នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន ថ្ងៃទី៩ ខែកញ្ញា មុនកិច្ចប្រជុំវេទិកាអនុរដ្ឋមន្ត្រីការពារជាតិ ជប៉ុន-អាស៊ាន លើកទី១០, គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជួបប្រជុំការងារទ្វេរភាគីជាមួយ និងឯ.ឧ រ៉ូ ម៉ាណាបេ (Ro Manabe) អនុរដ្ឋមន្ត្រីការពារជាតិ ជប៉ុន ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ នៅក្នុងបន្ទប់ម៉ាតស៊ូ (Matsu) នៃសណ្ឋាគារណាហ្គោយ៉ា (Hotel Nagoya Castle) ប្រទេសជប៉ុន។ នៅក្នុងជំនួបនេះដែរ ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត និង ឯ.ឧ រ៉ូ ម៉ាណាបេ (Ro Manabe) បានពិភាក្សាគ្នាអំពី ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងយ៉ាងស្អិតរមួត រវាងភាគីទាំងពីរតាមរយៈស្ថាប័នយោធា ការផ្តល់ជំនួយក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាពតាមរយៈការកសាងសមត្ថភាព និងការផ្តល់ជំនួយបច្ចេក វិទ្យាយោធាដល់ខ.ភ.ម។ បន្ថែមលើសពីនេះទៀតភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខលើលម្ហសមុទ្រ។ ប្រទេសជប៉ុនដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងជាដៃគូរដែលជឿជាក់បំផុត សម្រាប់ការធ្វើសមាហរណកម្មប្រទេសកម្ពុជា ចូលទៅក្នុងសេដ្ឋកិច្ចអាស៊ាន និងពិភពលោក ជាប្រទេសជួយបញ្ចប់សង្គ្រាមដ៏រាំរ៉ៃរបស់កម្ពុជា ដោយនាំមកនូវសន្តិភាពដ៏ពេញលេញ និងការកសាងសមត្ថភាពដល់បុគ្គលិកស៊ីវិល និងយោធាកម្ពុជា ក្នុងវិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជួបប្រជុំការងារទ្វេរភាគីជាមួយ និងឯ.ឧ រ៉ូ ម៉ាណាបេ (Ro Manabe) អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន
បន្ទាប់មកនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមបើកជាផ្លូវការ នៃកិច្ចប្រជុំវេទិកាអនុរដ្ឋមន្ត្រីការពារជាតិ ជប៉ុន-អាស៊ាន លើកទី១០។ គោលបំណងចម្បងនៃការរៀបចំវេទិកានេះ គឺដើម្បីផ្លាស់ប្តូរទស្សន ប្រកបដោយ ភាពស្មោះត្រងលើបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ដើម្បីលើកកម្ពស់ ទំនាក់ទំនងឲ្យកាន់តែជិតស្និត រវាងមន្ត្រីជាន់ខ្ពស់ក្នងវិស័យយោធា។ វេទិកានេះបានបែងចែកជាបីសម័យប្រជុំ ដោយផ្តោតសំខាន់ លើបញ្ហាបីយ៉ាង រួមមាន៖ បញ្ញាប្រឈម និងកិច្ចខិតខំប្រឹងប្រែង ក្នុងការចែករំលែកគុណតម្លៃជាសាកល ដែលផ្តោតលើនីតិរដ្ឋ, បញ្ហាប្រឈម និងកិច្ចប្រឹងប្រែងក្នុងការប្រឈមមុខ និងគ្រោះមហន្តរាយ, និងទស្សសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិជប៉ុន-អាស៊ាន កាន់តែស៊ីជម្រៅ។ នៅក្នុងវេទិកានេះ ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក៏បានធ្វើបង្ហាញនូវលើប្រធានបទស្តីពី បញ្ហាប្រឈម និងកិច្ចប្រឹងប្រែងក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយជូនអង្គវេទិកាបានជ្រាប។កិច្ចប្រជុំវេទិកាអនុរដ្ឋមន្ត្រីការពារជាតិ ជប៉ុន-អាស៊ាន លើកទី១០
ក្រោយពីវេទិកាបានបញ្ចប់ នៅរសៀលថ្ងៃដដែលនោះដែរ ក៏មានថ្លែងសន្ទរកថាពិសេស ដែលបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ឯ.ឧ ហាជី ម៉ូហាម៉ាត់ ប៊ីនសាប៊ូ (Haji Mohamad Bin Sabu)។ ហើយបន្ទាប់មក ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងសហការី ក៏បានអញ្ជើញចូលរួមពិធីជប់លៀង ដែលបានរៀបចំដោយ ឯ.ឧ គីតារ៉ូ អូណូ (Keitaro Ohno) អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន ជូនដល់សមាជិកជាអនុរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ផងដែរ ៕