រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង
ផាត បានអនុញ្ញាតិអោយឯកឧត្តម ឧត្តមសេនីយ៍ទោ គីទីតាពុយ ប្រាសឺតស៊ុក ប្រធានការិយាល័យសំរបសំរួលថៃ-កម្ពុជា ចូលជួបសំដែងការគួរសមក្នុងឱកាសដែលឯកឧត្តមបានដឹកនាំប្រតិភូមកទស្សនៈកិច្ចនៅកម្ពុជា នៅបន្ទប់សវនាការ
ក្រសួងការពារជាតិនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ។
នៅក្នុងជំនួបនោះ
ឯកឧត្តម ប្រាសឺត ស៊ុក បានលើកឡើងពីការរៀបចំកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដើម្បីរៀបចំខ្លឹមសារសំរាប់ដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពជា-ថៃ ជី-ប៊ី-ស៊ី (GBC) ដែលត្រូវប្រជុំនៅក្នុងប្រទេសកម្ពុជា
នាដើមឆ្នាំ២០១៧ នេះ ។
ឯកឧត្តម ប្រាសឺត ស៊ុក បានចាត់ទុកកិច្ចប្រជុំ
GBC
រវាងក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-ថៃ គឺមានសារៈសំខាន់សំរាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសកងទ័ពទាំងពីរ
កម្ពុជា-ថៃ ដែលបានដើរតួនាទីយ៉ាងសំខាន់ នាំមកនូវការធ្វើអោយមានសន្តិភាព សន្តិសុខ
សំរាប់ព្រំដែនប្រទេសទាំងពីរ ។
មានមតិឆ្លើយតបវិញ ឯកឧត្តម នាង ផាត បានបញ្ជាក់ថាៈក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសទាំងពីរកម្ពុជា-ថៃមានទំនាក់ទំនងជាមួយគ្នាល្អណាស់ ជាពិសេសកងទ័ពទាំងពីរបានសហការគ្នាល្អនៅតាមច្រកនានាតាមបណ្តាយព្រំដែន ព្រមទាំងចូលរួមទប់ស្កាត់បទល្មើសផ្សេងៗបានយ៉ាងច្រើនទៀត ។ ទាក់ទងទៅនឹងការប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនប្រទេសទាំងពីរ ឯកឧត្តម នាង ផាត បានបញ្ជាក់ថាៈ ក្រុមលេខាអាចប្រជុំនៅចុងខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយក្រុមលេខា និងកំណត់ពេលកិច្ចប្រជុំ GBC នាពេលនោះផងដែរ ៕