មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម បានសន្យារួមគ្នាបង្កើន កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកងទ័ព នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត បើទោះបីមានការញុុះញង់ពីជនអគតិមួយក្តាប់តូចយ៉ាងណាក៏ដោយនោះ។ ការសន្យារបស់មន្រ្តីជាន់ខ្ពស់យោធា នៃប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាទ្វេរភាគី នៅក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ រវាង ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀត ណាម។ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងថា៖ ប្រទេសវៀតណាមគឺជាមិត្ត ភូមិផងរបងតែមួយជាមួយកម្ពុជា ដូច្នេះប្រទេសទាំងពីរនៅតែរក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែល្អប្រសើបន្ថែមទៀត បើទោះបីជាមានជនអគតិមួយចំនួន ធ្វើការញុះញង់បំបែកបំបាក់ និងបំផុសបំផុលឲ្យមានការស្អប់ខ្ពើមគ្នាក៏ដោយនោះ។ ឯកឧត្តមបានបន្តថា៖ «នៅពេលមានសភាពការណ៍ព្រំដែន យើងរក្សាបាននូវគោលជំហរសតិអារម្មណ៍ និងសកម្មភាពរឹងមាំរបស់កងទ័ព និងប្រជាជនយើងទាំងពីរ ជាប្រទេសជិតខាងល្អ បង្កើនជំនឿជឿជាក់ចំពោះការដឹកនាំរបស់រដ្ឋាភិបាលយើងទាំងពីរ បង្កើន និងពង្រឹងជំនឿជឿជាក់ចំពោះការដឹកនាំរបស់រដ្ឋាភិបាលយើងទាំងពីរ បង្កើន និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលយើងទាំងពីរផងដែរ»។ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង គឿង បានអះអាងថា៖ វៀតណាម នៅតែជួយកម្ពុជាជានិច្ច ជាពិសេសលើកស្ទួយវិស័យការពារជាតិ និងគាំទ្រគោលនយោបាយរបស់កម្ពុជា និងបន្តផ្តល់អាហារូបករណ៍ដល់កងទ័ពកម្ពុជាដដែលផងដែរ។ ឯកឧត្តម លឿង គឿង បានបន្តថា៖ «មិត្តភាព នៃប្រទេសយើងទាំងពីរគ្មានថ្ងៃបែកបាក់នោះឡើយ ហើយយើងនឹងខិតខំជំរុញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ ដើម្បីផលប្រយោជន៍រួម លើកស្ទួយនូវជីវភាពប្រជាជនយើងទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងរួមគ្នាថែរក្សាសុខសន្តិភាពនៅតាមព្រំដែនយើងទាំងពីរ»។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈសភាពការណ៍ និងបទពិសោធន៍ល្អៗ ឆ្លុះបញ្ចាំងពីទស្សនៈវិស័យនយោបាយ និងការវិវត្តន៍ នៃសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀត ណាម កាន់តែរឹងមាំថែមទៀត ជាពិសេសការអនុវត្តយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមពិធីសារ និងផែនការកិច្ចសហប្រតិបតិការប្រចាំឆ្នាំ ដែលបានដាក់ចេញ។ ទន្ទឹមនឹងនេះកិច្ចប្រជុំក៏បានឯកភាពគ្នា លើការងារបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូ ពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមមាន៖ វិទ្យុ ទូរទស្សន៍ និងទស្សនាវដ្ឋីកងទ័ព បានចូលជ្រៅគ្រប់ស្រទាប់មហាជនប្រជាជន ផ្សព្វផ្សាយបានទាន់ហេតុការណ៍ នូវរាល់សារ គោលនយោបាយរបស់រាជរដ្ឋាភិបាល សភាពការណ៍ព្រំដែន ក៏ដូចជាសកម្មភាពស្នាដៃ និងសមិទ្ធផលរបស់កងទ័ពទាំងពីរ សំដៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងរក្សាបានការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឲ្យល្អប្រសើរឡើងថែមទៀត ៕