នាយទាហានមកពីគ្រប់អង្គភាពកងទ័ពទាំងបីប្រភេទនៃ ខ.ភ.ម មន្ត្រីរាជការស៊ីវីល និងសិស្ស-និស្សិតស្ម័គ្រចិត្តចំនួន១២០នាក់ បានទទួលការបណ្តុះបណ្តាល នូវវគ្គជំនាញមគ្គុទេសក៍ វិមានឈ្នះ-ឈ្នះ ជំនាន់ទី១ នៅសាលប្រជុំធំ របស់អគ្គបញ្ជាការដ្ឋាន នៃខ.ភ.ម រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការរៀបចំឡើងដោយវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ។ ពិធីបើកវគ្គនេះបានប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមជំនួយការតំបន់សមិទ្ធិផល នៃគណៈកម្មាធិការសាងសង់វិមានឈ្នះ-ឈ្នះ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម អស់លោកជា អគ្គនាយករង នាយកនាយកដ្ឋាន និងនាយទាហានជាន់ខ្ពស់ក្នុងខ.ភ.ម ជាច្រើនរូប។ ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀច ស៊ីណា នាយកវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា
ក្នុងរបាយការណ៍បើកវគ្គ ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀច ស៊ីណា នាយកវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា បានគូសបញ្ជាក់ថា៖ វិទ្យាស្ថានប្រវត្តិសាស្ត្រយោធា នៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដោយបានកិច្ចសហការដ៍ល្អពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងបណ្តាអង្គភាពទ័ពជំនាញទាំងបីប្រភេទនៃខ.ភ.ម និងដោយអនុវត្តតាមបទបញ្ជា ផែនការសច្ចាប័នការងារបណ្តុះបណ្តាលរបស់ក្រសួងការពារជាតិ វិទ្យាស្ថានបានដំណើការបើកវគ្គបណ្តុះបណ្តាលជំនាញមគ្គុទេសក៍វិមានឈ្នះ-ឈ្នះ ជំនាន់ទី១ សំរាប់ឆ្នាំ២០១៨នេះ មួយវគ្គឲ្យដល់នាយទាហាន មកពីគ្រប់កងឯកភាពកងទ័ពទាំងបីប្រភេទ ទូរទាំងខ.ភ.ម ចំនួន៩៤នាក់ មកពីសិស្ស-និស្សិតស្ម័គ្រចិត្តចំនួន១២នាក់ ព្រមទាំងមន្ត្រីរាជការស៊ីវីលចំនួន១៤នាក់ ដែលមានចំនួនសរុប១២០នាក់ ដោយមានរយៈពេលសិក្សា៣ថ្ងៃ លើខ្លឹមសារប្រធានបទ នៃបទបង្ហាញរួមមាន៖ បទបង្ហាញស្តីពីចក្ខុវិស័យ នៃការកសាងវិមាន ឈ្នះ-ឈ្នះ (នយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា), បទបង្ហាញស្តីពីដំណើការជាក់ស្តែង នៃការធ្វើសមាហរណកម្ម ក្នុងការអនុវត្តន៍យោបាយឈ្នះ-ឈ្នះ, បទបង្ហាញស្តីពី និម្មិតរូប និងអត្ថន័យ នៃចម្លាក់វិមាន ឈ្នះ-ឈ្នះ, បទបង្ហាញស្តីពី ស្ថាបត្យកម្ម នៃវិមានឈ្នះ-ឈ្នះ និងការធ្វើទស្សនកិច្ចសិក្សានៅទីតាំងប្រវត្តិសាស្ត្រកោះថ្ម ស្ថិតក្នុងភូមិសាស្ត្រស្រុកមេមុត ខេត្តត្បូងឃ្មុំ និងវិមានឈ្នះ-ឈ្នះ ដែលកំពុងសាសង់នាទីក្រុងភ្នំពេញ។ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមជំនួយការតំបន់សមិទ្ធិផល នៃគណៈកម្មាធិការសាងសង់វិមានឈ្នះ-ឈ្នះ
ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក្នុងនាមឲ្យសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នឹងយោធាចារ្យ អ្នកបំរើការ ដែលកំពុងបំពេញការងារនៅក្នុងវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា នៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលរហូតមកបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំ ឲ្យមានវគ្គបណ្តុះបណ្តាលមួយនេះឡើង សំដៅពង្រឹងពង្រីកសមត្ថភាពកងទ័ពរបស់យើង ឲ្យកាន់តែមានគុណភាព លើជំនាញមគ្គុទេសក៍ នៃវិមានឈ្នះ-ឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធារបស់ប្រទេសកម្ពុជានេះ។ ឯកឧត្តម ណឹម សុវត្ថិ ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៍ជ្រាលជ្រៅ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ផ្ញើរជូនចំពោះនាយទាហាន យោធាចារ្យ និងសិក្ខាកាមទាំងអស់ក្នុងឱកាសនេះផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលជំនាញមគ្គុទេសក៍វិមានឈ្នះ-ឈ្នះ ដែលបានបើកឲ្យដំណើការសិក្សារៀនសូត្រនេះ គឺមានសារៈសំខាន់ណាស់សំរាប់យើងជាមន្ត្រីយោធា, មន្ត្រីរាជការស៊ីវីល, និងសិស្ស-និស្សិតស្ម័ក្រចិត្ត ដែលជាអ្នកធ្វើមគ្គុទេសក៍របស់វិមានឈ្នះ-ឈ្នះ ក្នុងការឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រយោធា របស់ប្រទេសកម្ពុជា ឲ្យដល់អ្នកទេសចរណ៍ជនបរទេស ឬកូនខ្មែរជំនាន់ក្រោយ ដែលទៅទស្សនានៅតំបន់ប្រវត្តិសាស្ត្រ និងវិមានឈ្នះ-ឈ្នះ បានយល់ដឹងកាន់តែច្បាស់ ពីប្រវត្តិសាស្ត្រយោធា គ្រប់សម័យកាលរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តម ណឹម សុវត្ថិក៍បានរំលឹកឲ្យ នាយទាហាន និងសិក្ខាកាមក្នុងវគ្គទាំងអស់ ឲ្យខិតខំបំពេញការងារ ពិសេសថ្នាក់ដឹកនាំ នៃវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា ក៍ត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពការងារ បណ្តុះបណ្តាលជំនាញមគ្គុទេសក៍ ឲ្យដល់កងទ័ព បានយល់ពីអត្ថន័យប្រវត្តិសាស្ត្រយោធា និងវិមានឈ្នះ-ឈ្នះ។ ដោយឡែកសិក្ខាកាមទាំង១២០នាក់ បើទោះបីវគ្គនេះ មានរយៈពេលខ្លី ក៍ពិតមែនតែក៍សូមអស់លោក យកចិត្តទុកដាក់សិក្សាស្វែងយល់ឲ្យបានច្បាស់អំពីប្រធានបទនិមួយៗ ដែលវាលឃ្មឹនបានឧទ្ទេសនាម។ ឯកឧត្តម ណឹម សុវត្ថិ ក៍បានប្រកាសបើកវគ្គជំនាញបណ្តុះបណ្តាលមគ្គុទេសក៍វិមានឈ្នះ-ឈ្នះ ជំនាន់ទី១នេះ ចាប់ពីពេលនេះតទៅ ៕