ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៏ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារ ជាតិ និងជាប្រធានក្រុមការងារសាងសង់ វិមានឈ្នះឈ្នះ ឯកឧត្តម នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការហ្វឹកហ្វឺន ព្រមទាំងសមាជិកក្រុមការងារ ជាច្រើនរូប បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់វិមានឈ្នះឈ្នះ ដែលកំពុងធ្វើការសាងសង់ យ៉ាងមមាញឹក នូវគ្រប់ផ្នែក ក្នុងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីត្រៀមចូលរួមប្រារព្ធខួបលើកទី២០ ទិវានយោបាយឈ្នះឈ្នះ ជាប្រវត្តិសាស្ត្រ ដែលពុំធ្លាប់មានពីមុនមក ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
នៅក្នុងការដ្ឋានសាងសង់វិមានឈ្នះឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញទស្សនារូបចម្លាក់ ស្តីពីទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបព្រល័យពូជសាសន៏ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលគិតមកដល់ពេលនេះ មានរយៈពេល៤១ឆ្នាំហើយ។
ឯកឧត្តម ណឹម សុវត្ថិ ក្នុងឱកាសអញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យ ការដ្ឋានសាងសង់វិមានឈ្នះឈ្នះ នាឱកាសនោះ បានបញ្ជាក់ឱ្យដឹងថា៖ រូបចម្លាក់ស្តីពីដំណើរឆ្ពោះទៅផ្តួលរំលំរបបព្រល័យ ពូជសាសន៏ ប៉ុល ពត ដែលបាន ឆ្លាក់បិទភ្ជាប់បរិវេណជញ្ជាំង វិមានឈ្នះឈ្នះនេះ បានធ្វើរួចរាល់ស្ទើរតែ១០០ភាគរយហើយ។ រូបចម្លាក់នេះបានទទួលការទាក់ទាញអារម្មណ៏យ៉ាងខ្លាំងពីសំណាក់សាធារណៈជន ដែលបានអញ្ជើញមកទស្សនា ជាបន្តើរៗ នៅវិមានឈ្នះឈ្នះនេះ។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចពិជ័យសេនា អំពី ការបំពាក់ផ្តែរ សិលាចារិក រូបចម្លាក់ នៅតាមចែងនានា និងនៅតាមជ្រុងទាំង៧ វិមានឈ្នះឈ្នះ បន្ទាប់ពីតួវិមានឈ្នះឈ្នះ បានសាងសង់ជិតរួចរាល់ហើយនោះ។
សូមបញ្ជាក់ថា៖ សំណង់វិមានឈ្នះឈ្នះ បានសាងសង់លើផ្ទៃដី៨ហិចតា ក្នុងតំបន់អភិវឌ្ឍន៏ លី យ៉ុង ផាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សំណង់វិមានឈ្នះឈ្នះនេះ មានផ្ទៃអគារទំហំ១១៧ម៉ែត្រ គុណ១១៧ម៉ែត្រ។ ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦ ដែលបានបើកការដ្ឋានសាងសង់វិមានឈ្នះឈ្នះ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការចង្អុលបង្ហាញពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណកម្មការសាងសង់វិមានឈ្នះឈ្នះ សំណង់វិមានឈ្នះឈ្នះដែលជានិមិត្តរូប នៃសន្តិភាពរបស់ប្រទេសកម្ពុជា បានលេចចេញជារូបរាងឡើង និងត្រៀមប្រារព្ធខួបលើកទី២០ ទិវានយោបាយឈ្នះឈ្នះ ដែលនិង ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ៕