ព័ត៌មាន

ពិធី​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ ​ពី​សា​ធា​រណ​រដ្ឋ​ម៉ាលី ​និង​ស៊ូ​ដង់​ខាង​ត្បូង​
នាយកដ្ឋានព័ត៌មាន(៣)
192
554 ពិធី​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ ​ពី​សា​ធា​រណ​រដ្ឋ​ម៉ាលី ​និង​ស៊ូ​ដង់​ខាង​ត្បូង​

      នៅ​រសៀល​ថ្ងៃ​ទី១៣​ ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ ​គណៈកម្មាធិការ​ជាតិ​បាន​រៀប​ចំ​ពិធី​ទទួល​ដំណើរ​និវត្ត​ន៍ក​ង​កម្លាំង​កម្ពុជា ​ដែលបា​ន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព ​របស់​អង្គការ​សហប្រជាជាតិចំ​​នួន​៣​កង​ រួម​មាន ​កង​វិស្វកម្ម​ព្រលាន​យន្ត​ហោះ​លេខ​១៨៩ ​កង​កំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​១២៣​ នៅ​សាធារណ​រដ្ឋ​ម៉ាលី ​និង​កង​អាវុធ​ហ​ត្ថ​លេខ​៦១៨ ​នៅ​ស៊ូដង់​ខាង​ត្បូង​ ក្រោម​អធិបតីភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​លោក ​អាឡិច​ហ្សែន​ឌឺ ​ហ៊ូយិន​(Alexandre Huynh) មន្ត្រី​តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​    សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​លោក ​អាឡិច​ហ្សែន​ឌឺ ​ហ៊ូយិន​(Alexandre Huynh) មន្ត្រី​តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា

      ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ ​បាន​រាយ​ការណ៍​​ជូន​អង្គ​ពិធី​ជ្រាប​ថា​៖ នៅ​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​មក​នេះ ​កម្ពុជា​ បាន​បញ្ជូន​កម្លាំង​សរុប​ចំនួន​៥,៤៩៨​នាក់​ នារី​ចំនួន​២៥៧ ​លើ​ជំនាញ​បោស​សំអាត​មីន ​វិស្វកម្ម​សំណង់​ផ្តេក​-​សំណង់​បញ្ឈរ ​អាវុធ​ហត្ថ​ មន្ទីរ​ពេទ្យ​កំរិត​២​ វិស្វកម្ម​ព្រលាន​យន្ត​ហោះ ​កំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​នាយ​ទាហាន​សេនា​ធិការ​ និង​សង្កេត​ការណ៍​យោធា ​ទៅ​កាន់​បេសកកម្ម​ចំនួន​១០​ នៅ​ក្នុង​ប្រទេស​ចំនួន​៨ ​មាន​ជា​អាទិ៍ ​សាធារណ​រដ្ឋ​ស៊ូ​ដង់ ​ឆាដ​ អាហ្រ្វិក​កណ្តាល​ ស៊ូ​ដង់​ខាង​ត្បូង​ លី​បង់ ​ម៉ាលី ​ស៊ីរី ​និង​សាយ​ប្រឺស​។​ បច្ចុប្បន្ន​កម្លាំង​កម្ពុជា​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​០៥​ រួម​មាន​ សាធារណ​រដ្ឋ​ស៊ូងដង់​ខាង​ត្បូង ​ស៊ូង​ដង់ ​លីបង់​ អាហ្រ្វិក​កណ្តាល​ និង​ម៉ាលី​។​   ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ ​បាន​រាយ​ការណ៍​​ជូន​អង្គ​ពិធី 

      លោក ​​អាឡិច​ហ្សែនឌឺ​ ហ៊ូយិន​(Alexandre Huynh) បាន​ចូល​រួម​អបអរ​សាទរ​ចំពោះ​ដំណើរ​និវត្តន៍​របស់​កង​រក្សា​សន្តិភាព ​វិល​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​ម៉ាលី ​និង​ស៊ូងដង់​ខាង​ត្បូង ​ដែល​ជា​ការ​បង្ហាញ​ពី​សមត្ថភាព​ខ្លួន ​ក្នុង​ការ​ជួយ​សង្គ្រោះអាយុ​ជីវិត​ ជំរុញ​សន្តិភាព ​ស្ថាបនា​សហគមន៍​ឡើង​វិញ​ និង​ជំនួស​ការ​ភ័យ​ខ្លាច​ដោយ​ក្តី​សង្ឃឹម​នៅ​ពាស​ពេញ​ពិភព​លោក ​និង​ជា​កន្លែង​ដែល​សន្តិភាព​មាន​ការ​ធ្លាក់​ចុះ​។​ លោក​បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ ក​ង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ​ដែល​មាន​ភាព​ក្លាហាន ​គោរព​វិន័យ ​និង​បវរិច្ចាគ​ ដើម្បី​គាំទ្រ​ដល់​វិស័យ​វិស្វកម្ម​ បោស​សំអាត​មីន ​ថែ​រក្សា​សណ្តាប់​ធ្នាក់​សង្គម​ និង​សេវា​សុខ​ភាព​នា​នា​។    លោក ​អាឡិច​ហ្សែន​ឌឺ ​ហ៊ូយិន​(Alexandre Huynh) មន្ត្រី​តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា

     សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់ ​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ការ​បញ្ចប់​បេសកកម្ម​របស់​អង្គ​ការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី ​និង​ស៊ូដង់​ខាងត្បូង​នា​ពេល​នេះ ​គឺ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​មោះ​មុត​របស់​កម្ពុជា ​ក្នុង​ការ​រួម​វិភាគ​ទាន​ដល់​កិច្ច​ប្រឹង​ប្រែង​របស់​សហគមន៍​អន្តរ​ជាតិ ​ដើម្បី​បុព្វ​ហេតុ ​សន្តិភាព ​សន្តិ​សុខ ​និង​មនុស្ស​ធម៌​នៅ​លើ​លោក។​    សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​សង្កត់​ធ្ងន់​ថា​៖ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ​រាជរដ្ឋា​ភិបាល​កម្ពុជា ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ បន្ត​សកម្មភាព​មនុស្ស​ធម៌ ​តាម​រយៈ​ការ​ចូល​រួម​បេសក​កម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ជា​បន្ត​ទៀត ​និង​បាន​ដាក់​ចេញ​នូវ​ចក្ខុ​វិស័យ​ក្នុង​គោល​ដៅ​ធា​នា​និរន្ត​ភាព​ការ​អភិរឌ្ឍន៍​ថ្មី​ ដូច​ត​ទៅ៖សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ

      ១.​បន្ត​បរិច្ចាគ​កង​កម្លាំង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ច​ប្រតិបត្តិកា​រ​ ទៅ​តាម​តម្រូវ​ការ​ចាំ​បាច់​របស់​អង្គការ​សហប្រជា​ជាតិ​ ដែល​បាន​ដាក់​ចេញ ​និង​រៀប​ចំ​កម្លាំង​ក្នុង​ប្រព័ន្ធ​ត្រៀម​បម្រុង​រហ័ស​រួច​ជា​ស្រេច​ ដែល​មាន​សមត្ថភាព​ផ្នែក​រក្សា​សន្តិភាព​ ទាំង​ធន​ធាន​មនុស្ស ​រចាន​សម្ពន្ធ័​ និង​គ្រឿង​បំពាក់​តាម​ទម្រង់​បទ​ដ្ឋាន​ថ្មី​របស់​អ.ស.ប ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង ​តាម​សំណូម​ពរ​របស់​អង្គការ​សហប្រជាជាតិ​។

     ២.​ជម្រុញ​បង្កើន​ការ​បញ្រ្ជាប​ប្រើ​ប្រាស់​កម្លាំង​ជា​ស្ត្រី​«យេនឌ័រ» ​នៅ​គ្រប់​ផ្នែក​ក្នុង​តំបន់​បេសកម្ម ​ដោយ​ដើរ​តួនាទី​ជា​នគរបាល ​យោធា ​អ្នក​ស៊ើប​អង្កេត ​សង្កេត​ការណ៍​យោធា ​នាយ​សេនា​ធិការ ​និង​ជា​មេ​បញ្ជាការ​បេសកកម្ម​។ល។ ​ទន្ទឹម​នេះ ​បាន​ផ្តោត​បន្ថែម​ទៅ​លើ​សកម្មភាព​វិស័យ​មួយ​ចំនួន ​ដែល​កម្ពុជា​មាន​លទ្ធភាព​ចូល​រួម ​និង​ខិត​ខំ​ធ្វើ​ការ​កែ​លម្អ​ ចំពោះ​ផែន​ការ​ហ្វឹក​ហ្វឺន​ ការ​អនុវត្ត​ផ្ទាល់​ក្នុង​តំបន់​បេសកកម្ម​ និង​វិះ​រក​គ្រប់​និតិវិធី​ ដើម្បី​ទប់​ស្កាត់​ និង​ឆ្លើយ​តប​ចំពោះ​ការ​រំលោភ​បំពាន ​ការ​ជួយ​ដូរ​ និង​អំពើ​ហិង្សា​ផ្នែក​ផ្លូវ​ភេទ ​នៅ​ក្នុង​តំបន់​បំពេញ​បេសកកម្ម​របស់​អ.ស.ប​។​

     ៣.​បន្ត​អភិវឌ្ឍន៍​មធ្យោបាយ ​និង​ធន​ធាន​ចាំ​បាច់​មួយ​ចំនួន ​សម្រាប់​បំពាក់​ជូន​ដល់​កង​កម្លាំង​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ​ដើម្បី​អនុវត្ត​ភារកិច្ច​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ តាម​រយៈ​ការ​ងារ​ដឹក​នាំ​កំណត់​គោល​នយោបាយ ​និង​ការ​លើក​កម្ពស់​ហ្វឹក​ហ្វឺន​ជំនាញ​លើ​គ្រប់​វិស័យ ​សម្រាប់​ពង្រឹង​សមត្ថភាព​ដល់​កង​កម្លាំង​ ដែល​ជា​ការ​បង្ហាញ​ពី​ចក្ខុ​វិស័យ ​នៃ​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព ​និង​ទស្សនា​ទាន ​សម្រាប់​របៀប​វារៈ​ការ​អភិវឌ្ឍន៍ ​ប្រកប​ដោយ​ចីរភាព​។​    ជាក់​ស្តែង​ តាម​រយៈ​ការ​ទទួល​ស្គាស់​ចំពោះ​សមត្ថភាព​ បទ​ពិសោធន៍ ​និង​តួនាទី​នាំ​មុខ​របស់​កង​កម្លាំង​កម្ពុជា​លើ​ជំនាញ​បោស​សម្អាត​មីន​ និង​ដើម្បី​បង្តើន​សមត្ថភាព​លើ​វិស័យ​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់ ​កម្ពុជា​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​មជ្ឈមណ្ឌល​មួយ​ សម្រាប់​សកម្មភាព​មីន ​មាន​ទី​ស្នាក់​ការ​នៅ​កម្ពុជា ​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ ទើប​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចំនួន​២​លើក​ដំណើរ​ការ​ ប្រកប​ដោយ​ជោគ​ជ័យ​។​   

      ដើម្បី​អនុវត្ត​ចក្ខុវិស័យ ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋា​ភិបាល ​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ​សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ផ្តល់​អនុសាសន៍​ណែ​នាំ​ដល់​មជ្ឍមណ្ឌល​ជាតិ ​ដូច​ត​ទៅ៖​

      -ត្រូវ​ជម្រុញ​ការ​ចូល​រួម​នាយ​ទាហាន​រក្សា​សន្តិភាព​កម្ពុជា​ ក្នុ​ង​បេសកកម្ម​ជា​សេនាធិការ​ សង្កេត​ការណ៍​យោធា ​និង​មេ​បញ្ជាការ​បេសកកម្ម​ជា​នារី​ បង្កើន​រហូត​ទៅ​ដល់​ចំនួន​១៥% ​តាម​សំណូម​ពរ​របស់​អង្គការ​សហប្រជាជាតិ ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា

      -ត្រូវ​តាម​ដាន​សភាពការណ៍​កង​កម្លាំង​រក្សា​សន្តិភាព ​កំពុង​បំពេញ​បេសកកម្ម​របស់​អ.ស.ប ​នៅ​តាម​បណ្តា​ប្រទេស​នា​នា​​ រាយការណ៍​អោយ​បាន​ជា​ប្រចាំ​។​ ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អោយ​បាន​ទូលំ​ទូលាយ​ដល់​កម្លាំង​រក្សា​សន្តិភាព​គ្រប់​រូប ​ដើម្បី​បន្ត​អនុវត្ត​ប្រពៃ​ណី​ដ៏​​ល្អ​នេះ អោ​យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​នូវ​ការ​ទប់​ស្កាត់​ការ​រំលោភ​បំពាន ​ការ​ជួញ​ដូរ​ និង​អំពើ​ហឹង្សា​ផ្នែក​ផ្លូវ​ភេទ ​នៅ​ក្នុង​តំបន់​បំពេញ​បេសកកម្ម​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូម​ពរ​របស់​អ.ស.ប

      -​ត្រូវ​ខិត​ខំ​ធ្វើ​ការ​អភិវឌ្ឍន៍​មធ្យោបាយ ​ធន​ធាន​មួយ​ចំនួន ​សម្រាប់​បំពាក់​ជូន​កង​កម្លាំង​ចូល​រួម​បេសក​កម្ម​រក្សា​សន្តិភាព​របស់​អ.ស.ប ​អោយ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ តាម​រយៈ​ពង្រឹង​សមត្ថភាព​កង​កម្លាំង​ ការ​ងារ​ដឹក​នាំ ​ការ​កំណត់​គោល​នយោបាយ ​និង​ការ​លើក​កម្ពស់​ហ្វឹ​កហ្វឺន​ជំនាញ​លើ​គ្រប់​វិស័យ​

     -​​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ជម្រុញ​កសាង​លើក​កម្ពស់​នាយ​ទាហាន​វ័យ​ក្មេង​ ដែល​ជា​ធន​ធាន​មនុស្ស​ជំនាន់​ក្រោយ​ជា​អ្នក​បន្ត​វេន​វិស័យ​រក្សា​សន្តិភាព​នេះ ​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ​និង​ត្រូវ​ថែ​ទាំង​សុខ​ភាព ​តាម​រយៈ​ការ​ហ្វឹក​ហាត់​ និង​លេង​កីឡា​ប្រចាំ ​ដើម្បី​បង្កើន​ថា​មពល​កាយ​សម្បទារឹ​ង​មាំ ​សំដៅ​ទប់​ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ពុំ​គប្បី​ និង​ត្រូវ​ជៀស​វាង​ដាច់​ខាត​នូវ​ការ​សព​គ្រឿង​ញៀន ​និង​ល្បែង​ឧបាយ​មុខ​គ្រប់​យ៉ាង​ដែល​ច្បាប់​ហាម​ឃាត់​

    -​ចូល​រួម​ហ្វឹក​ហ្វឺន​ជំនាញ​លើ​គ្រប់​វិស័យ​នៅ​ក្នុង​-​ក្រៅ​ប្រទេស​ ដើម្បី​ដក​បទ​ពិសោធន៍​ការ​ងារ​ដែល​បាន​អនុវត្ត​កន្លង​មក ​សំដៅ​ពង្រឹង​សមត្ថភាព​វិស័យ​រក្សា​សន្តិភាព ​សម្រាប់​ចូល​រួម​បំពេញ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ​អោយ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត។​

     ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ ដែល​ទើប​បញ្ចប់​បេសក​កម្ម​ប្រកប​ដោយ​ជោគ​ជ័យ​ និង​មាន​សុវត្ថិភាព ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​បំពាក់​គ្រឿង​ឥស្សរិយយ​ស ជូន​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ នៃ​កង​វិស្វកម្ម​ព្រលាន​យន្ត​ហោះ​លេខ​១៨៩ ​កង​កំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​១២៣ ​នៅ​សាធារណរដ្ឋ​ម៉ាលី ​និង​កង​អាវុធ​ហត្ថ​លេខ​៦១៨ ​នៅ​ស៊ូ​ដង់​ខាង​ត្បូង​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ