ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ បិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនឆ្នាំ២០១៧ និងប្រកាសតែងតាំង នាយឧត្តមសេនីយ៍ ជា តារា ជាសកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ
នាយកដ្ឋានព័ត៌មាន(១)
401
450 សម្តេចពិជ័យសេនា ទៀ បាញ់ បិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឹនឆ្នាំ២០១៧និងប្រកាសតែងតាំងនាយឧត្តមសេនីយ៍ ជា តារា ជាសកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន ឆ្នាំ២០១៧ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ​ការពារ​ជាតិ (ឬស្សីកែវ)។ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯ.ឧ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេ​បញ្ជាការ​នៃ ខ.ភ.ម, ឯ.ឧ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ, ឯ.ឧ អគ្គ​មេបញ្ជាការរង នាយទាហាន និងពលទាហាន ជាច្រើនរូបទៀត ។

ឯ.ឧ ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ការពារ​ជាតិ

តាមរបាយការណ៍ឯ.ឧ ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ការពារ​ជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ សាកលវិទ្យាល័យ បានដំណើរការបណ្តុះបណ្តាល និងហ្វឹកហ្វឹនចំនួន ១៤វគ្គ ដែលមាននិស្សិតសរុបចំនួន ១០៧៤នាក់៖ មាននិស្សិតជាតិ​ចំនួន ១០៤១នាក់ និងបរទេសចំនួន ៣៣នាក់ ក្នុងនោះបានបញ្ចប់វគ្គសិក្សា មានចំនួន ០៨វគ្គ មាននិស្សិត​ ៨៤៥នាក់។ ដោយឡែក ក្នុងឆ្នាំ២០១៨នេះ បានបើកវគ្គសិក្សាថ្មីមានចំនួន ០៩វគ្គ និងមាននិស្សិតចំនួន ៥៨៥នាក់ ហើយវគ្គចាស់ឆាំសិក្សា២០១៧បន្តសិក្សាឆ្នាំ២០១៨ មាន​​ចំនួន ០៦វគ្គផងដែរ។ក្នុងឱកាសនោះ ក៏មានប្រកាសព្រះរាជក្រឹត្យ អនុក្រឹត្យតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាន​នៃខ.ភ.ម ដោយ ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ, ឧត្តមសេនីយ៍ឯក ដោក សុផា ជាសាកលវិទ្យាធិការរង នៃសាកល​​​​វិទ្យាល័យ​ការពារជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន ហើយនាយឧត្តមសេនីយ៍ ជា តារា អគ្គ​មេ​បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទៅជាសាកលវិទ្យាធិការ នៃសាកល​​​​វិទ្យា​​​​ល័យ​ការពារជាតិ និងតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មើ«រដ្ឋមន្រ្តី»។ ជាមួយគ្នានេះដែរ ក៏បានប្រកាសក្រុមប្រឹក្សាអភិបាល នៃសាកល​វិទ្យា​ល័យការពារជាតិ ដែលមាននាយឧត្តមសេនីយ៍ នាង ផាត ជាប្រធាន, នាយឧត្តមសេនីយ៍ ភួង ស៊ីផាន និងនាយឧត្តមសេនីយ៍ ជា តារា ជាអនុប្រធាន។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៏ក្នុងពិធីបិទវគ្គ

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងឱកាសនោះថា ការបិទវគ្គបណ្តុះបណ្តាល និង​ហ្វឹកហ្វឹន ឆ្នាំ២០១៧ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឹន ឆ្នាំ២០១៨ របស់សាកលវិទ្យា​ល័យ​ការពារជាតិ នាពេលនេះ គឺជាការខិតខំប្រឹងប្រែង និងជាលទ្ធផលវិជ្ជមានមួយ ដែលបាន​រួមចំណែកយ៉ាងសកម្មលើកកម្ពស់ពង្រឹងសមត្ថភាពកងទ័ព ឲ្យមានវិជ្ជាជីវៈ ចំណេះដឹង និង​ចំណេះធ្វើយ៉ាងពិតប្រាកដ ក្នុងការទទួលខុសត្រូវបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈសម្បត្តិងាយស្រួល​ដល់​ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចេរភាព និងការរស់នៅរបស់ប្រជាជនប្រកប​ដោយ​សុខដុមរមនា។ ចំពោះការផ្ទេរមុខតំណែងនិងផ្ទេរត្រាសិទ្ធរបស់សាកលវិទ្យាល័យការពារជាតិ នាពេលនេះ គឺជាកិច្ចដំណើរការនៃការកែទម្រង់ដ៏ស៊ីជំរៅ និងទូលំទូលាយនៅក្នុង​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់របស់ ខ.ភ.ម សំដៅពង្រឹងការងារហ្វឹកហ្វឺន​បណ្តុះ​បណ្តាលការងារគ្រប់គ្រង និងអភិបាលការងាររដ្ឋបាលឲ្យបានល្អកាន់​តែមានប្រសិទ្ធភាព​ថែម​ទៀត។ ជាមួយគ្នានេះដែរសម្តេចពិជ័យសេនា ក៏បានសម្តែងនូវការកោសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះឯ.ឧ ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន អតីតសាកលវិទ្យាធិការ សាកលវិទ្យាល័យ​ការពារជាតិ ដែលបានខិតខំដឹកនាំសាកលវិទ្យាល័យ​ឲ្យទទួលបានសមិទ្ធផលជាច្រើន​គួរជាទី​មោទនៈនាពេលកន្លងមកនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ស្របពេលការរីកចម្រើនរបស់ប្រទេសជាតិ និងការពារបូរណភាពទឹកដី, ខ.ភ.ម បានដើរតួនាទីសំខាន់ក្នុងការចូលរួមការពារសន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ ការអភិវឌ្ឍ ព្រមទាំងរួមចំណែកក្នុងបុព្វហេតុ​សន្តិភាព​និង​មនុស្សធម៌ លើពិភពលោក។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ខ.ភ.ម បន្ត​ការ​កែ​ទម្រង់លើគ្រប់វិស័យឲ្យស្របនឹងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាកងកម្លាំង​ដែល​មានឧត្តមគតិស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ គោរពស្រលាញ់ប្រជាជន មានឆន្ទៈ​ប្រយុទ្ធប្តូរផ្តាច់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារជាតិ ការពារនៅរាល់​សមិទ្ធផលនៃ​សង្គម ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីប្រជាជន និងបន្តធ្វើទំនើបកម្ម បង្កើនការអភិវឌ្ឍន៍ធានធានមនុស្ស ក្នុងវិស័យការពារជាតិ តាមរយៈការលើកកម្ពស់​ការបណ្តុះ​បណ្តាល និងហ្វឹកហ្វឺនយោធិន ទាំងនាយទាហាន និងពលទាហាន និងមានការបំពាក់ គ្រប់គ្រង​អាវុធ​យុទ្ធភណ្ឌ ធានាភស្តុភារហិរញ្ញវត្ថុ និងជីវភាពរបស់យោធិន ព្រមទាំង​ការជំរុញ​អប់រំចិត្តសាស្ត្រ និងការងារគោលនយោបាយចំពោះយោធិននិងអតីតយុទ្ធជន ដើម្បីធានាឲ្យ ខ.ភ.ម បំពេញបាននូវតួនាទីនិងភារកិច្ចរបស់ខ្លួន៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ