ព័ត៌មាន

ពិធីប្រគល់បរិក្ខាពេទ្យដែលជាជំនួយឥតសំណង ពីសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា
នាយកដ្ឋានព័ត៌មាន(៣)
472
441 សម្ដេចពិជ័យសេនា ទៀ​ បាញ់ និង ឯកឧត្តម ស្យង់​ ប៉ូ

សម្ដេចពិជ័យសេនា ទៀ​ បាញ់

     នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃច័ន្ទ ទី១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ មាន​រៀប​ចំ​ពិធីប្រគល់ទទួលសម្ភារៈ ឧបករណ៍​បរិក្ខា​ពេទ្យ​ជា​ជំនួយ​ឥត​សំណង​របស់​​សាធារណរដ្ឋ​​ប្រ​ជា​មា​និត​​ចិន​​ជូន​​ក្រសួង​​​ការពារ​​ជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់មន្ទីរ ពេទ្យព្រះកេតុមាលា ។   

     តាមរបាយការណ៍សង្ខេបរបស់ ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុ មាលា សម្ភារៈ​ដែល​សា​ធារណរដ្ឋប្រជាមានិតចិន ប្រគល់ជូននាថ្ងៃនេះរួមមាន ម៉ាស៊ីន CT 128 Slices ០១គ្រឿង ម៉ាស៊ីន​ដាក់​ថ្នាំ​សណ្តំ ០៤គ្រឿង ម៉ាស៊ីនដកដង្ហើម ១០គ្រឿង ម៉ាស៊ីនអេកូ ០៤គ្រឿង ម៉ាស៊ីនច្រោះទឹក០១គ្រឿង ម៉ាស៊ីន​សម្លាប់​មេរោគ០១គ្រឿង ម៉ាស៊ីនបេះដូង សួតសិប្បនិមិត្ត០១គ្រឿង ម៉ាស៊ីន Monitor វាស់​សម្ពាធ​ឈាម​៤​០គ្រឿង ម៉ាស៊ីនឆ្លុះទងសួត ០១គ្រឿង និងសម្ភារៈគួបផ្សំមួយចំនួនទៀត ។  

ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីពេទ្យព្រះកេតុមាលា

          នៅក្នុងពិធី​ប្រគល់​ទទួល​នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង​ការពារ​ជាតិ បានមានប្រសាសន៍ថា ជាការពិត ចាប់តាំងពីឆ្នាំ២០០០ មក រហូតមកដល់បច្ចុប្បន្ន ក្រសួង​ការពារ​ប្រទេស​ នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយមនុស្សធម៍ជូន មន្ទីរពេទ្យព្រះកេតុមាលា ក្រសួង​ការពារជាតិ ជាបន្តបន្ទាប់ បានធ្វើឲ្យមន្ទីរពេទ្យមានការរីក ចម្រើនលើគ្រប់វិស័យ តាមរយៈ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ការផ្តល់ឧបករណ៍សម្ភារៈពេទ្យ និងការបញ្ជូនក្រុមវេជ្ជបណ្ឌិត ឯកទេសសំខាន់សំខាន់ មកជួយ​បណ្តុះបណ្តាលហ្វឹកហ្វឺនជូននាយទាហានជំនាញនៅមន្ទីរពេទ្យព្រះកេតុមាលា សំដៅលើកកម្ពស់​សមត្ថភាព​វិស័យ សុខាភិបាល យោធា ពីមួយឆ្នាំទៅមួយឆ្នាំមានសមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ។    សម្តេច​ពិជ័យសេនា ទៀ បាញ់ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា និងមន្ត្រីអនុព័ទ្ធយោធានៃ សាធារណរដ្ឋ​ប្រជាមា​និត​ចិន​ ប្រចាំកម្ពុជា ដែលបានខិតខំយ៉ាងសំខាន់ក្នុងការជម្រុញការ ងារ​គ្រប់​ផ្នែក​ឲ្យ​ដំណើរ​ការ​ទទួល​បាន​លទ្ធផល​ល្អប្រសើរប្រកបដោយប្រសិទ្ធិភាព និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ស្យង់ ប៉ូ ឯកអគ្គ​រាជ​ទូត​សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានបង្ហាញពីការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា ចិន កាន់តែមានប្រសិទ្ធិភាព និងស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងសន្ទរកថាក្នុងពិធីទទូលបិក្ខាពេទ្យដែលជាជំនួយឥតសំណងពីសធារណរដ្ឋប្រជាមានិតចិន                                                       

      ឯកឧត្តម ស្យង់ ប៉ូ ក៏បានបង្ហាញជំហរបន្តជួយពង្រឹងសមត្ថភាព វិស័យសុខាភិបាលក្នុងកងយោធពល​ខេមរភូមិន្ទ​ឲ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់អនាគតផង ។   

 ឯកឧត្តម ស្យង់ ប៉ូ ឯកអគ្គ​រាជ​ទូត​សាធារណរដ្ឋប្រជាមានិតចិន

      សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិតចិន ដែលជាដៃគូអភិវឌ្ឍន៍ដ៏វិសេសវិសាលហើយតែង តែបានជួយដល់កម្ពុជា​នៅគ្រប់​កាលៈទេសៈ និងមិនមានលក្ខខ័ណ្ឌស្មុគស្មាញនូវការផ្តល់ជំនួយឥតសំណង សម្រាប់អភិវឌ្ឍន៍​ប្រទេស​​ជាតិ លើវិស័យនានាជាច្រើនដែលជាគន្លឹះនិង សេចក្តីត្រូវការចាំបាច់របស់កម្ពុជា។  សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បានបញ្ជាក់ជូនរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​តេជោ នាយករដ្ឋមន្រ្តី បានធ្វើឲ្យចំណងមិត្តភាព សាមគ្គី ភាព និងភាតរភាពរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា ចិន កាន់តែមានភាពស្អិតរមួតហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក៏កាន់តែត្រូវបានពង្រឹង និង​ពង្រីក​ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​នៃ​ប្រទេស​ទាំងពីរ ដែលជាដៃគូយុទ្ធសាស្រ្តដ៏ស៊ីជម្រៅ ។    សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនិច្ចរបស់ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន កាល​ពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៨ នៅកម្ពុជា និងជំនួបពិភាក្សារវាង សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាមួយ​ថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានពង្រឹងនិងពង្រីក កាន់តែខ្លាំងក្លាថែមទៀត ។ ប្រការទាំងអស់នេះបានផ្តល់ជាមូលដ្ឋានយ៉ាងសំខាន់ ដល់ការរីកចម្រើនគួរឲ្យកត់សម្គាល់ នៃទំនាក់ទំនងទ្វេភាគីនៅក្នុងវិស័យជាច្រើនដូចជា នយោបាយ សន្តិ​សុខ​ សេដ្ឋកិច្ច សង្គម និងវប្បធម៍ បានវិវត្តយ៉ាងខ្លាំង រហូតដល់ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ទាំងនេះគឺជាសក្ខីភាពនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែល​បានរួមចំណែ​កយ៉ាង​សំខាន់​ជា​មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជាជន ។    រាជរដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ បានជម្រុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ និងការអភិវឌ្ឍន៍ទំនាក់ទំនង កាន់តែធំធេង និងស៊ីជម្រៅថែមទៀតស្របទៅតាម បំណងប្រាថ្នារួម និង​ផល​ប្រយោជន៍​ស្នូលរបស់ប្រជាជនទាំងពីរហើយបង្កបរិយាកាស អំនោយផលដល់សន្តិភាព និងការ​អភិវឌ្ឍន៍​ក្នុងតំបន់ ។   

      សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្ថែមថា នៅក្នុងឆ្នាំ២០១៨ គឺជាឆ្នាំខួប​លើកទី៦០ នៃការបង្កើត​ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កម្ពុជា ចិន ដែលបានបង្ហាញ​ពី​ភាពរីកចម្រើន​លើ​គ្រប់​វិស័យ តាមរយៈកិច្ចប្រឹងប្រែងរួមនៃប្រទេសទាំងពីរចំណងមិត្តភាពប្រពៃណី កម្ពុជា ចិន ត្រូវ​បាន​ជម្រុញ​និង​ធ្វើ​ឲ្យកាន់តែប្រសើរឡើងដោយមានការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់ ការធ្វើ​ឲ្យកាន់​តែស៊ី​ជម្រៅ​នៃ​កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក ការផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​ប្រជាជន​​​-​ប្រជាជន​ និងវប្បធម៍សកម្ម និងកិច្ចសម្របសម្រួលយ៉ាងជិតស្និត រវាងភាគី​ទាំងពីរនៅក្នុង​ឪកាស​កិច្ច​ប្រជុំ​ពហុភាគី​។ ទំនាក់ទំនងកម្ពុជា ចិន ដែលមានគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍន៍ស៊ីជម្រៅ និងផ្តល់ប្រយោជន៍​សន្ធឹក​សន្ធាប់ សម្រាប់ប្រជាជន និងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ចូលរួមចំណែកជា​វិជ្ជមាន​ដល់​សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅក្នុងឆ្នាំ២០១៨ កង​ទ័ព​ប្រទេស​ទាំងពីរនិងខិតខំជម្រុញ បង្កើនការផ្លាស់ប្តូរ ទស្សនកិច្ចគ្រប់កម្រិត និងអនុវត្តច្បាប់នៃ​ប្រទេស​ទាំងពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើ វិស័យនានាដូចជា វគ្គបណ្តុះបណ្តាល ឧបករណ៍ សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី ។ល។ ភាគីទាំងពីរពង្រឹងឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឪក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស បទល្មើស តា​ម​បណ្តាញ​ព័ត៌​មានវិទ្យា ភេវរកម្ម ក៏ដូចជា ការប្រឆាំងការរត់ពន្ធគ្រឿងញៀន ការកសាងសមត្ថភាព ការអនុវត្តច្បាប់ និង​ស៊ើប​អង្កេតបទល្មើស ។     សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនថា ដោយបាន​ការ​ឯកភាព​ពី​រាជ​រដ្ឋា​ភិបាលកម្ពុជា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ នេះ កងយោធពលខេមរភូមិន្ទ និងរួម​សហការ​ជាមួយ​កង​​ទ័ពរំដោះប្រជាជនចិន រៀបចំលំហាត់រួមគ្នាមួយ ដែលមានឈ្មោះថា “ នាគមាស២០១៨” នៅកម្ពុជា ក្នុង​គោល​ដៅលើកកម្ពស់សមត្ថភាពដល់កងយោធពលខេមរភូមិន្ទ ការបន្តប្រពៃណី សាមគ្គីភាព មិត្តភាព និង​ជា​​ឪកាស​​ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនង ការទូតដើម្បីពង្រឹង​សហគមន៍​វាសនារួមកម្ពុជា ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រយូរអង្វែង ។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងសន្ទរកថាក្នុងពិធីទទូលបិក្ខាពេទ្យដែលជាជំនួយឥតសំណងពីសធារណរដ្ឋប្រជាមានិតចិន  

     នៅក្នុងឪកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់ការណែនាំដល់នាយទាហាន និង​បុគ្គិលិក​មន្ទីរ​ពេទ្យ​ទាំងអស់ត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធិភាពដូចតទៅ៖   

     ១. ត្រូវខិតខំពុះពាររាល់ការលំបាក សាមគ្គីភាពផ្ទៃក្នុង រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ វិន័យ​ក្រម​សិលធម៍​កងទ័ព ដើម្បីរួមគ្នាកសាងមន្ទីរពេទ្យមួយឲ្យសាកសម​ទៅនឹងមន្ទីរពេទ្យដែលជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​សង្រ្គោះព្យាបាល ជូនកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ។   

     ២. ត្រូវចាត់​ទុកឧបករណ៍សម្ភារៈជំនួយមនុស្សធម៍នេះ ជាសម្បត្តិរបស់យើងទាំងអស់គ្នា សម្រាប់ជួយ​ព្យាបាល​សង្រ្គោះ ក្រុមគ្រួសារផ្ទាល់ក៏ដូចជាកងយោធពលខេមរភូមិន្ទ ។ ត្រូវយកចិត្តទុក​ដាក់សហការឲ្យ​បាន​​ជិតស្និត​ជាមួយក្រុមឯកទេសគ្រូពេទ្យចិន ដែលមានវត្តមាននៅទីនេះដើម្បី​សិក្សារៀនសូត្រ​ដក​បទ​ពិសោធន៍ការងារ សម្តៅលើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេសឯកទេស ឲ្យកាន់តែស៊ីជម្រៅ និង​មាន​ប្រសិទ្ធិភាពថែមទៀត ។   

      ៣. ត្រូវយកចិត្តទុកដាក់ធ្វើការគ្រប់គ្រប់ ការប្រើប្រាស់ថែរក្សា ជួសជុលសម្ភារៈ ឧបករណ៍​ពេទ្យឲ្យមាន​ប្រសិទ្ធិភាព​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមលក្ខណៈបច្ចេកទេស ។ ត្រូវចាត់​តាំងប្រើប្រាស់​ឲ្យ​ចំគោលដៅ មានតម្លាភាព និងឆ្លើយតបទៅតាមបទដ្ឋានបច្ចេកទេសតាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែង ៕

រូបភាពទី១រូបភាពទី២រូបភាពទី៣រូបភាពទី៤រូបភាពទី៥រូបភាពទី៦រូបភាពទី៧រូបភាពទី៨រូបភាពទី៩រូបភាពទី១០រូបភាពទី១១រូបភាពទី១២រូបភាពទី១៣រូបភាពទី១៤រូបភាពទី១៥រូបភាពទី១៦រូបភាពទី១៧

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ