សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍
រីយ៉ាមីហ្សាដ រីយ៉ាគូឌូ (Ryamizard
Ryacudu) រដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌូនេស៊ី នៅវិមានសន្តិភាព
។
នាល្ងាចថ្ងៃទី១០ ខែសីហា បន្ទាប់ពីបញ្ចប់ជំនួប ឯកឧត្តម កៅ គឹមហ៊ួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ឯកឧត្ដម រីយ៉ាគូឌូ បានជម្រាបសម្ដេចតេជោអំពីជំនួបពិភាក្សាការងារ រវាងឯកឧត្ដម ជាមួយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ។
ឯកឧត្ដម រីយ៉ាគូឌូ ថ្លែងថា ឯកឧត្ដម បានឃើញការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា និងបានកោតសរសើរដល់ការដឹកនាំរបស់សម្តេចតេជោដោយសម្តេចបានចាប់ផ្តើមចេញពីកូនទាហាន រហូតដល់បានធ្វើជានាយករដ្ឋមន្ត្រី ដែលពោរពេញទៅដោយបទពិសោធន៍ក្នុងការដឹកនាំ ។
ឯកឧត្ដម រីយ៉ាគូឌូ ចង់ឃើញទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិរបស់ប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀតដោយសារឥឡូវនេះប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិក្នុងរយៈពេលជាង១០ឆ្នាំមកហើយតែលោកចង់អោយមានទំនាក់ទំនងកាន់តែរឹងមាំបន្ថែមទៀតដែលក្នុងនេះឥណ្ឌូនេស៊ីចង់ឱ្យមានកិច្ចសហការក្នុងការផ្តល់សម្ភារៈយោធាមួយចំនួនដល់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការទៅលើវិស័យលំហសមុទ្រផងដែរ ។
ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកសន្តិភាពសំរាប់ប្រទេសកម្ពុជាក្នុងទសវត្សរ៍៨០និងដើមទសវត្សរ៍៩០ ដោយពេលនោះប្រទេសឥណ្ឌូនេស៊ី គឺជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីស ហើយឥណ្ឌូនេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការរក្សាសន្តិភាពអំឡុងសម័យអ៊ុនតាក់ ។
ឆ្លើយតបទៅនឹងសំណើរបស់ឥណ្ឌូនេស៊ី ដែលចង់ឱ្យមានអនុស្សរណៈ នៃការយោគយល់គ្នាមួយ ដែលមាន កិច្ចសហប្រតិបត្តិការទូលំទូលាយលើវិស័យការពារជាតិ ដែលកន្លងមកនេះសម្តេចធ្លាប់ថ្លែងហើយថាមានតែប្រទេសឥណ្ឌូនេស៊ីតែមួយប៉ុណ្ណោះទេដែលបានផ្តល់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលដល់កងទ័ពពិសេសរបស់កម្ពុជាជាពិសេសកងអង្គរក្សរបស់នាយករដ្ឋមន្ត្រីនោះសម្តេចតេជោ ហ៊ុន សែន បានគាំទ្រនិងជំរុញឱ្យក្រសួងការពារជាតិ នៃប្រទេសទាំងពីរធ្វើការជាមួយគ្នា រៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់គ្នានោះ ។
ជាមួយនេះដែរ សម្តេចតេជោ បញ្ជាក់ថានៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ សម្តេចនឹងដឹកនាំគណប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រឡេស ចំខួបលើកទី៤៦នៃថ្ងៃបង្កើតកងទ័ពនៃប្រទេសនេះដូច្នេះសូមកុំមានការយល់ច្រឡំដោយសារប្រទេសកម្ពុជា ក៏ដូចជាប្រទេសឥណ្ឌូនេស៊ីដែរបានគាំទ្រសមាជិកភាពរបស់ប្រទេសទីម័រឡេសក្នុងអាស៊ាន។
បន្ថែមលើនេះ សម្តេចតេជោ ក៏ចង់ឃើញដែរនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឥណ្ឌូនេស៊ី លើការប្រយុទ្ធប្រឆាំងភេរវកម្មដែលទាំងអស់នេះទាមទារនូវការសហការគ្នាបន្តទៅទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរមតិជាមួយ ឯកឧត្ដម រីយ៉ាគូឌូ ផងដែរទៅលើសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិជាពិសេសការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសទួរគី ដូច្នេះកងទ័ពត្រូវមានតួនាទីសំខាន់ក្នុងការរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងប្រទេស ៕