ព័ត៌មាន

សម្ដេច​តេជោ ​អញ្ជើញ​ជា​អធិបតីភាព​ក្នុ​ង​ពិធី​រំលឹក​ខួប​លើក​ទី១១ ​ទិវា​អតីត​យុទ្ធជន​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
202
527 សម្ដេច​តេជោ ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី១១ ​ទិវា​អតីត​យុទ្ធជន​កម្ពុជា​

     ខួប​លើក ​ទី១១​ ទិវា​អតី​ត​យុទ្ធជន​កម្ពុជា ​២១មិថុនា ​ដែល​ប្រារព្ធ​ឡើង​នៅ​សាល ​មហោ​ស្រ​ព​ កោះ​ពេជ្រ​ ព្រឹក​ថ្ងៃទី៤​ មិថុនា​ នេះ ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វ​អធិបតីភាព​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​។ឯកឧត្ដម វង សូត រដ្ឋមន្ត្រី​ ក្រសួង​សង្គម​កិច្ច ​និង​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា


     សុន្ទរកថា ​និង​របាយការណ៍​ ជា​បន្ត​បន្ទាប់​ របស់ ​ឯកឧត្ដម វង សូត រដ្ឋមន្ត្រី​ ក្រសួង​សង្គម​កិច្ច ​និង​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា ​និង​​​ឯកឧត្ដម ​នាយឧត្តមសេនីយ៍ ​គន់ គីម ​អនុ​ប្រធាន ​និង​ជា​ អគ្គលេខា​ធិការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា ​បាន​បង្ហាញ​ថា ​គិត​ត្រឹម​ខែ ​ឧសភា ​ឆ្នាំ២០១៨​នេះ ​សមាគម​ អតីត​យុទ្ធជន​ មាន​សមាជិក​សរុប​ចំនួន​ ៧ម៉ឺន ៣ពាន់​​៩០៦​នាក់ ​ក្នុង​នោះ​ និវត្តជន​​ចំនួន​២ម៉ឺន​ ៣​ពាន់១៧៦​នាក់​, ​ជន​បាត់​បង់​សមត្ថភាព​ការ​ងារ ​ចំនួន​១ពាន់​៤៩៧​នាក់​, ​ជន​ពិការ​ចំនួន ​២ម៉ឺន​៥ពាន់​៩១១​នាក់, គ្រួសារ​ជន​ពលី​ចំនួន​ ២​ម៉ឺន​១៤៣​នាក់​, គ្រួសារ​ជន​មរណៈ​ចំនួន​ ៣​ពាន់​១៧៩​នាក់​ ដែល​មាន​អ្នក​នៅ​ក្នុង​បន្ទុក​ប្រមាណ​​១​សែន​ ៨​ពាន់​៨៧១​នាក់​។ ឯកឧត្ដម ​នាយឧត្តមសេនីយ៍ ​គន់ គីម ​អនុ​ប្រធាន ​និង​ជា​ អគ្គលេខា​ធិការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា 

     បច្ចុប្បន្ន​នេះ ​អតីត​យុទ្ធជន​សរុប​ ៨​ម៉ឺន​៦​ពាន់​៩០៥​នាក់​ ព្រម​ទាំង​អ្នក​នៅ​ក្នុង​បន្ទុក​ ១​សែន​ ២​ម៉ឺន​​៩​ពាន់​៧១៦​នាក់ ​កំពុង​ទទួល​ប្រាក់​របប​គោល​នយោបាយ​ពី​រដ្ឋ​ ដែល​ប្រាក់​របប​នេះ​ ត្រូ​វបាន​​កែ​សម្រួល​ ជា​បន្ត​បន្ទាប់​ ស្រប​តាម​កំណើន​សេដ្ឋកិច្ច​ជាតិ ​និង​ការ​ដំឡើង​ប្រាក់​បៀ​វត្ស​មន្ត្រីរា​ជ​ការ​ និង​កង​កម្លាំង​ ប្រដាប់​ឤវុធ​។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

    សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ វាយ​តម្លៃ​ខ្ពស់​ចំពោះ ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ដែល​ក្រោយ​​ការ​បង្កើត​រយៈ​ពេល ​១១​ឆ្នាំ​ តែង​បាន​ខិត​ខំ​បំពេញ​ការ​ងារ ​សម្រេច​លទ្ធផល​ជា​ផ្លែ​ផ្កា​ គួរ​ឱ្យ​កត់​សម្គាល់​ រួម​ចំណែក​ដល់​ការ​ពង្រឹង​ពង្រីក​តួនាទី​អតីត​យុទ្ធជន ​ការ​កែ​លំអរ​ជីវភាព ​ការ​ពង្រឹង​ធ្លុង​សាមគ្គីភាព​ ការ​បង្កើន​ស្មារតី​ជួយ​គ្នា​ ទៅ​វិញ​ទៅ​មក ​ក្នុង​ឋានៈ​ជា​សមាជិក ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ពិសេស ​ពេល​ជួប​គ្រោះ​ថ្នាក់​ ជួប​ទុក្ខ​លំបាក​ ឬ​ទទួល​មរណភាព​ជា​ដើម​។​ សម្ដេច​តេជោ ​កោត​សរសើរ​ផង​ដែរ ​ចំពោះ​ ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ​ ឤជ្ញា​ធរ​ដែន​ដី ​គ្រប់​លំដាប់​ថ្នាក់ ​ដែល​បាន​រួម​សហការ​ជិតស្និទ្ធ ជា​មួយ​សមាគម​អ​តីត​យុទ្ធជន​កម្ពុជា ​ក្នុង​ការ​បង្ក​ គ្រប់​លទ្ធភាព​ ជួយ​​ដល់​អតីត​យុទ្ធជន ​និង​គ្រួសារ​ឱ្យ​ទទួល​បាន​ការ​ លើក​កម្ពស់​ ជីវភាព ​សុខុមាល​ភាព​ កាន់​តែ​ ប្រសើរ​ឡើង ​ជា​លំដាប់​ និង​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ផង​ដែរ​ ចំពោះ​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ រាជ​ធានី ​ខេត្ត​ សប្បុរស​ជន ​ចំពោះ​ដៃ​គូ​អភិវឌ្ឍ​ អង្គការ​មិន​មែន ​រដ្ឋាភិបាល ​ដែល​បាន​ បរិច្ចាគ​ជា​ថវិកា ​និង ​សម្ភារៈ​ជូន​ដល់​អតីត​យុទ្ធជន ​ធ្វើ​ឱ្យ​អតីត​យុទ្ធជន​កាន់​តែមាន​ភាព​កក់​ក្តៅ​ជឿ​ជាក់​ និង​គាំទ្រ​លើ​ការ​ដឹក​នាំ ​របស់​រាជ​រដ្ឋាភិបាល​។​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ ​របស់​គ្រួសារ​អតីត​យុទ្ធជន​ដែល​បាន​ពលី ​និង​មរណៈ​ដើម្បី​បុព្វ​ហេតុ​ជាតិ​ សម្ដេច​តេជោ ​សម្រេច​ផ្តល់​ជូន​អត្ថ​ប្រយោជន៍​បន្ថែម​ចំនួន​ ២​ ប្រភេទ​គឺ៖​

     ១.​ ក្នុង​ការបង់​វិភាគ​ទាន ​៧.០០០​រៀល​ ក្នុង​១​ខែ ​ដែល​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី ​និង​មរណៈ ​ចំនួន​ ២​ម៉ឺន​៣​ពាន់​៣២២​​នាក់​ កំពុង​បង់​ជា​ប្រចាំ​ ដល់​សមាគម​អតីត​យុទ្ធជន​ រាជរដ្ឋាភិបាល​ នឹង​ចូល​រួម​ជួយ​បង់​ ៥០%​ ដែល​សើ​នឹង​ ៣​.​៥០០​រៀល​។ ការ​បង់​វិភាគ​ទាន​នេះ ​គឺ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​នានា ​ពី​​សមាគម​ ដែល​រួម​មាន​ការ​ទទួល​បាន​ថវិកា​ចំនួន​៤​លាន​រៀល​ សម្រាប់​រៀប​ចំ​បុណ្យ​សព​ និង​សេវា​គាំទ្រ​។ ជា​រួម​រាជរដ្ឋាភិបាល​ នឹង​ចំណាយ​ថវិកា​ចំនួន​ប្រមាណ​៩៨០​លាន​រៀល ​ក្នុង​១​ឆ្នាំ​បន្ថែម​ទៀត​ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​រស់​នៅ​របស់​ គ្រួសារ​ជន​ពលី ​និង​មរណៈ​នេះ​។ ២. ​រាជរដ្ឋា​ភិបាល ​សម្រេច​ចំណាយ​ថវិកា​ប្រមាណ ​១.៦០០ ​លាន​រៀល ​ក្នុង​១​ឆ្នាំ​បន្ថែម​ទៀត ​ដើម្បី​​ផ្តល់​សេវា​ថែ​ទាំ​សុខ​ភាព​ដោយ ​ឥត​គិត​ថ្លៃ​ជូន​គ្រួសារ​ជន​ពលី​ និង​មរណៈ​ទាំង​អស់ ​ទាំង​ក្រុម​គ្រួសារ ​ដែល​ជា​សមាជិក​ និងមិន​មែន​សមាជិក​របស់​សមាគម​អតីត​យុទ្ធជន​។ 

      ជា​មួយ​នេះ​ដែរ​ សម្ដេច​ បាន​ប្រកាស​ដាក់​ចេញ​ គោល​នយោបាយ​ថ្មី​ កម្ម​វិធី​ផ្តល់​សាច់​ប្រាក់​ ដល់​ស្រ្តី​គ្រួសារ​ក្រី​ក្រ​ ដែល​មាន​ផ្ទៃ​ពោះ នៅ​​ទូទាំង​ប្រទេស​  ដែល​កន្លង​មក​នេះ​ កម្ម​វិធី​នេះ​បាន​អនុវត្ត​រួច​ហើយ ​ចំពោះ​ស្ត្រី​ជា​មន្ត្រី​រាជ​ការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​កម្មការនី​ទាំង​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ​។  សម្ដេច​តេជោ ​បញ្ជាក់​ថា៖ ចំពោះ​មុខ​នេះ ​រាជរដ្ឋា​ភិបាល ​ក៏​បាន​គិត​គូរ​ ផ្តល់​ប្រាក់​ឧបត្ថម្ភ​​ជា​ជំហានៗ​ សម្រាប់​គ្រួសារ​ក្រី​ក្រ​ នៅ​ពេល​សម្រាល​កូន​ដោយ​ពួក​គេ ​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​​ជា​៣​ដំណាក់​កាល​។ សម្ដេច​លើក​ឡើង​ថា ​ដំណាក់​កាល​ទី១​​  នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​នឹង​ទទួល​បាន​ការ​ ឧបត្ថម្ភ​៤​ដង​ ពី​រាជ​រដ្ឋា​ភិបាល ​ដោយ​ក្នុង​ម្ដង​​៤​ម៉ឺន​រៀល​,​ ដំណាក់​កាល​ទី២​ នៅ​​ពេល​​សម្រា​ល​កូន​​ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​២០​ម៉ឺន​រៀល, ​និង​ដំណាក់​កាល​ទី៣ ​ក្រោយការ​សម្រាល​រួច ​នឹង​ទទួល​បាន ​ការ​ឧបត្ថម្ភចំនួន​១០​ដង​បន្ថែម​ទៀត ​ពោល​គឺ​ រហូត​ដល់​កូន​មាន​អាយុ​២​ឆ្នាំ​ ដោយ​ក្នុង​ម្ដង​ៗ​ ៤​ម៉ឺន​រៀល​។ ​សរុប​រួម​​តាម​រយៈ​គោល​នយោយ​ថ្មី​នេះ ​ស្ត្រី​ក្រី​ក្រ​ដែល​មាន​ផ្ទៃ​ពោះ​ និង​សម្រាល​កូន​  នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល ចំ​នួន​៧៦​ម៉ឺន​រៀល​។​  ​សម្តេច​តេជោ ​បញ្ជាក់​ថា​៖ កម្ម​វិធី​ផ្តល់​សាច់​ប្រាក់​នេះ ​នឹង​ចាប់​ផ្តើម​​អនុវត្តន៍​នៅ​ពាក់​កណ្តាល​​ឆ្នាំ​២០១៩​ខាង​មុខ​ ដើ​ម្បី​កាត់​បន្ថយ​អត្រា​មរណៈ​មាតា​ និង​ទារក​។​ សម្តេច​តេជោ ​បញ្ជាក់​ដែរ​ថា៖​  ស្ត្រី​មាន​ផ្ទៃ​ពោះ ​ក្នុង​គ្រួសារ​ក្រី​ក្រ​ មាន​ប្រមាណ​៥​ម៉ឺន​៥​ពាន់​នាក់​​ក្នុង​មួយ​ឆ្នាំ​។ កម្ម​វិធី​នេះ ​នៅ​ឆ្នាំ​ដំបូង ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​​៤​លាន​៩​សែន​៥​ម៉ឺន​ដុល្លា​ ហើយ​នឹង​កើន​ដល់​ ៧​លាន​៧​សែន​៥​ម៉ឺន​ដុល្លារ​ នៅ​ឆ្នាំ​ទី​២ ​និង​បន្ត​កើន​ឡើង​រហូត​ដល់ ​១០​លាន​៤​សែន​៥​ម៉ឺន ​ដុល្លារ​ឤមេរិក​នៅ​ឆ្នាំ​ទី​​៣​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ