ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រជុំបូកសរុបឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ ២០១៨
នាយកដ្ឋានព័ត៌មាន(៣)
113
547 សម្តេច​ពិជ័យ​សេនា ទៀ​ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ប្រជុំបូកសរុបឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ ២០១៨

      ក្រសួង​ការ​ពារ​ជាតិ ​បាន​ប្រជុំ​ផ្សព្វ​ផ្សាយ​របាយការណ៍​បូក​សរុប​ការងារ​​​ឆមាស​ទី១​ និង​​​លើក​​ទិស​ដៅ​​អនុវត្ត​ឆមាស​ទី២ ​ឆ្នាំ​២០១៨ ​នៅ​ព្រឹក​ថ្ងៃ​ទី០៣ ​ខែ​​កក្កដា​នេះ ​ស្ថិត​ក្រោម​​អធិបតី​ភាព ​សម្តេច​ពិជ័យ​សេនា ​​ទៀ ​បាញ់ ​ឧបនាយក​​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​​​ការពារ​​ជាតិ​ ​និង​មាន​ការ​​អញ្ជើញ​​​ចូល​រួម​ពី​ ​ឯកឧត្តម​ លោក​ជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋ​លេខា​ធិការ ​ក្រសួង​​ការពារ​​ជាតិ​,​ អគ្គ​​មេ​​បញ្ជាការ​​​​រង​ ​នៃ​ខ.ភ.ម,​ អគ្គនាយក ​អគ្គនាយក​រង​​អគ្គនាយក​​ដ្ឋាន​,​ ជានាយក​ នាយក​រង​​នាយកដ្ឋាន​ និង​ស្ថាប័ន​ចំណុះ​ក្រសួង​ការពារ​ជាតិ ​អគ្គ​បញ្ជាការ​​ដ្ឋាន​នៃ​ខ.ភ.ម​ ជា​ច្រើន​​រូប​ទៀត​។​

      នៅ​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ថ្លែង​នូវ​ការ​​វាយ​​តម្លៃ​​ខ្ពស់​ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ របស់​នាយ​ទាហាន ​និង​ពល​ទាហាន ​នៃ​ខ.ភ.ម ​ក្នុង​រយៈ​ពេល​៦ខែ ​នៃ​ឆ្នាំ​២០១៨​​កន្លង​ទៅ​នេះ​  ទទួល​បាន​ជោគ​ជ័យ​នៅ​​គ្រប់​ការ​បំពេញ​​ការ​ងារ​។​ សម្តេច​​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​នេះ​នឹង​​ត្រិះ​​រិះ​ពិចារណា​​លើ​​ការ​កែ​ទម្រង់​ថ្មីៗ​​ ក្នុង​ការ​​អនុវត្ត​​នៅ​ឆមាស​ទី២​ ឆ្នាំ​២០១៨ ​ដែល​ជា​ឆ្នាំ​មួយ​​មាន​សារៈ​សំខាន់​ដ៏​ខ្លាំង​ក្លា​​សម្រាប់​មាតុ​ភូមិ​​កម្ពុជា ​ជា​ពិសេស​សម្រាប់​ខ.ភ.ម​ កង​កម្លាំង​​ប្រដាប់​​អាវុធ ​មន្ត្រី​រាជ​ការ​​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ប្រជាពល​រដ្ឋ​កម្ពុជា ​ដែល​មាន​តួនាទី​​ភារកិច្ច​​ចូល​រួម​ទ្រ​ទ្រង់​ និង​​អនុវត្ត​​នូវ​នយោបាយ​របស់​ជាតិ ​នៅ​ក្នុង​​ព្រឹត្តិការណ៍​ ​​​នៃការ​​បោះ​ឆ្នោត​​ជ្រើស​រើស​តំណាង​រាស្រ្ត​ នី​តិ​កាល​ទី៦ ​នៅ​ថ្ងៃ​ទី​២៩ ​កក្កដា​ ឆ្នាំ​២០១៨ ​ឲ្យ​បាន​​​រលូន​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ពេញ​លេញ​ទៅ​តាម​ផ្លូវ​ច្បាប់​។​      កិច្ច​ប្រជុំ​ក៏​បាន​​តាម​​ស្តាប់​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​របាយការណ៍​បូក​សរុប​ ដែល​​អាន​​ដោយ​ ឯកឧត្តម នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខា​ធិការ​ នៃ​អគ្គលេខា​ធិការ​​ដ្ឋាន ​ក្រសួង​ការ​ពារ​ជាតិ,​ បា​ន​​ឲ្យ​ដឹង​ថា​៖ ​ក្នុង​ឆមាស​ទី១ ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ​ខ.ភ.ម ​បាន​​យក​​ចិត្ត​ទុក​ដាក់​​ប្រមូល​​ផ្តុំ​​អនុវត្ត​​សកម្មភាព​ការ​ងារ​របស់​ខ្លួន​ ​ក្នុង​វិស័យ​ការពារ​ជាតិ ​តាម​​កម្ម​វិធី​នយោបាយ​​យុទ្ធ​សាស្ត្រ​​ចតុ​កោណ ​ដំណាក់​​កាល​ទី៣ ​បទ​បញ្ជា​អនុសាសន៍​​របស់​​ប្រមុខ​រាជរដ្ឋាភិបាល​។​ ​យក​ចិត្ត​​ទុក​ដាក់​ពង្រឹង​ខឿន​ការពារ​ជាតិ​នៅ​តាម​តំបន់​ព្រំ​ដែន​ និង​​បណ្តា​កោះ​​មួយ​​ចំនួន ​កែ​សម្រួល​​កម្លាំង​ការ​ពារ​ព្រំដែន ​ធ្វើ​ការ​តាម​ដាន​ក្តាប់​​នូវ​​​រាល់​សភាព​​ការណ៍​​ប្រែ​ប្រួល​ និង​​ធ្វើ​ការ​ល្បាត​​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​របស់​​ខ្លួន​ជាប់​​​ជា​​ប្រចាំ ​ព្រម​​ទាំង​​បាន​​បន្ត​​កិច្ច​សហប្រតិបត្តិការ​ល្អ​ ជា​មួយ​ប្រទេស​ជិត​ខាង ​ដោះ​ស្រាយ​​បញ្ហា​​ផ្សេងៗ​​ដែល​​កើត​ឡើង​​ដោយ​សន្តិវិធី​។​ ទន្ទឹម​​នឹង​​​​នេះ​ បាន​បន្ត​បញ្ជូន​កម្លាំង​ទៅ​បំពេញ​​បេសកកម្ម​រក្សា​​សន្តិភាព​​​ក្រោ​ម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ ​នៅ​សាធារណ​រដ្ឋ​​ស៊ូ​ដង់​​ខាង​ត្បូង​, ​លី​បង់,​ ម៉ាលី ​នៅ​សាធារណ​រដ្ឋ​អាហ្វ្រិ​កកណ្តាល​។​ ក្រៅ​ពី​នេះ​បាន​​ម្ចាស់​​កា​រ ​និង​សហការ​​ចូល​រួម​ពង្រឹង​​ការ​អនុវត្ត​ច្បាប់​ កសាង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ​ធ្វើ​ការ​បង្ការ​ ​និង​​បង្រាប​នូវ​​រាល់​​បទ​ល្មើស​គ្រប់​​ប្រភេទ​ ភាព​​អនាធិបតេយ្យ​នា​នា ​ការពារ​សន្តិ​សុខ ​សណ្តាប់​​ធ្នាប់​​សាធារណៈ​ ការ​ពារ​​គណៈ​ប្រតិភូ​ជាតិ ​និង​អន្តរជាតិ​នា​នា ​បាន​​ល្អ​​ប្រសើរ​។​    

      អង្គ​ប្រជុំ​ក៏​​បាន​ពិភាក្សា​​​ផ្លាស់​ប្តូរ​យោបល់ ​ដោយ​មាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​​ទៅ​​លើ​​ផែន​​ការ​ទិស​ដៅ​អ​នុវត្ត​​ឆមាស​ទី២ ​ឆ្នាំ​២០១៨ ​ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ខឿន​​ការ​ពារ​​ជាតិ​ ​នៅ​តាម​​តំបន់​ព្រំ​ដែន ​បន្ត​កិច្ច​សហប្រតិបត្តិកា​រល្អ​ជា​មួយ​ប្រទេស​ជិត​ខាង ​ចូល​រួម​​ពង្រឹង​​សន្តិ​សុខ ​សុវត្ថិ​ភាព ​សណ្តាប់​ធ្នាប់​សាធារណៈ​សង្គម​ និង​ត្រៀម​លក្ខណៈ​សម្បត្តិ​ ចូល​រួម​​ការ​ពារ​​សន្តិ​សុខ ​សុវត្ថិ​ភាព​ឲ្យ​យុទ្ធនា​ការ​ឃោសនា ​និង​បោះ​ឆ្នោត​ជ្រើស​រើស​​តំណាង​​​រាស្រ្ត​ នី​តិកាល​ទី៦ ​នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ