វគ្គបំប៉នមុខវិជ្ជាឋានលេខា និងការងារសេនាធិការផែនទី ដល់នាយទាហានទូទាំងខ.ភ.មលើកទី២០ ឆ្នាំ២០១៨ បានប្រារព្ធពិធីបិទវគ្គនាព្រឹកថ្ងៃទី៣១ ខែសីហានេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា(ព្រែកប្រា រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការ ក្រសួងការពារជាតិ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព ចំរើន នាយក នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព ចំរើន នាយក នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានឲ្យដឹងថា៖ គិតចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលរបស់នាយកដ្ឋាន បានដំណើរការបើកវគ្គ មានចំនួន២០វគ្គ ដែលមានសិក្ខាកាមប្រមាណ២០០០នាក់ រួមទាំងនាយនគរបាលមួយចំនួនផងដែរកាលពីវគ្គមុនៗ បច្ចុប្បន្នពួកគេកំពុងចេញទៅបំពេញភារកិច្ចដោយជោគជ័យ នៅតាមបណ្តាកងឯកភាពទូទាំងខ.ភ.ម ពិសេសនៅតាមបណ្តាព្រំដែន។ ដោយឡែកវគ្គទី២០នេះ មានសិក្ខាមចំនួន៩៥នាក់ មកពីកងឯកភាពជួរមុខបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ។ បានសិក្សាផ្តោតលើការចេះដឹងថ្មី នៃការប្រើស្ទាត់ជំនាញនិយាមកាស្មើរជ្រុងU.T.M និយាមកាប៉ូល និងនិយាមកាភូមិសាស្ត្រ។ ចេះប្រើក្រុមនិយាមកាចម្រុះគ្នា នៅក្នុងកងទ័ព ដូចជានិយាមកាហិតូម៉ែត្រ និយាមកាអូ និងនិយាមកាជាក់លាក់។ ចេះអានផែនទីស្ទាត់ជំនាញ ការប្រើប្រាស់G.P.S និងត្រីវិស័យផងដែរ។ ក្រៅពីសិក្សានៅក្នុងថ្នាក់ ក៏បានចុះសិក្សាអនុវត្តជាក់ស្តែង នៅលើទីលានផងដែរ។ ជាលទ្ធិផលបញ្ចប់វគ្គ ដោយទទួលបាននិទ្ទេសល្អប្រសើរ មានចំនួន២៧នាក់, ល្អ២៤នាក់, ល្អបង្គួរ១៩នាក់ និងនិទ្ទេសមធ្យម២៥នាក់។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការ ក្រសួងការពារជាតិ
ក្នុងនាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ បានថ្លែងនូវការកោតសរសើរចំពោះនាយទាហាន ពលទាហានក្នុងនាយកដ្ឋានភូមិសាស្ត្រ ដែលបានពុះពារខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅពង្រីកលើវិស័យឯកទេសវិទ្យាសាស្ត្រមួយមានប្រសិទ្ធភាពខ្ពស់ ហើយបានអនុវត្តយ៉ាងត្រឹមត្រូវតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ខ្លួន ក្នុងការចាត់តាំងបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាឋានលេខា និងសេនាធិការផែនទី លើកទី២០ ឆ្នាំ២០១៨នេះ ប្រកបដោយជោគជ័យ ឆ្លើយតបទៅនឹងសំណូមពរភារកិច្ចការពារកសាងជាតិមាតុភូមិ។ ឯកឧត្តម បានលើកឡើងថា៖ ក្រោមការដឹកនាំដ៏ឈ្លាស់វៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ខ.ភ.ម ធានាបាននូវកិច្ចការពារជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រក្សាបាននូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ។ ប្រទេសជាតិមានការអភិវឌ្ឍន៍លូតលាស់ លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ច ប្រកបដោយចេរភាព។ ឯកឧត្តម បានបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺននេះ មានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកធ្វើឲ្យយោធិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ និងតម្រូវការជាក់ស្តែងនូវការវិវត្តន៍ផ្នែកបច្ចេកវិទ្យាដំណាក់កាលថ្មីៗនេះ។ នៅក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពត្រូវតែមានសមត្ថភាពបច្ចេកទេសជាជំនួយការ លើការងារប្រុងប្រៀបធានា និងបំរើដល់គ្រប់បណ្តាកងឯកភាព ពិសេសកងឯកភាពទ័ពជំនាញទាំងមុនពេលប្រយុទ្ធ ក្នុងពេលប្រយុទ្ធ និងក្រោយប្រយុទ្ធ។ កន្លងមកនេះ ខ.ភ.ម បានលើកកម្ពស់ស្មារតីត្រៀមជានិច្ច ដើម្បីបំរើប្រទេសជាតិមាតុភូមិ ដោយប្រសិទ្ធភាពខ្ពស់បំផុត អនុវត្តឥតឈប់ឈរលើគ្រប់វិស័យ ពិសេសវិស័យអប់រំ ហ្វឹកហ្វឺនបង្កើនសមត្ថភាពដល់ខ.ភ.ម ជាបញ្ហាអត្ថិភាព និងចាំបាច់បំផុត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ បានផ្តាំផ្ញើរដល់សិក្ខាកាមវគ្គបំប៉នមុខវិជ្ជាឋានលេខា និងការងារសេនាធិការផែនទី លើកទី២០ ពេលត្រឡប់ទៅកងឯកភាពវិល ត្រូវយកចំណេះដឹងទាំងប៉ុន្មានទៅបំរើការងារហ្វឹកហ្វឺន កសាងអង្គភាព ឲ្យមានការរីកចម្រើន និងប្រើប្រាស់ជាប្រយោជន៍ជាតិមាតុភូមិ ហើយភាពស្មោះត្រង់ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ៕