ព័ត៌មាន

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ ជួប​ពិភាក្សា​ជា​មួយ​ឥស្សរជន​ជប៉ុន​មួយ​ចំនួន​ជា​អតីត​អ្នក​ដែល​ធ្លាប់​បាន​ចូល​រួម​ចំណែក​ក្នុង​ដំណើរ​ការ​ស្វែង​រក​សន្ដិភាព​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(១)
279
499 ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត ​ជួប​ពិភាក្សា​ជា​មួយ​ឥស្សរ​ជន​ជប៉ុន​មួយ​ចំនួន​ជា​អតីត​អ្នក​ដែល​ធ្លាប់​បាន​ចូល​រួម​ចំណែក​ក្នុង​ដំណើរ​ការ​ស្វែង​រក​សន្ដិភាព​នៅ​កម្ពុជា​

នៅ​ល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជួប​ពិភាក្សា​ការងារ​ជា​មួយ​ឥស្សរ​ជន​ជប៉ុន​មួយ​ចំនួន​ជា​អតីត​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​រួម​មាន​៖​ ឯកឧត្តម​ យូគីអូ ​អ៉ីម៉ាហ្កាវា​ (Yukio Imagawa) ​អតីត​ឯក​អគ្គរដ្ឋ​ទូត​ជប៉ុន​នៅ​កម្ពុជា​អំឡុង​ឆ្នាំ​(១៩៩១-១៩៩៦)​, ​ឯកឧត្តម​ ម៉ាសាហារុ ​ខូណូ ​(Masaharu​ Khono)​អតីត​អគ្គនាយក​កិច្ចការ​អាស៊ី​អាគ្នេយ៍​ និង​និរតី​ នៃ​ក្រសួង​ការ​បរទេស​ជប៉ុន​,​ ឯកឧត្តម​ ដាយស៊ូកិ​​ កូរូគិ​ (Daisuke Kurok) អតីត​ជំនាញ​ការ​បក​ប្រែ​ភាសា​ប្រចាំ​ស្ថាន​ទូត​ជប៉ុន ​បច្ចុប្បន្ន​ជា​ឯកអគ្គរដ្ឋ​ទូត​ជប៉ុន​ប្រចាំ​ប្រទេស​ម៉ាលី​។​​ ក្នុង​ជំនួប​នេះ​ឯកឧត្តម​ទាំង​បី​រូប​បាន​រំលឹក​អំពី​ប្រវត្តិរបស់ប្រទេសជប៉ុនដែលបានចូលរួមចំណែកក្នុងកិច្ចការស្វែងរកសន្តិភាពនៅកម្ពុជាកន្លងមក និងបានវាយតម្លៃខ្ពស់អំពីកត្តាដែលមិនអាចខ្វះបានក្នុងការនាំយកសន្តិភាពសម្រាប់កម្ពុជា គឺការលះបង់ និងការចូលរួមដោះស្រាយគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងនាមជាយុវជនជំនាន់ក្រោយឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់ឥស្សរជនជប៉ុនក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលបានខិតខំប្រឹងប្រែងចូលរួមស្វែងរកសន្តិភាពនៅកម្ពុជានាពេលកន្លងទៅ ទន្ទឹមដែរនេះក៏សូមអោយជប៉ុនបន្តគាំទ្រកម្ពុជាបន្តទៀត ដើម្បីបន្តរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបជាមួយលោក ស៊ីន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន

បន្ទាប់មកនៅវេលាម៉ោង៤:២០ រសៀល ថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាទីស្តីការនាយករដ្ឋមន្ត្រី។ ក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានស្វាគមន៏ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិតមកកាន់ប្រទេសជប៉ុនលើកនេះ គឺជាកិច្ចឆ្លើយតបតាមការអញ្ជើញរបស់លោកដែលបានធ្វើឡើងក្នុងអំឡុងពេលជំនួបពិភាក្សាផ្ទាល់ជាមួយសម្តេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅប្រទេសម៉ុងហ្គោលីនាពេលកន្លងមក ហើយលោកសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើអោយទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា នាខែកក្កដាខាងមុខនេះដែលនឹង ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំងអំពីឆន្ទះប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណដល់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដែលបានរៀបចំអោយរូបលោកបានមកបំពេញទស្សនកិច្ចនាពេលនេះ និងផ្តល់កិត្តិយសអនុញ្ញាតិអោយរូបលោកបានចូលជួបសំដែងការគួរសមនាពេលនេះ ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសង្ឈឹមថាកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ហើយឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណដល់ជប៉ុនដែលប្រកាន់ជំហរច្បាស់លាស់បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជានាខែកក្កដាខាងមុខនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ