ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អនុញ្ញាតិ​ឱ្យ​ ឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​ នៃ​សាធារណ​រដ្ឋ​កូរ៉េ​ ចូល​ជួប​សម្តែង​ការ​គួរ​សម​
នាយកដ្ឋានព័ត៌មាន(៣)
494
496 សម្តេច​​ពិជ័យ​​សេនា ​​ទៀ បាញ់ ​​អនុញ្ញាតិ​​ឱ្យ​​ ឯកឧត្តម​​ ឯកអគ្គ​រដ្ឋ​ទូត​​ នៃ​​សាធារណ​រដ្ឋ​​កូរ៉េ​​ ចូល​​ជួប​សម្តែង​ការ​គួរ​សម​

    សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ បាន​សម្តែង​​ការ​​ត្រេកអរយ៉ាងខ្លាំង​ចំពោះ​កិច្ច​សន្ទនា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល ​នៃ​ឧបទ្វីប​កូរ៉េ ​ដែល​បាន​ប្រព្រឹត្តិ​ ទៅ​នា​ថ្ងៃ​ទី​២៧ ​ខែមេសា​ ឆ្នាំ​២០១៨​នេះ ​នៅ​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​ខាង​ត្បូង​។​

   ថ្លែង​ដូច​នេះ​នៅ​ក្នុង​កិច្ច​ជំនួប​ជា​មួយ​ ឯកឧត្តម ​Oh Nak-young ​ឯកអគ្គរដ្ឋទូត​ ​សាធារណរដ្ឋ​​កូរ៉េ​ប្រចាំ​កម្ពុជា​ នា​រសៀល​ថ្ងៃ​​ទី២៦ ​ខែមេសា ​ឆ្នាំ២០១៨ ​នៅ​សាលអគារ​វិមាន​សន្តិភាព​។​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​លើក​ឡើង​ថា ​កម្ពុជា​ពិត​ជា​ត្រេកអរ​យ៉ាង​ខ្លាំង​​ដោយ​បាន​​ឃើញ ​ប្រទេស​កូរ៉េ​ទាំង​ពីរ​ ស្វែង​រក​ការ​ចរចារ​គ្នា​​ដោយសន្តិវិធី និងប្រកបដោយ​សុឆន្ទះ​ល្អបំផុតនោះ។ សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «ក្នុងនាមខ្ញុំតំណាងឲ្យកងទ័ពកម្ពុជាទាំងមូលមាន សេចក្តី​រីករាយនិងត្រេកអរយ៉ាងខ្លាំង ហើយក៏ជាសុឆន្ទះរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែល​ចង់ឲ្យប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកមានសុខសន្តិភាពនោះ»។

សម្តេច​ពិជ័យ​សេនា ទៀ​ បាញ់ ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និងឯកឧត្តម​ Oh Nak-Young ​ឯកអគ្គរដ្ឋ​ទូត ​នៃសាធារណរដ្ឋកូរ៉េ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

    សម្តេចបាន​បន្ថែមទៀតថា ការជួបពិភាក្សាគ្នារវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសកូរ៉េទាំងពីរនេះ​នឹងទទួល​បាន​ជោគជ័យធំបំផុតដែលកម្ពុជា ក៏ដូចជាពិភពលោកចង់បាន។ សូមរំលឹកថា លោក គីម ជុងអ៊ុន ប្រមុខរដ្ឋកូរ៉េខាងជើង និងលោក ម៉ូន ជិអ៊ុន ប្រធានាធិបតី​កូរ៉េខាងត្បូង នឹងជួបពិភាក្សាគ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរ ដែលមានឈ្មោះថា ប៉ាន់ មុនចុំ ដើម្បីស្វែងរកសន្តិភាព នៃប្រទេសទាំងពីរ និងលុបចោលការផលិតអាវុធនុយក្លេអែ និង​គ្រាប់មីស៊ីល។ កិច្ចជំនួបនេះត្រូវបានកម្ពុជា ​ក៏ដូចជាពិភពលោកសម្តែង​ការត្រេកអរយ៉ាងខ្លាំង ​ដោយរំពឹងថានឹងទទួលបានជោគជ័យផងដែរ។ 

    ទាក់ទងនឹងកិច្ចជំនួបចរចារនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា​បាន​សម្តែងអំណរអគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រប្រកប ដោយសុឆន្ទះនោះ។ ឯកឧត្តម Oh Nak–young បានបន្ថែមថា កម្ពុជាគឺជាមិត្តដ៏ល្អរបស់កូរ៉េខាងត្បូង ហើយកូរ៉េនឹងបន្តជួយកម្ពុជាជានិច្ច និងរំពឹងថាទំនាក់ទំនងរវាង់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ។ ឯកឧត្តម បានបន្ថែមថា កងទ័ពកូរ៉េនិងកងទ័ពកម្ពុជា បានសម្រេចបង្កើត អនុព័ន្ធយោធាក៏ដើម្បីចង់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយការបង្កើតនេះ​ក៏បញ្ជាក់​នូវភាពជាដៃគូរដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ