ព័ត៌មាន

ក្រសួង​ការពារជាតិ​កម្ពុជា-វៀតណាម ​ប្រគល់​រង្វាន់​ស្នាដៃ ​និពន្ធ​អក្សរ​សិល្ប៍​ ដើម្បី​អបអរ​សាទរ​ខួប​៥០​ឆ្នាំ ​ថ្ងៃ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ប្រទេស​ទាំង​ពីរ
នាយកដ្ឋានព័ត៌មាន(៣)
722
463 ក្រសួងការពារជាតិកម្ពុជា-វៀតណាម ប្រគល់រង្វាន់ស្នាដៃ និពន្ធអក្សរសិល្ប៍ ដើម្បីអបអរសាទរខួប៥០ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

         ស្នាដៃ និពន្ធអក្សរសិល្ប៍ សិល្បៈ ក្រោមប្រធានបទ ចំណងមិត្តភាព យុទ្ធសាមគ្គីភាព​របស់​ប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ដើម្បីចូលរួមអបអរសាទរខួប៥០ឆ្នាំ ថ្ងៃបង្កើត​ទំនាក់​ទំនង​ការ​ទូត និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០១៧ របស់ ខ.ភ.ម ចំនួន ១៣៣​នាក់ ត្រូវ​បាន​ក្រសួង​ការពារ​ប្រទេស នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងក្រសួង​ការពារជាតិ​កម្ពុជា ប្រគល់រង្វាន់ និង​ប័ណ្ណសរសើរជូន នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨​។ ពិធីនេះរៀបចំឡើង នៅ​ទីស្តីការ​ក្រសួង​ការពារ​ជាតិកម្ពុជា ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​នាយឧត្តមសេនីយ៍ ​នាង ផាត ​រដ្ឋលេខាធិការ ​ក្រសួង​ការពារជាតិ ​និង​ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​បម្រុង​ ង្វៀន ចុងងៀ ​អនុ​ប្រធាន​​អគ្គស្នង​​ការ​​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​​វៀត​ណាម។​

ក្រសួងការពារជាតិកម្ពុជា-វៀតណាម ប្រគល់រង្វាន់ស្នាដៃ និពន្ធអក្សរសិល្ប៍ ដើម្បីអបអរសាទរខួប៥០ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

        ឯកឧត្តម ឧត្តមសេនីយ៍ឯក នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួង​ការពារ​​ជាតិ បាន​​ឲ្យ​ដឹងថា ដើម្បីចូលរួមអបអរសាទរខួប៥០ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនង​ការទូត និងឆ្នាំ​មិត្ត​ភាព​កម្ពុជា​-​វៀត​ណាម​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ក្រសួង​ការពារ​ជាតិ បាន​បំផុស​ចលនា​ផ្នែក​និពន្ធ​អក្សរសិល្ប៍ សិល្បៈ​ដល់​បណ្តាស្ថាប័ន កងឯកភាព និង​ប្រភេទទ័ពនៃ ​ខ.ភ.ម ឲ្យចូល​រួម​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីមោទន​។​ ​ជាក់ស្តែង បណ្តាស្ថាប័ន កងឯកភាព បានបញ្ជូនមកចូលរួម ដែល​គណៈ​កម្មាការ​ចាត់​ទុកថា​បាន​ការ​ មានចំនួន ៦០២ស្នាដៃ ដោយមានបេក្ខជនចូលរួមចំនួន ២៥៣នាក់ ស្មើ​នឹង​៩៩​កង​ឯក​ភាព​ចូលរួម ក្នុង​នោះ ​​ផ្នែក​អក្សរ​សិល្ប៍​(រឿងខ្លី)​ ១២​​២​ស្នាដៃ,​​ ចម្រៀង ​​១២៧ស្នាដៃ, ​គំនូរ​ ៣៥ស្នាដៃ,​ រូបថត​ ៣១៥​​ស្នា​ដៃ ​និង​​ភាពយន្ត​ឯកសារ ​មាន​៣​ស្នា​ដៃ។​ ​ជា​ចុង​ក្រោយ​ស្នា​ដៃ​និពន្ធ​​អក្សរ​សិល្ប៍​ សិល្បៈ ​ត្រូវ​​បាន​​ទទួល​​រង្វាន់​​លើក​​ទឹក​​ចិត្ត​ដល់​ស្នាដៃ​ដែល​បាន​ចូល​រួម​សរុប​ មាន​​ចំនួន​ ៤៣​ស្នាដៃ ​ពីសំណាក់​ថ្នាក់​ដឹក​នាំ​អគ្គស្នង​ការ​​នយោ​បាយ​​កង​​ទ័ព​​ប្រជាជន​វៀតណាម​។ ​ដោយ​ឡែក ​ក្រសួង​​ការពារជាតិ​កម្ពុជា ​ក៏​បាន​ពិនិត្យ​​វាយ​​តម្លៃ​​លើក​​សរសើរ​​ដល់​​បណ្តា​​ស្ថាប័ន​ កង​ឯកភាព​ មាន​​ស្នា​ដៃ​​សកម្មភាព​ចូល​រួម​ការងារ​បំផុស​ចលនា​និពន្ធ​អក្សរ​សិល្ប៍​ សិល្បៈ​ ជា​ប័ណ្ណ​សរសើរ ​និង​លិខិត​​សរសើរ​មាន​ចំនួន ​៤៦​ក​ង​ឯកភាព​ផង​ដែរ​។​

​     នាយ​ឧត្តមសេនីយ៍ ​នាង ផាត បានថ្លែងថា ការប្រារព្ធពិធីនេះ មានអត្ថន័យឆ្លុះបញ្ចាំង​ពី​ការ​លើក​កម្ពស់​ស្មារតីកិច្ចសហប្រតិបត្តិការ សាមគ្គី កម្ពុជា-វៀតណាម-ឡាវ ដែលមាន​ប្រពៃណី​រក្សា​បាន​នូវ​ចំណង​សាមគ្គី​ភាព​ ជាមួយប្រទេសភូមិផង របងជាមួយគ្នាដែលបាន​ឆ្លង​កាត់​ក្នុង​បុព្វហេតុ​តស៊ូ​ប្រឆាំង​ពួក​បរទេស​ឈ្លាន​ពាន​ ដើម្បីការពារកសាងមាតុភូមិបច្ចុប្បន្ន ក៏ដូចជាការពង្រឹងសន្តិភាព និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យូរ​អង្វែង​ផង​ដែរ។ នាយឧត្តម​សេនីយ៍ នាង ផាត បានបន្តថា ក្នុង​សភាព​ការណ៍​ស្ថានភាពនយោបាយ សេដ្ឋកិច្ច យោធា និងការទូតកងយោធពលខេមរភូមិន្ទកម្ពុជា បាន​ខិត​ខំ​ជំរុញ​ការពង្រឹង ពង្រីកចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយបណ្តាប្រទេសជាមិត្ត ជា​ពិសេស​សមភាគីវៀតណាម ដែលជា​ដៃគូសហប្រតិបត្តិការ​ជិត​​ខាង​​ល្អ​បន្ត​ជម្រុញ​សកម្មភាព​របស់កម្ពុជា។ រហូតមកដល់​ពេលនេះ​កម្ពុជា បានរឹងមាំនូវសន្តិភាព ស្ថិរភាព​នយោបាយ ​សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំង​អធិបតេយ្យភាព និងបូរណភាពពេញលេញ ដែល​ជា​មូល​ដ្ឋាន​គ្រឹះសម្រាប់អភិវឌ្ឍ​ប្រទេស​ជាតិ។ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ ក្រសួង​ការពារជាតិ ​ខ.ភ.ម, ឯ.ឧ នាង ផាត បានថ្លែងអណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល កងទ័ព ប្រជាជន​នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាបងប្អូន ដែលបានជួយឧបត្ថម្ភគាំទ្រដល់​កសាង​អភិវឌ្ឍប្រទេសជាតិ។ និងបានថ្លែងអំណរសាទរផងដែរចំពោះខួបអនុស្សាវរីយ៍ ថ្ងៃ​បង្កើត​ទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព កម្ពុជាវៀតណាម គម្រប់ខួបទី៥០ឆ្នាំ ហើយជូនពរ​ឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តការជិតស្និទ្ធ រវាងកងទ័ពប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខ.ភ.ម នៃព្រះរាជាណាចក្រកម្ពុជា មាន​វឌ្ឍនភាព​ជារៀងរហូត។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ

        ឧត្តមសេនីយ៍ឯក បម្រុង ង្វៀន ចុងងៀ បានមានប្រសាសន៍​ថា ​ការ​បំផុស​​ចលនា​​និពន្ធ​អក្សរ​សិល្ប៍​ សិល្បៈស្តី​ពី​ចំណង​យុទ្ធ​សាមគ្គី រវាងប្រតែសទាំងបី កម្ពុជា វៀតណាម ឡាវ បានរៀប​​ចំឡើង​ដោយ​​កង​ទ័ព​ទាំង​បី ​ដោយ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ល្អ​ប្រសើរ​ ដែល​ជា​ការ​​រំលឹក​ឡើង​វិញ​នូវ​ប្រពៃណី​ដ៏​ភ្លឺ​ស្វាង​ ពង្រឹង​​ពង្រីក​ពូន​ជ្រុំ​ ភាព​ស្មោះ​ត្រង់​ភ្លឺ​ថ្លា​ ចំណង​​សាមគ្គី​ភាព​​របស់​កងទ័ព​ប្រទេស​ទាំង​បី ​និង​​បន្ត​បំពេញ​​ឯក​សារ​នៅ​ក្នុ​ង​​កេរ្តិ៍​តំណែល​​អក្សរ​សិល្ប៍​ សិល្បៈ ​ដើម្បី​បង្កើត​គោល​ដៅ​​សំខាន់​​ក្នុង​ការ​​អភិវឌ្ឍន៍​​ទំនាក់​​ទំនង​កម្ពុជា​ វៀត​ណាម ​ឡាវ ​ក្នុង​បណ្តា​​ឆ្នាំ​ខាង​មុខ​នេះ​ជា​បន្ត​បន្ទាប់​ទៀត។​

ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​បម្រុង​ ង្វៀន ចុងងៀ ​អនុ​ប្រធាន​​អគ្គស្នង​​ការ​​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​​វៀត​ណាម

        ឯ.ឧ អនុប្រធានអគ្គស្នង​ការនយោបាយ​វៀតណាម បានថ្លែងនូវជំនឿជឿជាក់ថា យើង​នឹងបន្ត​សហការ​លើក​កម្ពស់​នូវ​​លទ្ធផលល្អ​ដែល​ទទួល​បាន ​តាម​រយៈបណ្តា​បទ​និពន្ធ​ថ្មី​ អគ្គនាយកដ្ឋាន​យោធសេវា ​ក្រសួង​​ការ​ពារ​​ជាតិ​ ​និង​អគ្គស្នង​ការ​នយោបាយ​កង​ទ័ព​ប្រជាជន​​វៀត​ណាម ​នៅ​តែ​បន្ត​ណែ​នាំ​កសាង​ឡើង​ផែន​ការ​ ដូច​ជា ​បោះពុម្ព​ រៀប​ចំ​កម្មវិធី ​ផ្សព្វ​ផ្សាយ​​បទ​និពន្ធ​ឲ្យ​ទូលាយ​នៅ​ក្នុង​កង​ទ័ព​យើង​ទាំង​ពីរ ​ដើម្បី​​បម្រើ​​ការងារ​​ឃោសនា​អប់រំ​​នា​ពេល​​បច្ចុប្បន្ន​ និង​អនាគត​។ ​បន្ត​ពិចារណា​សហការ​រាល់​សកម្មភាពសិល្បៈ​រួមរវាង​កងទ័ព​វៀត​ណាម និងកងទ័ពកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងសាមគ្គី មិត្តភាព​រវាងកងទ័ព​និងប្រទេសទាំងពីរ ​ទន្ទឹម​នឹង​នោះ​​បន្ត​ផ្សព្វ​ផ្សាយ​នៅ​​បណ្តា​សកម្មភាព​ដើម្បី​ប្រារព្វពិធី​អនុស្សាវរីយ៍៤០ឆ្នាំ ​(៧មករា ១៩៧៩ - ៧មករា ២០១៩) ​ថ្ងៃ​ជ័យ​ជំនះ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ ​នា​ឆ្នាំ២០១៩​ ៕ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ