ព័ត៌មាន

ឯកឧត្តម​ ម៉ឹង ​សំផន ​ជួប​ជា​មួយ​​អនុព័ន្ធ​យោធា​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិបតេយ្យកូរ៉េ​
នាយកដ្ឋានព័ត៌មាន(៣)
72
571 ឯកឧត្តម​ ម៉ឹង ​សំផន ​ជួប​ជា​មួយ​​អនុព័ន្ធ​យោធា​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិបតេយ្យកូរ៉េ​

      នៅ​ព្រឹក​ច័ន្ទ​ ៨​រោច​ ខែ​ស្រាពណ៌​ ឆ្នាំច​ សំរឹទ្ទិ​ស័ក​ ព.ស​២៥៦២ ​ត្រូ​វ​នឹង​ថ្ងៃទី០៣ ខែកញ្ញា ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ម៉ឹង សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​បាន​អនុញ្ញាតិ​ឲ្យ​ លោក​វរសេនីយ៍ឯក​ពិសេស​​​ Jong Nam Chol ​អនុព័ន្ធ​យោធា​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​ប្រចាំ​កម្ពុជា​ ដែល​មាន​និវេសន​ដ្ឋាន​នៅ​ទី​ក្រុង​ហា​ណូយ ​ចូល​ជួប​ពិភាក្សា​ការ​ងារ​ និង​ជំរាប​លា​ ក្នុង​ខណៈ​បញ្ចប់​បេសកកម្ម​អាណត្តិ​ការ​ទូត​របស់​ខ្លួន​។​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ម៉ឹង សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និងលោក​វរសេនីយ៍ឯក​ពិសេស​​​ Jong Nam Chol ​អនុព័ន្ធ​យោធា​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​ប្រចាំ​កម្ពុជា​ 

     លោក​វរសេនីយ៍​ឯក​ពិសេស​​​ Jong ​Nam ​Chol​ បាន​សម្តែង​នូវ​អំណរ​អរគុណ​ចំពោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ម៉ឹង សំផន ​ដែល​បាន​អនុញ្ញាតិ​ឲ្យ​លោក​បាន​ចូល​ជួប​ និង​ជំរាប​លាពេល​នេះ​។ លោក​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​កង​ទ័ព​សាធារណៈ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ​ ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ​និង​ខ.ភ.ម​។​ លោក​បាន​ជម្រាប​ថា​៖ រូប​លោក​បាន​កាន់​តំណែង​ជា​អនុព័​យោធា​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​កម្ពុជា ​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៥​ ហើយ​បាន​មក​កាន់​កម្ពុជា​ធ្វើ​ការ​ជា​មួយ​ភាគី​កម្ពុជា​​។​ លោក​បាន​លើក​ឡើង​ថា​៖ កម្ពុជា​ និង​សាធារណៈ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​មាន​ចំណង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ពី​យូរ​លុង​មក​ហើយ​ តាំង​ពី​លោក​សេនា​ប្រមុខ​ គីម ​អ៊ីល​ស៊ុង​ ជា​គ្រឹះ​ដ៏​រឹង​មាំ​ជា​​មួយ​អតីត​ សម្តេច​ព្រះ​បាទ ​ព្រះ​រតន​កោដ្ឋ​ន រោត្តម​សីហនុ រហូត​មក​ដល់​បច្ចុប្បន្ន​។​ ប៉ុន្តែ​សព្វថ្ងៃ​​មាន​ឧបសគ្គ​ខ្លះ​ៗ​ ដោយ​ប្រទេស​យើង​ទាំង​ពីរ​នៅ​ឆ្ងាយ​ និង​បញ្ហា​សន្តិសុខ​ពិភព​លោក ​បាន​រាំង​ស្ទះ​ដល់​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ នៃ​ប្រទេស​យើង​ទាំង​ពីរ​។​ លោក​មាន​បំណង​ចង់​ជំរុញ​ឲ្យ​នាយកដ្ឋាន​ទំនាក់​ទំនង​ការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ រិះ​រក​វិធី​សាស្ត្រ​យ៉ាង​ណា​ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​ការ​ពារ​ជាតិ ​និង​កង​ទ័ព​ប្រទេស​ជាតិ​ទាំង​ពីរ ​ត្រូវ​បាន​ពង្រឹង ​និង​ជិត​ស្និត​វិល​ត្រឡប់​ដូច​ដើម​វិញ​។​

      ក្នុង​នាម​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​ខ.ភ.ម​, ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ម៉ឹង ​សំផន ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​របស់​ លោក​វរសេនីយ៍​ឯក​ពិសេស​​​ Jong Nam Chol ​អនុព័ន្ធ​យោធា​ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​ប្រចាំ​កម្ពុជា​។​ ឯកឧត្តម​ ម៉ឹង សំផន ​បន្ត​ថា​៖​ កន្លង​មក​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​ជា​ប្រទេស​មិត្ត​ភក្តិ​ ដែល​ធ្លាប់​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជា​មួយ​គ្នា​ តាំង​ពីរ​យូរ​លុង​ណាស់​មក​ហើយ ​ហើយ​បាន​សហការ​គ្នា​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​ តាម​រយៈ​ថ្នាក់​ដឹក​នាំ​ នៃ​ប្រទេស​ទាំង​ពីរ​ ពិសេស​តាម​រយៈ​អនុព័ន្ធ​យោធា​ នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

      ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ម៉ឹង សំផន ​ក៏​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​លើង​ឡើង​របស់​​លោក​ អនុព័ន្ធ​យោធា​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​និង​ឯកភាព​ក្នុង​ការ​ជំរុញ​ឲ្យ​នាយកដ្ឋាន​ទំនាក់​ទំនង​ការ​បរទេស​ នៃ​ក្រសួង​ការពារ​ជាតិ​ទាំង​ពីរ​ បាន​ជួប​ពិភាក្សា​គ្នា​លើ​កិច្ច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់​ទំនង​ដ៏​ល្អ​ប្រសើរ​ឡើង​វិញ​ រវាង​ក្រសួង​ការពារ​ជាតិ ​និង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ និង​សាធារណៈរដ្​ឋប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​នៅ​ក្នុង​ដំណាក់​កាល​ថ្មី​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ