ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​លំហាត់​សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨​
នាយកដ្ឋានព័ត៌មាន(១)
355
469 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​លំហាត់​សម​យុទ្ធនាគ​មាស​ឆ្នាំ​២០១៨​

លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាង ខ.ភ.ម និង កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​​បញ្ចប់​​ប្រកប​ដោយ​ជោគ​ជ័យ​ នាព្រឹកថ្ងៃទី២៩ ​ខែ​មីនា ​ឆ្នាំ២០១៨​នេះ ​នៅ​តំបន់​ភ្នំ​ធំ​ម្រះ​ព្រៅ ​ឃុំ​ក្រាំង​អំពិល​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​, ​ដែល​ពិធី​បិទ​បាន​ប្រព្រឹត្ត​ទៅ​​ក្រោម​​​​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​,​ ឯកឧត្តម​ ស្យង់​ បូ ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រ​ចាំ​នៅ​កម្ពុជា​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ​ចុវ​ សុងហឺរ​​ (Zhou Songhe) ​មេ​បញ្ជាការ​រង​កងទ័​ព​ជើង​គោក ​នៃ​កង​ទ័ព​រំដោះ​ប្រ​ជា​ជន​ចិន​។​លំហាត់​សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាង ខ.ភ.ម និង កងទ័ពរំដោះប្រជាជនចិន ត្រូវបាន​ធ្វើឡើង​ដើម្បី​អបអរ​សាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៥៨។ លំហាត់​សម​យុទ្ធ​នេះ​ មានរយៈពេល១៧ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង​ការងារ​មនុស្សធម៌» ដោយ​ផ្តោត​លើសកម្មភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការដោះមីន និងការ​ជួយ​សង្គ្រោះ​​ប្រជា​ពលរដ្ឋ​ពីគ្រោះមហន្តរាយ។ លំហាត់សមយុទ្ធនេះ មានកម្លាំងចូលរួមសរុប ៥១៦នាក់​៖ លំហាត់​ទី​​បញ្ជាការ មានចំនួន ៤៤នាក់/ កងទ័ពចិន ២០នាក់ និងកម្ពុជា ២៤នាក់។ លំហាត់​លើទីលាន មាន​ចំនួន​ ៤២៧នាក់/ កងទ័ពចិន ១៧១នាក់ និងកម្ពុជា ២៥៦នាក់ ។តាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង​ជាប្រធាន   គណៈកម្មការដឹកនាំលំហាត់នាគមាស២០១៨ បានរាយការណ៍ឲ្យដឹងថា លំហាត់​ហ្វឹ​កហ្វឺនរួមគ្នានាពេលនេះ មានរៀបចំទាំងលំហាត់នៅទីបញ្ជាការ និងលំហាត់អនុវត្តជាក់​ស្តែង​នៅលើទីលាន សំដៅលើកកម្ពស់សមត្ថភាពវិស័យប្រឆាំងភេរវកម្ម និងការងារ​មនុស្សធម៌ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ តាមរយៈលំហាត់ហ្វឹកហ្វឺននេះ បានផ្តល់​ឱកាស​ឲ្យកងទ័ពប្រទេសទាំងពីរបានរៀនសូត្រ ដកបទពិសោធន៍ ពង្រឹងសមត្ថភាព សហការ​គ្នាកាន់តែជិតស្នីទថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការមនុស្សធម៌ទាំងក្នុងតំបន់ និង​សកលលោក។ ប្រការដែលគួរកត់សម្គាល់នោះ ការរៀបចំលំហាត់ហ្វឹកហ្វឺន មានរយៈ​ពេល១៧ថ្ងៃ មានកងទ័ពប្រទេសទាំងពីរចូលរួមកាន់តែច្រើន ប្រើប្រាស់មធ្យោបាយ សម្ភារៈ បច្ចេកទេស គ្រឿងចក្រ ឧបករណ៍អាវុធយុទ្ធភណ្ឌកាន់តែទំនើប និងបាញ់គ្រាប់ពិត​មាន​ចំនួនច្រើន បើប្រៀបធៀបជាមួយការរៀបចំ លំហាត់ហ្វឹកហ្វឺន​នាគមាស​កាលពីឆ្នាំ២០១៦​កន្លងមក ។ឧត្តមសេនីយ៍ឯក ចុវ សុងហឺរ (Zhou Songhe) មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ព​រំដោះប្រជាជនចិន បានហៅទំនាក់ទំនងរវាងកម្ពុជា-ចិន ថាជាមហាមិត្តភាពជាប្រពៃ ដែល​បាន​កសាងឡើងដោយផ្ចិតផ្ចង់ ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរគឺលោកប្រធាន ម៉ៅ សេទុង, លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងព្រះបរមរតនៈកោដ នរោត្តម សីហនុ ហើយបន្តរហូតដល់បច្ចុប្បន្ន។

ឧត្តមសេនីយ៍ឯក ចុវ សុងហឺរ​​ បានបន្តថា ការហ្វឹកហ្វឺនសមយុទ្ធយោធារួមគ្នាពេលនេះ គឺជាការពង្រឹង និងការអភិវឌ្ឍន៍មហាមិត្ត រវាងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរ គឺជាដៃគូរដែលបានទុកចិត្តលើគ្នាយ៉ាងស្មោះត្រង់ កងទ័ពទាំងពីរកម្ពុជា-ចិន គឺជាបងប្អូនដ៏ល្អ ចិត្តមួយថ្លើមមួយ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏ល្អ ហើយទំនាក់ទំនងការទូត​៦០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងទូរគមនាគមន៍ វិស័យធនធានថាមពល កិច្ចការតំបន់ និងកិច្ចការ​អន្តរជាតិ ឲ្យទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចេះត្រចង់ផងដែរ។ឧត្តម​សេនីយ៍​ឯក ចុវ សុងហឺរ បានបញ្ជាក់ថា ក្រសួងទាំងពីរ បានបង្កើតជាកិច្ចសហប្រតិបត្តិ ជាច្រើនគ្រប់ទ្រង់ទ្រាយ កងទ័ពទាំងពីរបានរក្សាទំនាក់ទំនងផ្លាស់ផ្តូរបទពិសោធន៍​គ្រប់​ជាន់​ថ្នាក់​។ ដោយឡែកចាប់ពីឆ្នាំ២០០២មក កងទ័ពចិន បានជួយកសាងវិទ្យាស្ថាន និងសាលា​ក្នុងកងយោធពលខេមរភូមិន្ទ បច្ចុប្បន្នវិទ្យាស្ថាន និងសាលាកងទ័ពជើងគោក នៃកងទ័ព​រំដោះ​ប្រជាជនចិន សរុប ១២សាលា ក្នុងនោះមាន៨សាលា (វិទ្យាស្ថានបញ្ជាការ សកលវិទ្យាល័យ​វិស្វកម្ម វិទ្យាស្ថានកងទ័ពថ្មើរជើង វិទ្យាស្ថានរថពាសដែក វិទ្យាស្ថានកាំភ្លើងធំ ការពារអាកាស វិទ្យាស្ថានទ័ពអាកាស វិទ្យាស្ថានទ័ពពិសេស និងវិទ្យាស្ថានការពារជីមីសាស្ត្រ។អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម ស្យង់ បូ អះអាងថា រដ្ឋាភិបាលចិន នៅតែបន្ត​គាំទ្រ​ពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារបូរណភាព អធិ​បតេយ្យ​របស់​ខ្លួន។ ជាមួយនឹងការប្រកាសជំហររបស់ចិននេះ ឯកឧត្តម ស្យង់ បូ ក៏បានកោតសរសើរ​ចំពោះ​ភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ហើយលោក ជឿជាក់ថា ប្រទេសកម្ពុជា នឹងបន្តរីកចម្រើនរឹងមាំកាន់តែខ្លាំងថែមទៀត នៅថ្ងៃខាងមុខ។សម្តេចពិជ័យសេនា ទៀ បាញ់ថ្លែងសន្ទរកថាក្នុងពិធីបិទលំហាត់នាគមាស

ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការពារ​ជាតិ គូសបញ្ជាក់ថា គុណសម្បត្តិនៃសមយុទ្ធនាគមាសឆ្នាំ២០១៨ គឺដើម្បីឲ្យកងទ័ពកម្ពុជា មានសមត្ថភាពកាន់តែខ្ពស់​ក្នុងការការពារជាតិ។ សម្តេចពិជ័យសេនា ចាត់ទុកថា​ លំហាត់​ហ្វឹកហ្វឺននេះ គឺជាការងារដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាពយោធិន ដែលជា​ជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នាពេលអនាគត។សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ក្នុងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន​សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ផែនការកែទម្រង់​កងយោធ​ពល​​ខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាពជាតិ បូរណ​ភាព​ទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។ប្រមុខការពារជាតិ បានបញ្ជាក់ថា កងយោធពខេមរភូមិន្ទ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើគុណភាពហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅ​កសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះ ដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តភាព​ក្នុងការកែទម្រង់លើគ្រប់វិស័យនៅកម្ពុជា៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ