កិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ពីមួយថ្ងៃមួយថ្ងៃ ត្រូវបានពង្រឹងកាន់តែទូលាយ-ទូលាយទៅ។ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍ដូចនេះក្នុងឱកាសអនុញ្ញាតិឲ្យលោកវរសេនីយ៍ឯក ក្រេត ទីបហ្វីន (Craig Tippins) អនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជាត្រូវបញ្ចប់អាណាតិ្តបេសកកម្ម និងលោកវរសេនីយ៍ឯក ម៉ៃខើល ស្ទេលហ្វីន (Michael Stelzig) អនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជាថ្មី ចូលជួបជំរាបលា និងសម្តែងការគួរសម នាព្រឹកថ្ងៃទី១៣ ខែកក្កដា នេះនៅទីស្តីការក្រសួងការពារជាតិ។
ក្នុងនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់, ឯកឧត្តម នាង ផាត បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក ក្រេត ទីបហ្វីន (Craig Tippins) នៅកម្ពុជា ជាពិសេសបាននាំមកនូវកិច្ចសហប្រតិបត្តិការបានយ៉ាងល្អរវាងរដ្ឋាភិបាល កងទ័ពសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាល ក្រសួងការពារកម្ពុជា និងខ.ភ.ម ។ ក្នុងនោះបានពង្រឹងបានយ៉ាងល្អផងដែរអំពីកិច្ចសន្ទនាគ្នា ជំនួបទ្វេភាគី និងជួបប្រជុំប្រចាំខែ។
ជាមួយគ្នានេះ ឯកឧត្តម នាង ផាត ក៏បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ៃខើល ស្ទេលហ្វីន (Michael Stelzig) អនុព័ន្ធថ្មីបំពេញការទូតនៅកម្ពុជា។ ឯកឧត្តម បានលើកឡើងថាសភាពការណ៍នៅក្នុងតំបន់ប្រទេសជិតខាង និងនៅកម្ពុជាមានការប្រែប្រួលយ៉ាងឆាប់រហ័សណាស់ ប៉ុន្តែយ៉ាងណាក៏ដោយកិច្ចសហប្រតិបត្តុិការរវាងកងទ័ពនៃប្រទេសទាំងពីរ បានជំរុញនិងធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ទាំងការងារបរទេស និងការងារក្នុងប្រទេស ជាពិសេសមានរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកនៅរដ្ឋហាវៃនាឆ្នាំកន្លងមក។ ពីពេលនេះទៅមុខទៀត យើងនៅមានកិច្ចការជាច្រើន ក្នុងការកែទម្រង់ខ.ភ.ម កម្ពុជាឲ្យមានការរីកចម្រើន ជាពិសេសការលើកកម្ពស់បណ្តុះបណ្តាលធនធានមនុស្ស និងការជួយអង្គភាពផ្សេងៗទៀត ដូចជាអង្គភាពភេរវកម្ម និងអង្គភាពរក្សាសន្តិភាពក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ កិច្ចការទាំងនេះគឺជាការចូលរួមកែទម្រង់ខ.ភ.ម ផង និងជាការចូលរួមចំណែករក្សាស្ថេរភាពសន្តិសុខនៅក្នុងតំបន់ផងដែរ។
លោកវរសេនីយ៍ឯក ក្រេត ទីបហ្វីន (Craig Tippins) បានថ្លែងនូវអំណរគុណចំពោះក្រសួងការពារជាតិ និងខ.ភ.ម ដែលបានបង្កលក្ខណៈងាយស្រួលដល់ការបំពេញបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យនៅកម្ពុជា។ ទាក់ទងនឹងការធ្វើកំណែទម្រង់ខ.ភ.ម លោកបានបញ្ជាក់ថាលោកបានឃើញសៀវភៅសការពារជាតិ និងការធ្វើវិវេចនាការពារជាតិឆ្នាំ២០២០ របស់កម្ពុជា។ កន្លងមកនេះមានលំហាត់សមយុទ្ធឆ្មាំអង្គររក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលមានការចូលរួមកងទ័ពជើងគោកសហរដ្ឋអាមេរិក និងកងទ័ពជើងគោក ខ.ភ.ម ដែលនេះជាឱកាសដ៏ល្អសម្រាប់កងទ័ពទាំងពីរធ្វើកិច្ចសហប្រតិប្រត្តិការ និងដកបទពិសោធន៍ជាមួយគ្នា ហើយក៏មានការលំហាត់រួមគ្នាផងដែរ នៅលើផ្នែកជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ។ កិច្ចសហប្រតិបត្តិការសន្តិសុខលំហរសមុទ្រ ក៏មានលំហាត់ប្រចាំឆ្នាំ។ អ្វីដែលមានមោទនភាព គឺការចូលរួមរបស់កម្ពុជានៅលើកិច្ចសហប្រតិបត្តិការផ្នែកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកវរសេនីយ៍ឯក ក៏បានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាល និងខ.ភ.ម ដែលបានចូលរួមសហការក្នុងការស្វែងរកអដិធាតុយុទ្ធជនបាត់ខ្លួនកងទ័ពសហរដ្ឋអាមេរិកនៅកម្ពុជា ដែលរហូតមកដល់ពេលនេះនៅមានយុទ្ធជនបាត់ខ្លួនអាមេរិកនៅកម្ពុជាចំនួន៤៩រូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពយោធា ថ្នាក់មហាសេនា ជូនលោកវរសេនីយ៍ ក្រេត ទីបហ្វីន (Craig Tippins) ត្រូវបញ្ចប់អាណាតិ្តបេសកកម្មនៅកម្ពុជា ហើយសង្ឃឹមថា លោកវរសេនីយ៍ឯក ម៉ៃ ខើល ស្ទេលហ្វីន (Michael Stelzig) អនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជាថ្មីនឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយក្រសួងការពារជាតិ និងខ.ភ.ម តទៅទៀត៕