ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​​ទី​ប្រឹក្សា​​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​
នាយកដ្ឋានព័ត៌មាន(៣)
742
462 សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ​ទីប្រឹក្សា​នាយករដ្ឋ​មន្ត្រី​ជប៉ុន

      នៅ​រសៀល​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​អនុញ្ញាតិ​ឲ្យ​ ឯកឧត្តម កេន ការ៉ូ សូនូរ៉ា ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ជប៉ុន ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​ នៅ​ទី​ស្តី​ការ​ក្រសួងការពារជាតិ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ  និងឯកឧត្តម កេន ការ៉ូ សូនូរ៉ា ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ជប៉ុន

       នៅ​ក្នុង​ជំនួប​នោះ​ ឯកឧត្តម កេន ការ៉ូ បាន​មាន​ប្រសាសន៍​ថា​៖ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ខួប​លើក​ទី៦៥​ នៃការបង្កើត​ទំនាក់​ទំនង​ការទូត​ រវាង​ជប៉ុន​ និងកម្ពុជា​  ឯកឧត្តម​ចង់​អោយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២ កម្ពុជា-ជប៉ុន រួម​នឹង​ទំនាក់​ទំនង​វិស័យ​ការ​ពារ​ជាតិ​ប្រទេស​ទាំង​២​ កាន់​តែ​មាន​ការ​រីក​ចំរើន​ថែម​ទៀត​។

​      នៅ​ក្នុង​ជំនួប​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​លើក​ឡើង​ពី​ការ​រួម​ចំនែក​របស់​ជប៉ុន​ ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ថែ​រក្សា​សន្តិភាព​ ដែល​បានជួយ​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​មុន​ ព្រម​ទាំង​បាន​ជួយ​ដល់​កំលាំង​កងទ័ព​មួក​ខៀវ​កម្ពុជា ក្នុង​ការ​ចេញ​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​ថែម​ទៀត​។ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏បាន​ជម្រាប​ជូន​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ជប៉ុន​ អំពី​ការ​វាយ​ប្រហារ​របស់​ពួក​ឧទ្ទាម​ មកលើ​ទីតាំង​កង​កំលាំ​ងរក្សា​សន្តិភាព​កម្ពុជា​ ដែល​កំពង់​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​ ដែល​បាន​ធ្វើ​អោយ​ខូច​ខាត​ផ្ទះ​២ខ្នង​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ​។ សម្តេច​ពិជ័យ​សេនា​បានសង្កត់​ធ្ងន់​ថា៖​ កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​កិច្ច​ការ​ រក្សា​សន្តិភាព​ជា​មួយ​អង្គការ​សហប្រជាជាតិជានិច្ច​។

      ឯកឧត្តម កេន​ ការ៉ូ បាន​ថ្លែង​ថា៖ បច្ចុប្បន្ន​កង​កំលាំង​រក្សាសន្តិភាព​ជប៉ុន​ បាន​កំពង់​បំពេញ​បេសកកម្ម​នៅ​ទូ​ទាំង​ទ្វីបអាហ្វ្រិក និង​បន្ត​ពង្រីក​ទៅ​កន្លែង​ផ្សេង​ទៀត​។ ឯកឧត្តមបានបញ្ជាក់​ថា៖ ប្រទេស​ជប៉ុន​ក៏​បាន​កំពង់​សិក្សា​លទ្ធភាព​ក្នុង​ការ​ផ្តល់​សម្ភារៈ​បរិក្ខា​ដល់​កង​កំលាំង​រក្សា​សន្តិភាព​កម្ពុជា​ផង​ដែរ។ ទាក់​តង​ទៅ​នឹង​ការ​វិវត្តន៍​នៃ​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​ ឯកឧត្តម​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បានសង្កត់​ធ្ងន់​ថា​៖​ ប្រទេស​ជប៉ុន​បាន​គោរព​អធិបតេយ្យ​ភាព​កម្ពុជា​ និង​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ទេ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ