នៅទីស្តីការក្រសួងការពារជាតិនារសៀលថ្ងៃទី១៧ ឆ្នាំ២០១៦ ក្រុមលេខាធិការគណកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ បានរៀបចំកិច្ចប្រជុំទូទៅមួយដើម្បីត្រៀមលក្ខណៈទៅចូលរួមក្នុងកិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ លើកទី១១ ដែលប្រទេសថៃត្រូវធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៦ នេះដែលកិច្ចប្រជុំនេះត្រូវប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាក្រសួងការពារជាតិ និងជាប្រធានក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ GBC បានរាយការណ៍អំពីលទ្ធផលការងារដែលក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ បានជួបប្រជុំជាមួយគ្នានៅទីក្រុងបាងកកក្នុងខែមករា ឆ្នាំ២០១៦ កន្លងមកក្នុងការរៀបចំឯកសារខ្លឹមសារផ្សេងៗដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា ថៃ ធ្វើការប្រជុំពិនិត្យ សម្រេចដែលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។
ឯកឧត្តម នាង ផាត បានបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំក្រុុមលេខា GBC កន្លងមកភាគីទាំងពីរកម្ពុជា ថៃ បានធ្វើការពិភាក្សា និងឯកភាពគ្នាលើឯកសារចំនួន៥ រួមមានរបៀបវារៈលើកិច្ចប្រជុំទី២បញ្ហាពិភាក្សានៃកិច្ចប្រជុំដែលក្នុងនោះលើកយកប្រធានបទចំនួនពីរដែលមាន១៧ចំណុចមកធ្វើការពិភាក្សាក្នុងកិច្ចប្រជុំ GBC លើកទី១១នេះដែលក្នុងនោះប្រធានបទទី១ទាក់ទងនឹងបញ្ហាសន្តិសុខ និងការថែរក្សាសន្តិភាពនៅតំបន់ព្រំដែន ដែលនៅក្នុងប្រធានបទនេះ ផ្តល់ឱកាសឲ្យភាគីទាំងពីរធ្វើការពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាសំខាន់ៗសំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនៅក្នុងបរិបទនៃការលើកកម្ពស់ សន្តិភាព សន្តិសុខ និង វិបុលភាពនៅតាមតំបន់ព្រំដែន ។ ចំណែកឯប្រធានបទទីពីរ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ហើយនៅក្នុងប្រធានបទនេះមានទិសដៅគាំទ្រនិងជម្រុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងធនធានមនុស្សនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ដល់ការ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នៅក្នុងឱកាសនោះឯកឧត្តមជាសមាជិកនៃអង្គប្រជុំក៏បានចូលរួមពិភាក្សាផ្តល់យោបល់ដើម្បីត្រៀមលក្ខណៈទៅចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ លើកទី១១ នៅប្រទេសថៃឲ្យសម្រេចបានលទ្ធផលល្អនាំមកនូវផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា ថៃ ។ ថ្លៃងក្នុងពិធីបូកសរុបកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ទៀ បាញ់ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារលេខាធិការគណៈកម្មាធិការព្រំដែន GBC ដែលបានខិតខំបំពេញការងារសហការបានល្អជាមួយភាគីថៃធ្វើឲ្យមានភាពងាយស្រួល ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ថា៖ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ GBC គឺជា គណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការជាច្រើនទៀតរវាងកម្ពុជា ថៃ ដែលមាន រដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើជាប្រធានមានតួនាទីជម្រុញនិងគាំទ្រឲ្យផ្នែកនីមួយៗធ្វើការទៅបានល្អពីព្រោះថាGBCធ្វើការបានល្អឆាប់រហ័សនិងឯកភាពគ្នា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំ GBC លើកនេះមានភាពងាយស្រួលដោយសារគណៈរដ្ឋមន្ត្រីប្រទេសទាំងពីរ កម្ពុជា ថៃ ទើបតែប្រជុំចប់ ដែលបានបញ្ជាក់ច្បាស់និងចង្អុលទិសឲ្យគ្រប់ជំនាញទាំងអស់បន្តការសហការគ្នាដោះស្រាយបញ្ហាផ្សេងៗដើម្បីនាំមកនូវផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ៕