ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការដ្ឋានមានបើកកិច្ចប្រជុំស្ដីពីការកែសម្រួលប្រព័ន្ធគ្រឹះស្ថានឧត្តមសិក្សាក្នុងកងយោធពល ខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត
សារ៉ាត់ អគ្គមេបញ្ជាការរង
នាយកទីចាត់ការហ្វឹកហ្វឺន និងដោយមានការចូលរួមផ្ដល់បទឧទ្ទេសនាម ពីមន្រី្តក្រសួងអបរំ យុវជន
និងកីឡា។នៅក្នុងបទបង្ហាញនេះបានបញ្ជាក់ពីលក្ខខណ្ឌនៃការស្នើសុំបង្កើតគ្រឹះស្ថានឧត្តមសិក្សាដែលបានផ្តល់បទឧទ្ទេសនាមដោយលោកស្រី រស់ ចាន់សោភា អនុប្រធានទទួលបន្ទុកការិយាល័យនៃគោលនយោបាយ
និងកម្មវិធីសិក្សានៃនាយកដ្ឋានឧត្តមសិក្សា លោក យូ វីរៈ អនុប្រធាននាយកដ្ឋានឧត្តមសិក្សា និងលោកស្រី លឹម ង៉ោ
អនុប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងអំពីលក្ខណៈវិនិច្ឆ័យលម្អិត
សម្រាប់បង្កើតគ្រឹះស្ថានឧត្តមសិក្សា
ការកំណត់ឈ្មោះនិមិត្តសញ្ញារបស់គ្រឹះស្ថានឧត្តមសិក្សា ការរៀបចំអភិបាលកិច្ច និងការគ្រប់គ្រង
ការរៀបចំកម្មវិធីសិក្សា ការរៀបចំបុគ្គលិករដ្ឋបាលនិងបុគ្គលិកអប់រំ ការរៀបចំទីតាំងអគារសិក្សា
និងមូលដ្ឋានសម្ភារៈរូបវ័ន្តបណ្ណាល័យ និងបន្ទប់កុំព្យូទ័ររៀបចំផែនការយុទ្ធសាស្រ្ដនិងហិរញ្ញវត្ថុ។ ការរៀបចំលក្ខណ:ខាងលើនេះបានល្អប្រសើរយើង នឹងអាចធ្វើឲ្យឧត្តមសិក្សាដំណើរការទៅប្រកបដោយតម្លាភាព តាមស្តង់ដាជាតិដែលធ្វើឲ្យឧត្តមសិក្សាទទួលបានគ្រប់លក្ខណ:សម្បត្តិសម្រាប់ការបណ្តុះបណ្តាលនិសិ្សតបានជោគជ័យ។
ក្រៅពីនេះក៏មានការបង្ហាញពីលិខិតបទដ្ឋានគតិយុត្តរបស់ប្រព័ន្ធអប់រំជាតិថ្នាក់ឧត្តមសិក្សា
និងដំណោះស្រាយនៃការផ្តល់សញ្ញាប័ត្របរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតដល់យោធិនក្នុងកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍ថាការធ្វើបទបង្ហាញរបស់មន្ត្រីក្រសួងអប់រំគឺមានអត្ថប្រយោជន៍ដល់មន្រ្តីយោធារបស់យើងក្នុងការផ្តល់ បទពិសោធន៍សម្រាប់ជួយបង្កើតច្រកបត់បែនបាន ដែលបង្កភាពងាយស្រួលដល់ការកសាងផែនការ កម្មវិធីសិក្សារបស់ខ.ភ.ម ជាពិសេសការកែសម្រួលប្រព័ន្ធអប់រំឧត្តមសិក្សានិងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវីជ្ជាជីវ:រវាងវិស័យទាំងពីរជាមួយនិងទីផ្សាការងារតាមរយៈការផ្ដល់បទពិសោធន៍ជាមូលដ្ឋានសម្រាប់ការទទួលស្គាល់គុណភាពអប់រំ។ ក្នុងនោះដែរយើងបានយល់អំពីវិធីសាស្រ្តនៃការផ្ទរប្រព័ន្ធក្រេឌីត ដែលកន្លងកម្មវិធីសិក្សាគឺយើងគិតគូរតាមម៉ោងពេល ។ ការលើកទឹកចិត្តមនុស្សតាមរយៈការធ្វើវឌ្ឍនកម្មចំណេះ ដឹងជំនាញតាមរយៈការអប់រំ និងបណ្ដុះបណ្ដាលដោយការកែលម្អឲ្យមានភាពច្បាស់លាស់នូវការជ្រើសរើសគុណវឌ្ឍិការកំណត់ផលសម្រេច និងការរួមចំណែក ក្នុងការសិក្សាពេញមួយជីវិតជំរុញការផ្ដល់គុណភាពអប់រំ និងការបណ្ដុះបណ្ដាលឧត្តមសិក្សា បច្ចេកទេស និងវិជ្ជាជីវ: តាមរយ:គុណវុឌ្ឍិនេះបានឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលដែលបានទទួលការបណ្តុះបណ្តាល ហើយយកចំណេះដឹងទៅប្រើប្រាស់ដែលជាប្រយោជន៍ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានធ្វើបទបង្ហាញយ៉ាងល្អសម្រាប់ធ្វើជាចក្ខុវិស័យនៅការបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទមានកម្រិតយល់ដឹង និងអាចធ្វើសមាហរណកម្មស្មើមុខជាមួយកងទ័ពក្នុងតំបន់ និងពិភពលោក៕