កាលពីរសៀលថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិអមដំណើរដោយឯកឧត្តម នាយឧត្តម សេនីយ៍ សុំ សំណាង អគ្គនាយក អគ្គនាយក ដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ និងលោកឧកញ៉ា ឌៀប ចេង តំណាងក្រុមហ៊ុនសូគីម៉ិចបានអញ្ជើញចុះត្រួតពិនិត្យការរៀបចំចេញដំណើររថយន្តដឹកជញ្ជូន១០០ គ្រឿង ស៊ីទែន២០០ និងម៉ាស៊ីនបូមទឹក៣០០ គ្រឿងដែលកងពលតូចដឹកជញ្ជូនលេខ៩៩ប្រមូលផ្តុំចេញដំណើរតាមគោលដៅបណ្តាខេត្តចំនួន៣ នៅ ព្រំដែនភាគពាយ័ព្យមានជាអាថិ៍ ខេត្តបាត់ដំបង រថយន្ត ៤០គ្រឿង, ខេត្តបន្ទាយមានជ័យ រថយន្ត ៣០គ្រឿង និងខេត្តឧត្តរមានជ័យ រថយន្ត ៣០គ្រឿង ។
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដែលសម្តេចបានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នៅខេត្តបន្ទាយមានជ័យដល់បណ្តាកងកម្លាំងទាំងអស់ត្រូវចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយដោយរាំងស្ងួតជាច្រើនខេត្តទូទាំងប្រទេសក្នុងរយៈពេលថ្មីៗ កន្លងទៅនេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានប្រាប់អ្នកយកព័ត៌មាននៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ថា កងពលបានរៀបចំមធ្យោបាយសម្ភារចេញជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ដែលខ្វះប្រភពទឹកឲ្យពួកគាត់មានទឹកទទួលទានតាមបទបញ្ជារបស់សម្តេចតេជោដែលបាន លើកឡើងនៅខេត្តបន្ទាយមានជ័យ។ ក្នុងនោះផងដែរឯកឧត្តម នាយឧត្តមសេនីយ៍បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសូគីម៉ិចដែលបានជួយឧបត្ថម្ភស៊ីទែនទឹក១០០ ដល់ក្រសួងការពារជាតិបង្ហាញឲ្យការជួយសង្គ្រោះជីវិតមនុស្សសត្វនាពេលនេះជាតម្រូវការចាំបាច់ និងបន្ទាន់បំផុត ។
ឯកឧត្តម នាយឧត្តមសេនីយ៍រដ្ឋលេខាធិ ការក្រសួងការពារជាតិបន្តថា យើងត្រូវចេះជួយគ្នាក្នុងគ្រាក្រលំបាកព្រមទាំងបណ្តាកម្លាំងផ្សេងៗ សហការចុះជួយប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹក។ សម្តេចតេជោបានលើកឡើងថានេះជាបញ្ហាធំណាស់អត់ទឹក៣ថ្ងៃមនុស្សអាចស្លាប់។ ប៉ុន្មានថ្ងៃនេះដោយសារ អាកាសធាតុក្តៅខ្លាំងខុសប្លែកពីធម្មតានៅតំបន់អាស៊ីដូចជា ឥណ្ឌាជាដើមធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ ដោយសាររលកកម្តៅ។
ទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដោយប្រមូលផ្តុំចាត់តាំងកម្លាំងជំនាញពិសេសក្រសួងធនធានទឹកស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធចូលរួមយ៉ាងសកម្មជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតទឹកឲ្យទទួលបានទឹកប្រើប្រាស់ចៀសវាងគ្រោះថ្នាក់ដោយសារខ្វះ ខាតទឹកទទួលទាន ៕