ព័ត៌មាន

សិក្ខាសាលាស្តីពីតួនាទីនិងភារកិច្ច អ្នកនាំពាក្យនៃកងយោធពលខេមរភូមិន្ទ
នាយកដ្ឋានព័ត៌មាន(៥)
766
457 សិក្ខាសាលាស្តីពីតួនាទីនិងភារកិច្ច អ្នកនាំពាក្យនៃកងយោធពលខេមរភូមិន្ទ

     ក្នុង​គោល​បំណង​ពង្រឹង​តួនាទី​ និង​ទំនួល​ខុសត្រូវ​របស់​អ្នក​នាំ​ពាក្យ​នៅ​តាម​អង្គភាព​នានា​នៅ​ក្រោម​ ចំ​ណុះ​ នា​ថ្ងៃទី​១៤​ ខែ​មីនា​ ឆ្នាំ២០១៨​ ក្រសួង​ការពារជាតិ​ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​មួយ​ស្តី​ពី​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​ ដើម្បី​ចែក​រំលែក​ចំណេះដឹង​ បទ​ពិសោធន៍​ ដល់​ក្រុម​អ្នក​នាំពាក្យក្នុង​ក្រសួងសម្រាប់​យក​ទៅប្រើប្រាស់​ក្នុង​ការនាំ​សាររបស់​អង្គភាពទៅ​កាន់អ្នក​សារព័ត៌មាន និង​សាធារណជន​ ឱ្យបានល្អនិងត្រឹម​ត្រូវ។​ វគ្គបណ្តុះបណ្តាល​ដល់ក្រុមអ្នកនាំពាក្យក្រសួងការពារជាតិ នេះត្រូវបាន​ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាំពាក្យមកពីបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនានា ប្រមាណជាង១០០នាក់ ដែលក្នុងនោះក៏មានផងដែរនូវសិក្ខាកាមចំនួន៥០នាក់ មក ពីអង្គភាពចំណុះ ក្រសួងការពារជាតិ។ 

      វាគ្មិន​សំខាន់ៗដែល​អញ្ជើញ​ចូល​រួម​ចែក​រំលែក​បទពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាល​នេះរួមមាន៖​ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​,អ្នក​នាំពាក្យគណបក្សប្រជាជនកម្ពុជា​, អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី,​ លោកសាស្រ្តា​ចារ្យ​បណ្ឌិត​ សាស្រ្តាចារ្យព័ត៌មាន​ និងទំនាក់ទំនង​ និងអ្នកសារព័ត៌មាន​ជើងចាស់ជាដើម។​ 

      ឯកឧត្តម នង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ថ្លែងសន្ទរកថាបើកសិក្ខាសាលា 

      នៅក្នុង​ឱកាសនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ នាង​ ផាត​​ បាន​គូសបញ្ជាក់អំពី​សារសំខាន់​និងភាព​ ចាំ​បាច់​នៃតួនាទី​ និងភារកិច្ចរបស់អ្នកនាំពាក្យក្នុង​ ខ.ភ.ម ​ក្នុងការផ្សព្វផ្សាយជូន​សាធារណជន​ឱ្យបានជ្រាប​ អំពី​ព័ត៌មាន​របស់អង្គភាព​ និង​បក​ស្រាយ​បំភ្លឺឱ្យបាន​ច្បាស់លាស់​ចំពោះ​ការលាបពណ៌​បំភ្លៃការ​ពិត​ ណា​មួយ​មក​លើអង្គភាព​របស់​ខ្លួន។​ ឯកឧត្តម​ មាន​ក្តីសង្ឃឹមថា​សិក្ខាកាមទាំងអស់​ នឹង​ក្រេប​ជញ្ជក់​បានចំណេះដឹង​ បទ​ពិសោធន៍​ យ៉ាង​សម្បូរ​បែប​ពីវាគ្មិនទាំងឡាយ​ដើម្បី​យក​ទៅ​អនុវត្ត​ជាក់ស្តែង​នៅតាម​បណ្តា​អង្គភាពដែលខ្លួន​កំពុង​បំពេញភារកិច្ច។

     ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឈុំ សុជាតិ​ ដែល​ផ្តួចផ្តើម​បង្កើត​វគ្គបណ្តុះបណ្តាលនេះ​បានលើកឡើងថា បន្ទាប់​ពី​បញ្ចប់​វគ្គបណ្តុះបណ្តាលនេះ​សិក្ខាកាម​នឹង​បាន​យល់​អំពី​របៀបចាត់តាំង​ការិយាល័យ អ្នកនាំពាក្យ​ តួនាទី​ភារកិច្ចសំខាន់ៗ​មួយចំនួនចាំបាច់ចំពោះមុខ​ដើម្បីរៀបចំខ្លួនឱ្យបានគ្រប់គ្រាន់ចូលរួមយុទ្ធនាការព័ត៌មាន​រួមគ្នា ពីថ្ងៃនេះរហូតដល់ពេលបោះឆ្នោតសកល និងក្រោយពេលបោះឆ្នោត ធ្វើការរួមគ្នាគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងទាន់សភាពការណ៍និងតម្រូវការរបស់ប្រជាពលរដ្ឋ។  ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងតួនាទី និងភារកិច្ចដ៏សំខាន់នេះ អ្នកនាំពាក្យគ្រប់អង្គភាពគឺជាសំឡេងរបស់អង្គភាពដែលគួរហ៊ាននិយាយនូវអ្វីដែលអង្គភាពបានចាត់តាំង និងផ្តល់ជូន។ អ្នកនាំពាក្យត្រូវទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន និងបកស្រាយបំភ្លឺចំពោះការចុះផ្សាយខុសណាមួយមកលើអង្គភាពខ្លួន ឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ អ្នកនាំពាក្យក៏ត្រូវប្រមែប្រមូលព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងអង្គភាពខ្លួនដើម្បីត្រៀមឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មានផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ