ៉ាងណារក្សាអោយបាន នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ការផ្លាស់ប្ដូរព័ត៌មាន ការអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។
តាមរយៈជំនួបនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងនូវការចូលរួមសោកស្ដាយ ចំពោះមរណភាពរបស់ ឯកឧត្តមប្រធានរដ្ឋ ចិន ដៃក្វាង ហើយក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លឿង គឿង ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេច ហើយក៏បានថ្លែងអំណរគុណចំពោះការអបអរសាទរលទ្ធផល នៃការបោះឆ្នោតផងដែរ។ សម្ដេចក៏បានអរគុណចំពោះរបាយការណ៍ ហើយក៏បានគាំទ្រ និងលើកទឹកចិត្ត ដល់ការអនុវត្តលើអ្វីដែលបានសម្រេចហើយអោយទទួលបានជោគជ័យ។ ឆ្លៀតឱកាសនោះដែរ សម្ដេចក៏បានថ្លែងអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលវៀតណាមដែលកន្លងមកជួយដល់កម្ពុជា ,ក្នុងនេះ សម្ដេចបានមានប្រសាសន៍ថា៖ ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់វៀតណាមបានឡើយ ៕