ព័ត៌មាន

កម្ពុជា​បាន​បញ្ជូន​កង​ទ័ព ​ចូល​រួម​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​ បន្ត​ទៀត​
នាយកដ្ឋានព័ត៌មាន(៣)
209
500

      ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​១២​ ដែល​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​ទៅ​ចូល​រួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ អង្គការ​សហប្រជាជាតិ​ ជា​មួយ​បណ្តា​ប្រទេស​ចំនួន​១២៣​នៅ​លើ​ពិភព​លោក​។

     ជា​មោទនភាព​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បញ្ជូន​កម្លាំង​ចូល​រួម​បំពេញ​បេសកកម្ម​ចំនួន​០៨​ប្រទេស​ (សាធារណរដ្ឋ​ស៊ូដង់​ ស៊ូដង់​ខាង​ត្បូង​ លីបង់​ សាយប្រឺស​ ស៊ីរី​ ឆាដ​ ម៉ាលី និង​អាហ្រ្វិក​កណ្តាល​) សរុប​ចំនួន ៥.២៥៧នាក់​ (នារី​២៣៦​នាក់​) រួម​មាន​ជំនាញ​៖ បោស​សំអាត​មីន​ កំទេច​គ្រាប់​មិន​ទាន់ផ្ទុះ​ អាវុធហត្ថ មន្ទី​ពេទ្យ​កំរិត២​ វិស្វកម្ម​សំណង់​ វិស្វកម្ម​ព្រលាន​យន្ត​ហោះ​ នាយ​ទាហាន​សេនា​ធិការ​ និងសង្កេត​ការណ៍។


     បច្ចុប្បន្ន​កង​កម្លាំង​នៃខ.ភ.ម ចំនួន​៨១៣នាក់​(នារី៥០នាក់​) បាន​នឹង​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​អង្គ​ការ​សហប្រជាជាតិ​ នៅ​៥​ប្រទេស​ ដោយ​មិន​នឿយ​ហត់​ ក្រោម​អាកាស​ធាតុ​ មាន​​សីតុណ្ណភាព​ក្តៅ​ហួត​ហែង​ រហូតដល់​៥៧អង្សា​ នៅទ្វីប​អាហ្រ្វិកកណ្តាល​ និង​ត្រជាក់​រហូត​ក្រោម​សូន្យ​អង្សារ​នៅ​ប្រទេស​លី​បង់​។

     យោង​​តាម​​កិច្ច​ព្រម​ព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​(អ.ស.ប) រាជរដ្ឋា​ភិបាល​កម្ពុជា​ បាន​អនុញ្ញាត​ជូន​គណៈកម្មាធិការ​ជាតិ​ បញ្ជូន​កង​កម្លាំង​ទៅ​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ ចំនួន០៣កង​ រួម​មាន​ដូច​ខាង​ក្រោម​៖

     -     កង​វិស្វកម្ម​ព្រលាន​យន្ត​ហោះ​លេខ១៩៨     ចំនួន១៦៥នាក់​     ស្រី១៣នាក់

     -     ​កង​កម្ចេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​១៣២​        ចំនួន​១៤៤​នាក់​​     ស្រី​១១​នាក់​

     -     កងអាវុធហត្ថលេខ៦៨១                            ចំនួន​១១៩នាក់​ 

     ពិធី​នេះ​ប្រព្រឹត្តិ​​ទៅ​នៅថ្ងៃទី​០៣​ ខែឧសភា ឆ្នាំ២០១៨​ វេលាម៉ោង​ ០៨:០០នាទី ក្រោម​អធិបតី​ភាព ឯកឧត្តម នាយឧត្តម​សេនីយ៍ ប៉ុល សារឿន​ អគ្គ​មេបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ តំណាង​ដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជ​ណាចក្រ​កម្ពុជា នៅ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ​ចិន​តុង​ រាជ​ធានី​ភ្នំពេញ​។


     សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជ​ណាចក្រ​កម្ពុជា បាន​ថ្លែង​យ៉ាង​មុត​មាំថា​ ការ​ពលី​ជីវិត​របស់​វីរយុទ្ធ​ជន​យើង​ កាន់​តែ​ធ្វើ​អោយ​កម្ពុជា​មាន​ឆន្ទៈបន្ត​ដំណើ​ទៅ​មុខ​ទៀត​ ដើម្បី​រួម​គ្នា​ជា​មួយ​បណ្តា​ប្រទេស​បរិច្ចាគ​កង​កម្លាំង​ ដើម្បី​ស្វែង​រក​សុខ​សន្តិភាព​ ជូន​ប្រជា​ជាតិ​ ដែល​រង​គ្រោះ​ដោយ​សារ​ជម្លោះ​ ហើយ​កម្ពុជា​មិន​រា​ថយ​ក្នុង​ការ​ចូល​រួម​បេសកកម្ម​រក្សា​​សន្តិភាព​​ អ.ស.ប​ឡើយ ៕




អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ