ព័ត៌មាន

កិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី ១៣ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ
នាយកដ្ឋានព័ត៌មាន(១)
428
460

    ​ ក្រសួងការពារប្រទេសថៃបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជា (GBC) លើកទី១៣ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ​ដូសិត (Dusit ​) ​ក្នុងទីក្រុងបាងកក ព្រះរាជាណា​ចក្រថៃនាថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៨ ដែលកិច្ចប្រជុំនេះ ត្រូវ​បានដឹកនាំដោយសហប្រធាន ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស នៃព្រះរាជាណាចក្រថៃ និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ ព្រះរាជាណាចក្រកម្ពុជា ។អញ្ជើញ​ចូលរួមក្នុងឱកាសនោះដែលខាងភាគីកម្ពុជាមាន ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គ​មេបញ្ជាការ ខភម ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារព្រំដែន និង ជាប្រធាន​គណៈកម្មាធិការចំរុះកិច្ចការព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ​មាស​ សូភា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ​សុខា អគ្គមេបញ្ចាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ព្រមទាំងឯកឧត្តម ជាមេបញ្ជាការ​មកពីបណ្តា​កង​ឯកភាព ខភម ដែលមានការ​ពាក់ពន្ធ័​ជាច្រើនទៀត ។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជាលើកទី ១៣ នេះមានគោលបំណងរំលឹកឡើងវិញ​ក្នុងពេល​កន្លងមក​​ក្នុងការអនុវត្តការងារកំណត់ហេតុកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅលើកទី ១២ រួមទាំងកំណត់​ទិសដៅនៃ​កិច្ច​ស​ប្រតិបត្តិការ រក្សាសន្តិភាព ស្ថេរភាពនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ​ កម្ពុជា ថៃ ។  ថ្លែងបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជា លើកទី ១៣ នាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ បានមានប្រសាសន៍ថា៖ ​ដោយសម្ព័ន្ធមេត្រីភាព​ចំណងមិត្តភាពនិងមនុស្ស​សញ្ចេតនាស្មោះ​ស្ស្មោះត្រង់ រវាងកងទ័ពទាំងពីរ បានធ្វើឲ្យកិច្ចប្រជុំលើកនេះបានសម្រេចជោគជ័យ ដូចកិច្ចប្រជុំលើកមុនៗ កន្លង​មក​​ដែល អាចភ្ជាប់កិច្ចសហប្របត្តិការ ដែលមានស្រាប់ ព្រមទាំង ការអភិវឌ្ឍន៍ ឱ្យមានការរីក​ចម្រើន​ឡើង​ថែមទៀត និង ផ្ដល់ផលប្រយោជន៍ឱ្យដល់ ព្រំដែននៃប្រទេសទាំងពីរ គឺជាព្រំដែនសុខ សន្តិភាព មិត្តភាព កិច្ចសហ​ប្រតិបត្តិការ​​យ៉ាង​ពិតប្រាកដ​។ ថ្លៃងបើកកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅថៃកម្ពុជាលើកទី១៣ នាឱកាស​នោះដែល សម្ដេចពិជ័យសេនា ទៀ បាញ់​បានសំដែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញ ភាពរីក​ចម្រើនយ៉ាងល្អ​ប្រសើរក្នុងទំនាក់ទំនងនិងកិច្ច​សហប្របត្តិការរវាងកងទ័ពនៃប្រទេស​ទាំងពីរកម្ពុជាថៃ​ដែល​ស្ដែង​អោយ ឃើញ​តាម​រយៈ​​ការបង្កើតយន្តការប្រជុំប្រចាំ ឆ្នាំរវាងអគ្គមេបញ្ជាការកងទ័ព ការបង្កើន​តួនាទី​ការិយាល័យ​ទំនាក់​ទំនងព្រំដែន ការចេញ​បញ្ជីឈ្មោះអ្នកទំនាក់ទំនងបន្ទាន់ (Hotline) រវាងអាជ្ញាធរ៌ សន្តិសុខ​ ​នៅ​តាម​តំបន់​ព្រំដែន​គ្រប់លំដាប់ថ្នាក់ និង ការពង្រឹងកិច្ច​សហប្រតិបត្តិការ​លើអង្គភាព​ពេទ្យយោធា ​ដែលទាំង​អស់នេះ​​ជា​ភស្តុតាងបង្ហាញ នូវការវិវត្តន៍ ជាវិជ្ជមានក្នុងភាព​ជាដៃគូនិងចំណងមិត្តភាព​ដ៏ល្អប្រពៃរវាងប្រទេសយើង​ទាំងពីរ សម​​ស្រប​​​តាមតួនាទី​ដ៏​សំខាន់​នៃ​គណៈកម្មាធិការ​ព្រំដែនទូទៅរបស់យើង ​លើវិស័យ​សន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ។សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងទៀតថា៖​ការប្រជុំថ្ងៃនេះមិនត្រឹមតែជាវេទិកា​មួយផ្ដល់ឱកាសឲ្យ​យើងសម្រាប់ធ្វើការ​ពិភាក្សានិង​ផ្លាស់ប្តូរទស្សនៈដ៏ល្អជាមួយគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនិងតំបន់ប៉ុណ្ណោះទេតែក៏ជាចលករជំរុញអោយភាពជាដៃគូរវាងយើងកាន់តែស៊ីជម្រៅនិងបង្កើនការកសាងទំនុកចិត្តក្នុងគោលបំណងធានាការប្ដេជ្ញាចិត្តរបស់យើងក្នុងការការពារ​សន្តិភាពប្រកបដោយនិរន្តរភាព​ស្ថេរភាពកិច្ចសហប្រតិបត្តិការ​និងការអភិវឌ្ឍន៍​តាមមាគ៌ាយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃក្នុងកើតចំណងទាក់ទងល្អភាពជាដៃគូភាពជាអ្នកជិតខាងល្អប្រកបដោយមិត្តភាពនិងការគោរពគ្នាទៅវិញទៅមកលើគ្រប់វិស័យដោយអនុលោមទៅតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋបូជាសពទៅនឹងការរក្សាសន្តិភាពសន្តិសុខនិងសន្តិភាពនៅក្នុងតំបន់ទាំងមូលផងដែរ ។សម្ដេចពិជ័យសេនា បានសំដែងនូវជំនឿជឿជាក់ថា . ៖ កិច្ចប្រជុំគណៈកម្មការព្រំដែន​ទូទៅរបស់យើង​នាពេលនេះប្រាកដជា​ដាក់ចេញនូវ​យន្តការថ្មីៗដែលនាំមកនូវការរឹតចំណងមិត្តភាពនិងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសយើងទាំងពីរឲ្យកាន់តែរឹងមាំនិងទទួលនិងទូលំទូលាយទាំងក្នុងក្របខណ្ឌ័ទ្វេរភាគី ពហុភាគ តំបន់ និងអន្តរជាតិ ដែលជាការរួមចំនែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការរក្សាបាននូវសុខសន្តិភាពស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរជាពិសេសនៅក្នុងតំបន់ព្រំដែននៃប្រទេសយើងទាំងពីរកម្ពុជាថៃ។កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃលើកទី ១៣ ត្រូវបានរៀបចំឡើងដោយយោងទៅតាម​ កិច្ចព្រមព្រៀង​នៃការបង្កើត​កិច្ចសហប្របត្តិការព្រំដែន​រវាងព្រះរាជាណាចក្រកម្ពុជា​និង​ព្រះរាជាណាចក្រថៃ​ក្នុងគោល​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​​ដើម្បី​សន្តិភាព​និងសន្តិសុខ​ក្នុងតំបន់ព្ឬំដែនក៏ដូចជាការ​បន្ថែមនូវ​ទំនាក់ទំនង​រវាងកងទ័ពនិង​កងឯកភាពសន្តិសុខពាក់ព័ន្ធដទៃទៀតរបស់កម្ពុជានិងថៃ ។តាមរយៈកិច្ចប្រជុំនេះ​ភាគី​ទាំងពីរក៏បានពិនិត្យឡើងវិញ​នូវ​លទ្ធផលនៃការអនុវត្តកម្មវិធីកិច្ច​សហប្រតិការផ្សេងៗដែលបានដាក់ចេញ​ដោយកិច្ចប្រជុំគណៈកម្មការ​ព្រំដែន​ទូទៅលើកទី ១២ កាលពី ថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៧ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា​​​​ដូចជា​ កិច្ចសហប្រតិបត្តិការ​លើការឆ្លងកាត់ព្រំដែន បញ្ហាពលករ ការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ វាងកងទ័ពកម្ពុជា ជាមួយបណ្ដាអង្គភាពសន្តិសុខថៃនៅតំបន់ព្រំដែន បញ្ហាកសិកម្ម បញ្ហាសុខភាពសាធារណៈ ការអភិវឌ្ឍន៍ ជាភាពរស់នៅ ការអប់រំ សាសនា និង វប្បធម៌ ។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជាលើកទី ១៣ នេះក៏បានជំរុញឲ្យភាគីទាំង​ពីរ ថៃ កម្ពុជា បន្ត​នូវ​ភារកិច្ច​​ក្នុងការថែរក្សាសន្តិភាពស្ថេរភាព តាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ដោយស្រប​តាមគោលការណ៍ និង វិធានកា​រដែលបានកំណត់ ក្នុងកំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំលើកទី ១៣ នេះ លើគ្រប់ទិដ្ឋភាពទាំងអស់ ។ នៅក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស នៃព្រះរាជាណាចក្រថៃ និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ(GBC)លើកទី ១៣ ផងដែល ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ