នៅទីក្រុងសេអូល សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនា ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-កូរ៉េ លើកទី៧ ដែលសាធារណរដ្ឋកូរ៉េ បានរៀបចំធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ។ កិច្ចសន្ទនាអនុរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-កូរ៉េ លើកទី១ នៅទីក្រុងសេអូល ប្រទេសកូរ៉េ
ថ្លែងបើកកិច្ចសន្ទនានោះ, លោក ស៊ូស ចូស៊ូក (SUH Choo Suk) អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េ បានលើកឡើងអំពីនយោបាយរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក អាស៊ាន-កូរ៉េ ទៅលើកិច្ចសហប្រតិបត្តិការ ការពារជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការបណ្តាប្រទេសក្នុងតំបន់ សម្រាប់អត្ថប្រយោជន៍រួម ដូចជា៖ សន្តិសុខលម្ហសមុទ្រ ជំនួយមនុស្សធម៌ ការសង្រ្គោះគ្រោះមហន្តរាយ សន្តិសុខតាមប្រព័ន្ធអ៊ិនធឺរណែត និងការប្រឆាំងអំពើភេរវកម្ម ព្រមទាំងស្នើសុំឲ្យមានការឯកភាពគ្នា មិនឲ្យមានអាវុធនុយក្លែអ៊ែរ និងបង្កើតនយោបាយសន្តិភាពលើឧបទ្វីបកូរ៉េ។ជំនួបទ្វេភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោក ស៊ូស ចូស៊ូក (SUH Choo Suk) អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េ
នៅរសៀលថ្ងៃទី១២ ខែកញ្ញាដដែលនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង លោក ស៊ូស ចូស៊ូក (SUH Choo Suk) អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េ។ ក្នុងជំនួបនោះភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យយោធាប្រទេសទាំងពីរ។ អនុស្សារណៈបានលើឡើងចំនួន៦ចំណុច រួមមាន៖ ការផ្លាស់ប្តូរបទពិសោធន៍ និងពត៌មានផ្នែកការពារជាតិ, ជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ, លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងហ្វឹកហ្វឺនកងទ័ព, បង្កើនកិច្ចសហប្រតិបត្តិការផ្នែកភស្តុភារ និងការថែទាំ, បង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកជំនួយមនុស្សធម៌ ព្រមទាំងជំរុញការផ្លាស់ប្តូរផ្នែកកីឡា និងវប្បធម៌កងទ័ព ៕