ព័ត៌មាន

នាយ​ឧត្តមសេនីយ៍​ ទៀ​​ សីហា ​ប្រកាស​តែង​តាំង​មុខ​តំណែង​សាកល​វិទ្យា​ធិការ​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
808
3193 នាយ​ឧត្តមសេនីយ៍​ ទៀ​​ សីហា ​ប្រកាស​តែង​តាំង​មុខ​តំណែង​សាកល​វិទ្យា​ធិការ​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​

       នាយ​ឧត្តម​សេនីយ៍ ទៀ​ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​នៅ​ព្រឹកថ្ងៃទី​២០ ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ​បាន​អញ្ជើញ​អធិបតី ​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ មុខ​តំ​ណែង​នាយ​ទាហាន​ នៃ​ខ.ភ.ម​ និង​សម្ពោធ​សមិទ្ធផល​នានា ​នៅ​សាកលវិទ្យាល័យ​ការ​ពារ​ជាតិ ​(ឬស្សីកែវ)​។ ពិធី​នេះបាន​ធ្វើ​ឡើង ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ផង​ដែរពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ​ ថ្នាក់​ដឹក​នាំ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​ព្រម​ទាំង​នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទាហាន ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ។​

       នាយ​ឧត្តម​សេនីយ៍ ​សាស្ត្រា​ចារ្យ​ ជា តារា ​សាកល​វិទ្យាធិការ នៃ​សាកល​វិទ្យាល័យ​ការពារ​ជាតិ ​បាន​មានប្រសាសន៍​ថា៖ ​ នៅ​មុនថ្ងៃ​ទី១២​ ខែ​មីនា ​ឆ្នាំ​២០១៨ លោក​ជា​ អគ្គ​មេ​បញ្ជាការ​រង​ ខ.ភ.ម,​ នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ចូល​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​ថៃ ​នៅតំ​បន់​ប្រាសាទ​ព្រះវិហារ​ ឆ្នាំ​២០០៨​ ពេល​នោះ​លោក​បាន​ទទួល​ជាមេ​បញ្ជាការ​ប្រចាំ​សមរភូមិ​ទី​១​ ទិស​ប្រាសាទ​ព្រះ​វិហារ​ ក្រោយ​មកបាន​ទទួល​មុខ​តំ​ណែង ​ជា​សាកល​វិទ្យាធិការ​ នៃ​សាកល​វិទ្យាល័យ​ការពារ​ជាតិ ​រហូត​ដល់​បច្ចុប្បន្ន​។ ឯកឧត្តម​បាន​​ឲ្យដឹង​ថា​ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ​ សាកលវិ​ទ្យាល័​យការពារ​ជាតិ ​មានកា​រប្រែ​ប្រួល​មុខ​មាត់​ថ្មីយ៉ាង​ច្រើន ​ទាំងនៅ​លើការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​ក្នុង​ជួរ​ខ.ភ.ម​ និង​ការក​សាង​អភិវឌ្ឍន៍ ហេដ្ឋាន​រចនា​សម្ព័ន្ធ​ ក្នុង​នោះ ​បាន​សាង​សង់​អគារ​សាលសហសិក្សា​ថ្មី១​ខ្នង​ ដែល​មាន​ចំណុះ ​៣ពា​ន់ ​៥០០​នាក់ ​និង​អគារ​សិក្សា ​អគារប​ម្រើ​ការ​ងារ ​បណ្ណា​ល័យ ​និង​អគារស្នាក់​នៅ​ជា​ច្រើន​ខ្នង ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត,​ សម្តេច​ធិបតី ​ហ៊ុន ​ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត​ ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ​រដ្ឋសភា ​ព្រឹទ្ធសភា​ ក្រសួង​ការពារ​ជាតិ ​អគ្គ​បញ្ជាការ ​ខ.ភ.ម​ សប្បុរស​ជន​ និង​បណ្តា​ប្រទេស​ជា​មិត្តជា​ច្រើន​ទៀត។

       ក្នុង​ព្រះរាជ​ក្រឹត្រ​តែង​តាំង​មុខ​តំណែង​ នាយ​ទាហាន​នៃ ខ.ភ.ម របស់ព្រះមហាក្សត្រ ដែល​អាន​ដោយ ​នាយ​ឧត្តម​សេនីយ៍ ​មាស ​សំអុល អ​គ្គនាយក​រង ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​និងជា​នាយក​ នាយក​ដ្ឋាន​បុគ្គលិក ​ក្រសួង​ការពារ​ជាតិ ​បាន​ប្រកាស ​ឧត្តម​សេនីយ៍​ឯក ​ដោក សុផា សាកល​វិទ្យាធិការ​រង ​និង​ជា​នាយក ​មហា​វិទ្យាល័យ​ វិទ្យាសាស្ត្រ​សង្គម​ និង​ភាសា ​បច្ចុប្បន្ន​ទទួល​មុខ​តំណែង​ជា​សាកល​វិទ្យា​ធិការ ​នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​ហើយ​នាយ​ឧត្តម​សេនីយ៍​ ជា តារា​ ត្រូវ​បាន​តែង​តាំង​តម្លើង​ជា​រដ្ឋលេខា​ធិការ​ នៃ​ក្រសួង​ការពារ​ជាតិ​។​

        ក្នុង​ឱកាស​ទទួល​តំណែង​ថ្មី​នេះ ​ឧត្តម​សេនីយ៍​ឯក​ ដោក សុផា បាន​ប្ដេជ្ញាចិត្តបន្ត​ខិត​ខំ​ពង្រឹង​ចំណេះ​ដឹង ​ក្នុង​វិស័យ​ការពារ​ជាតិ ​ឱ្យកាន់​តែ​មាន​ការ​រីក​ចម្រើន​ ក៏​ដូច​ជា​ការប្ដេជ្ញា​ប្រឹង​ប្រែង ​អនុវត្តន៍​គោល​នយោ​បាយ​រាជ​រដ្ឋាភិបាល ​ក្នុង​អាណត្តិ​ទី៧ ​ក្រោម​ការដឹក​នាំ​របស់​សម្តេច​ធិបតី ​ហ៊ុន ​ម៉ាណែត ​ឱ្យកាន់តែ​ល្អ​ប្រសើរ​។

        នា​ឱកាសនោះ​ដែរ ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា​ បាន​កោត​សរសើរ និង​ថ្លែង​អំណរ​គុណ​ ចំពោះ​​ នាយ​ឧត្តម​សេនីយ៍​ ជា ​តារា ​អតីត​សាកល​វិទ្យាធិការ​ នៃ​សាកល​វិទ្យាល័យ​ការពារ​ជាតិ​ នា​ពេល​កន្លង​មក​នេះ​ បាន​ខិត​ខំប្រឹង​ប្រែង​អនុវត្ត​បណ្តុះ​បណ្តាល ​ធន​ធាន​មនុស្ស​លើ​វិស័យ​ការពារ​ជាតិ ​ដោយ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹក​នាំ​របស់​សម្ដេច​តេជោ ​ហ៊ុន ​សែន អ​តីត​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។ ឯកឧត្តម​ រដ្ឋមន្ត្រី​ការពារ​ជាតិ ​បាន​សម្តែង​នូវ​ការកោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​យោធា​ចារ្យ​ និង​សាស្ត្រា​ចារ្យ ​បុគ្គលិក​សិក្សា ​និង​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន ​សាកល​វិទ្យាល័យ​ការពារ​ជាតិ ​ដែល​ពេល​កន្លង​មក​នេះ ​បាន​ខិតខំ​ប្រឹង​ប្រែង​​ប្រមូល​ផ្ដុំនូវ​ឆន្ទៈ​ស្មារតី​ នៅ​លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដល់​ជួរ​ខ.ភ.ម​ ឱ្យ​ទាន់​សភាព​ការណ៍​ នៃ​សកល​លោក ​ព្រោះ​បច្ចុប្បន្ន​ មាន​ទំនើប​កម្ម​ច្រើន​នៅលើ​ពិភព​លោក ដូច​ជា​បច្ចេក​វិទ្យាថ្មី យុទ្ធោ​បករណ៍ ​សព្វាវុធ​ជា​ដើម ​គឺ​ត្រូវ​តាម​ឱ្យទាន់ ​ដើម្បី​ធ្វើយ៉ាង​ណា បញ្ចេញ​ជា​មេរៀន​ថ្មីៗ​ ជូនទៅ​ដល់​សិក្ខាកាម​ ឱ្យបាន​ជ្រាប ​និង​តាម​ដានជា​ប្រចាំ​នូវ​ព័ត៌មាន​ទាំង​អស់នោះ​។​

        ឧបនាយក​រដ្ឋ​មន្ត្រី ​ទៀ ​សីហា បាន​ជំរុញឱ្យ​សាកល​វិទ្យាធិការ​ថ្មី ​នៃ​សកល​វិទ្យាល័យ​ការពារ​ជាតិ ​ត្រូវ​ពង្រឹង​សាមគ្គីភា​ព​ ពង្រឹង​ការ​បណ្ដុះ​បណ្ដាល​ដល់​សិក្ខា​កាម ​ឱ្យមា​ន​ប្រសិទ្ធ​ភាព ​ដើម្បីចូល​រួម​ការពារ​សុខ​សន្តិភាព ​បូរណ​ភាពទឹក​ដី ​ការ​ពារ​ព្រះ​មហាក្សត្រ រ​ដ្ឋ​ធម្មនុញ្ញ​ រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​របស់​ប្រជា​ពល​រដ្ឋ។​ នាយ​ឧត្តមសេនីយ៍​ ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ក៏​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​យោធាចារ្យ​ និង​សាស្ត្រា​ចារ្យ​ បង្រៀន​នៅ​សាកល​វិទ្យាល័យ​ការពារ​ជាតិ ​ត្រូវ​ស្រាវ​ជ្រាវ​រក​កម្មវិ​ធី​សិក្សា​ថ្មី​បន្ថែម​ទៀត ​បង្រៀន​ទៅសិក្ខា​កាម ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​ទំនប់​កម្ម ​នៃ​វិស័យ​កង​ទ័ព​នៅ​លើ​ពិភព​លោក​។​

        ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ក៏​បាន​លើក​ពី​ស្ថាន​ភាព​សន្តិសុខ​ក្នុង​តំបន់​ និង​ពិភព​លោក​កំពុង​ប្រឈម​នឹង​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ នៃ​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី ​និង​បញ្ហា​សន្តិសុខ​ប្រពៃណី​ ដែល​បង្កើត​ជា​ផល​ប៉ះពាល់​ជា​បន្ត​បន្ទាប់​ បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សកល​។ តួ​យ៉ាង​បញ្ហា​សន្តិសុខ​បង្ក​មក​ពី​ជំងឺ​កូវីដ​១៩ ​អំពើភា​រវកម្ម​ បញ្ហា​សន្តិសុខ​បច្ចេក​វិទ្យា​ បម្រែ​បម្រួ​លអាកាស​ធាតុ ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច បរិស្ថាន និងសង្គម​កិច្ច កាន់​តែ​ខ្លាំង​ក្លា។ មួយ​វិញទៀត​ឥទ្ធិពលការ​ផ្ទុះឡើង​ និង​បន្ត​អូស​បន្លាយ​សង្គ្រាម​រុស្ស៊ី ​និង​អ៊ុយ​ក្រែន​ សង្គ្រាម​អ៊ីស្រាអែល​ និង​ហាម៉ាស់ ​ឥទ្ធពល​ភូមិសាស្ត្រ​នយោបាយ​ និង​សង្គ្រាម​ពាណិជ្ជកម្ម​ និង​បច្ចេក​វិទ្យា​ សុទ្ធ​សឹង​តែ​ធ្វើ​ឱ្យប៉ះពាល់​ដល់​ការ​ងើប​ឡើង ​នៃ​សេដ្ឋ​កិច្ច​ ៕