ព័ត៌មាន

ផ្សព្វផ្សាយ​កម្ម​វិធី​នយោបាយ​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៦​ និង​បំពាក់​ឋានន្តរស័ក្តិ​ តែង​តាំង​មុខ​តំណែង​អគ្គបញ្ជាការ​ នាយ​សេនា​ធិការ​ចំរុះ ​និង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​
នាយកដ្ឋានព័ត៌មាន(៣)
133
575 ផ្សព្វផ្សាយ​កម្ម​វិធី​នយោបាយ​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៦​ និង​បំពាក់​ឋានន្តរស័ក្តិ​ តែង​តាំង​មុខ​តំណែង​អគ្គបញ្ជាការ​ នាយ​សេនា​ធិការ​ចំរុះ ​និង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

     នៅ​វិមាន​សន្តិភាព ​រសៀល​ថ្ងៃ​សុក្រ​ ១២រោច ​ខែ​ស្រាពណ៍ ​ឆ្នាំច​ សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​ បាន​ប្រារព្វ​ពិធី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​យោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦ ​និង​បំពាក់​ឋានន្តរស័ក្តិ​ តែង​តាំង​មុខ​តំណែង​អគ្គបញ្ជាការ​ នាយ​សេនាធិការ​ចំរុះ ​និង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​ សំអុល ​អគ្គនាយក​រង​ អគ្គនាយកដ្ឋាន​យោធ​សេវា​ ក្រសួង​ការពារ​ជាតិ ​និង​ជា​នាយក ​នាយកដ្ឋាន​បុគ្គលិក​ ក្រសួង​ការពារ​ជាតិ

      នៅ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​ សំអុល ​អគ្គនាយក​រង​ អគ្គនាយកដ្ឋាន​យោធ​សេវា​ ក្រសួង​ការពារ​ជាតិ ​និង​ជា​នាយក ​នាយកដ្ឋាន​បុគ្គលិក​ ក្រសួង​ការពារ​ជាតិ ​បាន​ឡើង​អាន​ព្រះរាជ​ក្រឹត្យ​ របស់​ព្រះ​មហាក្សត្​រ ដែល​ក្នុង​ព្រះរាជ​ក្រឹត្យ​បាន​តែង​តាំង ​និង​តម្លើង​ឋានន្តរស័ក្តិ​ជូន​ ឧត្តម​សេនីយ៍ឯក ​វង្ស ពិសេន ​អត្តលេខ ០០៣៥៧ ​ជា​អគ្គបញ្ជាការ​ នៃ​កង​យោធិពល​ខេមរ​ភូមិន្ទ​ និង​តម្លើង​ឋានន្តរស័ក្តិ​ថ្នាក់​ នាយ​ឧត្តមសេនីយ៍,​ ព្រះ​រាជា​ក្រឹត្យ​បាន​តែង​តាំង ​នាយ​​ឧត្តមសេនីយ៍​ ឥត ​សារ៉ាត់ ​អត្តលេខ​ ០០៣៣៤ ​ជា​នាយ​សេនា​ធិការ​ចំរុះ ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន​ និង​តែង​តាំង​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត​ អត្តលេខ ​០៣៣៨៨៣ ​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន​។​ ដោយ​ឡែក​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារជាតិ ​ស្តី​ពី​ការ​កែ​សម្រួល​ផ្ទេរ​ក្រប​ខ័ណ្ឌ​អង្គភាព​​ខ.ភ.ម​ បាន​​ប្រកាស​​ធ្វើ​ការ​កែ​សម្រួល​​ ផ្ទេរ​ក្រប​ខណ្ឌ័​កង​ពល​ធំ​អន្តរាគមន៍ ​និង​កង​ពល​តូច​អន្តរាគមន៍ ​ពី​អគ្គបញ្ជាការ​ដ្ឋាន ​មក​ចំណុះ​ផ្ទាល់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ដែល​ក្នុង​នោះ​រួម​មាន ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ កង​ពល​តូច​អន្តរាគមន៍​លេខ​១ ​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​លេខ​៩១១​ និង​កង​ពល​តូច​លេខ​៧០​។​គណៈអធិបតីភាពក្នុងកម្មវិធីពិធីផ្សព្វផ្សាយ​នយោបាយ​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៦​ និង​បំពាក់​ឋានន្តរស័ក្តិ​ តែង​តាំង​មុខ​តំណែង​អគ្គបញ្ជាការ​ នាយ​សេនា​ធិការ​ចំរុះ ​និង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

     នៅ​ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​​ក៏​បាន​ធ្វើ​ការ​ឡើង​បំពាក់​ឋានន្តរស័ក្តិ​ ថ្នាក់​នាយ​ឧត្តម​សេនីយ៍​ និង​ប្រគល់​ព្រះរាជក្រឹត្យ​តែង​តាំង​មុខ​តំណែង​ដល់ ​នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន ជា​អគ្គ​មេបញ្ជាការ​ខ.ភ.ម,​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​ជា​នាយ​សេនា​ធិការ​ចំរុះ ​និង ឧត្តម​សេនីយ៍ឯក​​ ហ៊ុន ម៉ាណែត​ ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​។ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​

      មាន​ប្រសាសន៍​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ជាក់​ថា​៖​ ការ​ប្រកាស​តែង​តាំង​មុខ​តំណែង​នា​ពេល​នេះ ​គឺ​ដើម្បី​ឆ្លើយ​តប​អោយ​បាន​ទាន់​ពេល​វេលា ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​របស់​ខ.ភ.ម​ ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ។​ សម្តេច​ពិជ័យ​បាន​បញ្ជាក់​ទៀត​ថា៖ ​បន្ទាប់​ពី​ធ្វើ​ពិធី​ប្រកាស​តែង​តាំង​មុខ​តំណែង​អគ្គបញ្ជាការ ​និង​កង​ទ័ព​ជើង​គោក​នេះ​ទៅ ​ត្រូវ​បន្ត​ធ្វើ​ពិធី​បែង​ចែក​ភារកិច្ច​បន្ត​ទៀត ​ទាំង​នៅ​អគ្គបញ្ជាការ​ និង​កង​ទ័ព​ជើង​គោក ​ដើម្បី​បំពេញ​ការ​ងារ​អោយ​កាន់​តែ​មាន​ប្រសិទ្ធិភាព។​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​សង្កត់​ធ្ងន់​ថា​៖ ​ការ​បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​យើង ​គឺ​ជា​ភារកិច្ច​ស្នូល​ចាំ​បាច់​បំផុត ​ដើម្បី​អោយ​មាន​ភាព​រីក​ចំរើន ​និង​រឹង​មាំ​ក្នុង​ខ.ភ.ម​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ