ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដាក់​ចេញ​បទ​បញ្ជា​៤​ចំណុច ​ដល់​កង​រាជ​អាវុធ​ហត្ថ​ សម្រាប់​អនុវត្ត​នៅ​​មុន​ពេល ​និង​អំឡុង​ពេល​ការ​បោះ​ឆ្នោត​
នាយកដ្ឋានព័ត៌មាន(៣)
450
548 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និង​លោក​ជំទាវ​ ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន​ សំអន​ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​​ទំនាក់​​ទំនង​​ ​ជា​​មួយ​​រដ្ឋ​សភា​​ព្រឹទ្ធ​សភា ​​និង​អធិការ​​កិច្ច

      មាន​ប្រសាសន៏​នៅ​ក្នុង​ធីពី​អបអរ​ខួប​លើក​ទី​២៥​ឆ្នាំ​ របស់​កង​រាជ​អាវុធហត្ថ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា​ចំនួន​៤​ចំណុច ​ដល់​កង​រាជ​អាវុធ​ហត្ថ​ ដើម្បី​អនុវត្ត​នៅ​មុន​ពេល​ និង​អំឡុង​ពេល​ បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិ​កាល​ទី០៦​ នៅថ្ងៃ​ទី​២៩​​​ ខែ​កក្កដា ​ឆ្នាំ​២០១៨​ នេះ​។​ បទ​បញ្ជា​ទាំង​៤​ចំណុច​របស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ​រួម​មាន​៖​ ទី១​៖​ កង​រាជ​អាវុធ​ហត្ថ ​ត្រូវ​ពង្រឹង​ការ​ការ​ពារ​សន្តិភាព ​ស្ថិរភាព​នយោបាយ​,​ ទី២​៖​ រួម​គ្នា​ធានា​ឱ្យ​បាន​ការ​បោះ​ឆ្នោត​ ដែល​ដំណើរ​ការ​ដោយ​សេរី ​យុត្តិ​ធម៌ ​ដែល​ច្បាប់​បោះ​ឆ្នោត​បាន​តម្រូវ​,​ ទី៣​៖​ បន្ត​លើក​កម្ពស់​ការ​ថែ​រក្សា​សុខ​សន្តិភាព​ សាធារណៈ​ តាម​រយៈ​ការ​ពង្រឹង​វិន័យ​ សីលធម៌​ ឱ្យ​សង្គម​កាន់​តែ​មាន​ស្ថិរភាព​ និង​ទី៤៖​ កង​រាជ​អាវុធហត្ថ​ ត្រូវ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អ ​ជា​មួយ​ស្ថាប័ន ​ក្រសួង ​និង​ប្រទេស​ជា​មិត្ត​ ធ្វើ​យ៉ាង​ណា​សំដៅ​ ធ្វើ​ឱ្យ​ប្រទេស​រីក​ចម្រើន ​និង​ជីវភាព​ប្រជា​ពល​រដ្ឋ​កាន់​​តែ​រីក​ចម្រើន​​។ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា​បែប​នេះ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ ​នៅ​ក្នុង​ឱកាស​សម្តេច​បាន​អញ្ជើញ​ចូល​រួម ​ក្នុង​ពិធី​ខួប​លើក​ទី​២៥ ​ទិវា​កង​រាជ​អាវុធ​ហត្ថ ​និង​សម្ភោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​ល្អ​ប្រណិត​ចំនួន​ពីរ​អគារ​ និង​សមទ្ធិ​ផល​នា​នា​ ដែល​ចំណាយ​ថវិការ​អស់​ជាង​២​លាន​ដុល្លារ​ នៅ​ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ ខេត្ត​ស្វាយ​រៀង​។​

     ពិធី​នេះ ​មាន​ការ​ចូល​រួម​ពី ​លោក​ជំទាវ​ ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន​ សំអន​ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​​ទំនាក់​​ទំនង​​ ​ជា​​មួយ​​រដ្ឋ​សភា​​ព្រឹទ្ធ​សភា ​​និង​អធិការ​​កិច្ច​ ​ព្រម​ទាំង​ឯក​ឧត្តម ​លោក​ជំទាវ ​នាយ​ឧត្តមសេនីយ៍ ​នាយ​ទា​ហាន​ពល​ទាហាន ​និង​ពល​អាវុធ​ហត្ថ​ជិត​៦០០​នាក់។​ 

     សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​អបអរ​សាទរ​ផង​ដែរ​ ចំពោះ​សកម្មភាព ​របស់​កង​រាជ​អាវុធហត្ថ​ ដែល​បាន​អនុវត្ត​កន្លង​មក​ ដោយ​បាន​រួម​ចំណែក ​ជា​មួយ​រាជរដ្ឋា​ភិបាល​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ​ក្នុង​ការ​ការ​ពារ​ជាតិ​មាតុ​ភូមិ​។​ សម្តេច​បាន​លើក​ឡើង​ដែរ​ថា៖ ​ការ​ប្រារព្ធ​ពិធី​អប​អរ​សាទរ​នា​ថ្ងៃ​នេះ ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ ​របស់​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​ចំពោះ​កង​រាជ​អាវុធ​ហត្ថ​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក៏​ដើម្បីពង្រឹង​បន្ថែម​ទៀត​ នូវ​ការ​ថែ​រក្សា​សុខ​សន្តិ​ភាព​។​ សម្តេច​ថា ​​សុខ​សន្តិភាព​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឱ្យប្រទេស​រីក​ចម្រើន​ ដូច​បច្ចុប្បន្ន​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា ​ក៏​បាន​អំពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​ទាំង​អស់​ត្រូវ​ស្មោះ​ត្រង់​ និង​ការ​ពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​មាន​ សម្តេច​​តេជោ ​ហ៊ុន ​សែន ​ជា​ប្រមុខ​ដឹក​នាំ​ប្រទេស ​និង​ត្រូវ​រក្សា​សុខ​សន្តិភាព​ ឱ្យ​ស្ថិត​ស្ថេរ​គង់​វង្ស​យូរ​អង្វែង ​មាន​សន្តិ​ភាព​ ទើប​យើង​មាន​ឱកាស​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីក​ចម្រើន​លើក​គ្រប់​វិស័យ​។​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​ជំរុញ​ដល់​កម្លាំង​ទាំង​អស់​ដែល​មាន​ឈ្មោះ ​ក្នុង​បញ្ជី​បោះ​ឆ្នោត ​សូម​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៩​ ខែ​កក្កដា​ ឆ្​នាំ២០១៨ ​ឱ្យ​បាន​គ្រប់​ៗ​ ​ដើម្បី​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ដែល​ខ្លួន​ស្រឡាញ់ ​និង​ពេញ​ចិត្ត​ក្នុង​ការ​ទទួល​បាន​សមទ្ធិផល​ជា​ច្រើន​ទៀត​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ